ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ រយៈពេល ២​ថ្ងៃ នៅតាម​ទីតាំង​បញ្ចាំ មួយចំនួន ក្នុង​តំបន់​ឃ្លាំង​រំសេវ ក្នុង​ខណ្ឌទួលគោក មកដល់ពេលនេះ អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស ប្រាំ​នាក់ និង​ដកហូត​ម៉ូតូ​ជាង ២០០ គ្រឿង យកទៅ​រក្សាទុក និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ យក​ឯកសារ​ទៅ​ផ្ទៀងផ្ទាត់ ដើម្បី​យក​ម៉ូតូ ត្រឡប់​ទៅវិញ​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថាៈ នៅវេលា​ម៉ោង ២ រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក បានសម្រេច​ចុះ​ដកហូត​ម៉ូតូ សរុប​ចំនួន ២២២ គ្រឿង ចេញពី​ឃ្លាំង​ចំនួន​៣ ដែល​មិនមាន​ច្បាប់ និង​យីហោ​ត្រឹមត្រូវ យកទៅ​រក្សាទុក នៅ​ឃ្លាំង​ក្នុង​តំបន់ OCIC ជ្រោយចង្វារ ជា​បណ្ដោះអាសន្ន និង​អំពាវនាវ​ឱ្យ ប្រជាពលរដ្ឋ ដែល​ធ្លាប់​បាត់​ម៉ូតូ កន្លងមក យ​កក​ឯកសារ​ទៅ​ផ្ទៀងផ្ទាត់ ដើម្បី​យក​ម៉ូតូ ត្រឡប់​ទៅវិញ​។​

​រយៈពេល ២​ថ្ងៃ​មកនេះ លោក ឃ្លាំង ហួត អភិបាលរង រាជធានី​ភ្នំពេញ និង​មាន ការសម្របសម្រួល​ដោយ​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​កងកម្លាំង​ចម្រុះ​ជាច្រើន បាន​ចុះទៅ​ត្រួតពិនិត្យ ទីតាំង​ឃ្លាំង​បញ្ចាំ ស្ថិតនៅ​ភូមិ​៣ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ដែលមាន​ចំនួន ប្រមាណ ៦០ ទីតាំង ប៉ុន្តែ ២​ថ្ងៃ​មកនេះ កម្លាំង​អាជ្ញាធរ បាន​ចុះ​ត្រួតពិនិត្យបាន​ចំនួន ១១ ទីតាំង ដោយ​រកឃើញ​ទីតាំង ដែល​មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ចំនួន ៣ ទីតាំង ។​

​លោក​វរសេនីយ៍ឯក សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ទួលគោក បានឱ្យដឹងថាៈ ក្នុង​រង្វង់​ប្រតិបត្តិការ រយៈពេល ២​ថ្ងៃ​មកនេះ កម្លាំង​អាជ្ញាធរ បាន​នាំខ្លួន​ម្ចាស់​ទីតាំង ចំនួន ប្រាំ​នាក់ យកទៅ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ និង​រង់ចាំ​កម្លាំង គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​តំណាង​អយ្យការ ធ្វើការ​ត្រួតពិនិត្យ ទៅលើ​ម៉ូតូ នៅក្នុង​ឃ្លាំង​របស់​ម្ចាស់​នីមួយៗ នាពេល​ក្រោយ​៕ V / N