​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​កញ្ញា​ថា មនុស្ស​ពីរ​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់ ហើយ​ពីរ​នាក់​ទៀត​មិន​ត្រូវបាន​រកឃើញ​”​សញ្ញា​មាន​​ជីវិត​” បន្ទាប់​ពី​ព្យុះ​ទី​ហ្វុង​ណាន​ម៉ាដូល (Nanmadol) បាន​បោកបក់​ចូល​ប្រទេស​ជប៉ុន​កាលពី​ចុង​សប្តាហ៍​។​

​ប្រព័ន្ធ​ព្យុះ​នេះ​បាន​បោកបក់​ចូល​ទីក្រុង​កាហ្គោ​ស៊ីម៉ា​(Kagoshima) ភាគ​និរតី​កាលពី​យប់​ថ្ងៃអាទិត្យ ហើយ​បាន​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំងក្លា​ពាសពេញ​តំបន់​គ្យូស៊ូ (Kyushu)​មុន​ពេល​ផ្លាស់​ទី​តាម​​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ ព្យុះ​នេះ​ត្រូវ​បាន​បន្ទាបមក​ជា​ព្យុះ​ស៊ីក្លូន​ក្រៅ​ត្រូពិច ខណៈ​វា​បាន​ឆ្លងទៅ​ឆ្នេរសមុទ្រ​ភាគ​ឦសាន និង​ឆ្ពោះទៅ​សមុទ្រ​។​

​ព្យុះ​នេះ​បាន​បំផ្លាញ​ដើមឈើ វាយកម្ទេច​បង្អួច និង​នាំមក​នូវ​ទឹកភ្លៀង​ពេញ​មួយខែ (១០០០​មិល្លីម៉ែត្រ​) ក្នុង​រយៈពេល ២៤ ម៉ោង​លើ​ផ្នែក​ខ្លះ​នៃ​ខេត្ត​មី​យ៉ា​ហ្សា​គិ (Miyazaki)​ជា​កន្លែង​ដែល​អ្នក​ស្លាប់​​ពីរ​នាក់​ត្រូវ​បាន​បញ្ជាក់​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ហ៊ី​រ៉ូ​ហ្សា​គូ ម៉ាត់​ស៊ូ​ណូ (Hirozaku Matsuno) បាន​និយាយថា មនុស្ស​ពីរ​នាក់​ទៀត​មិន​ត្រូវបាន​រកឃើញ “​សញ្ញា​នៅរស់​ទេ​”​ជា​ពាក្យ​ដែល​តែង​ប្រើ​នៅក្នុង​ប្រទេស​​ជប៉ុន​មុន​ពេល​មរណភាព​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​គ្រូពេទ្យ​។​

​លោក​និយាយថា អាជ្ញាធរ​ក៏​កំពុង​តាមរក​មនុស្ស​ម្នាក់​ដែល​គេ​រាយការណ៍​ថា​បាត់​ខ្លួន​ផងដែរ​។​

​យ៉ាងហោច​ណាស់​មនុស្ស ១១៤ នាក់​បាន​រងរបួស ក្នុងនោះ​មាន ១៤ នាក់​របួសធ្ងន់​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ ផ្ទះ​ប្រហែល ១៤០.០០០ ខ្នង​នៅតែ​គ្មាន​ថាមពល​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​គឺ​នៅ​តំបន់​ឃ្យូស៊ូ​។​

​បច្ចុប្បន្ន​ជប៉ុន​កំពុង​ស្ថិត​ក្នុង​រដូវ​ព្យុះ​ទី​ហ្វុង​របស់ខ្លួន ហើយ​ប្រឈមមុខ​នឹង​ព្យុះ​បែប​នេះ​ប្រហែល ២០ ក្នុង​មួយឆ្នាំ​។​

​អ្នកវិទ្យាសាស្ត្រ​និយាយថា ការប្រែប្រួល​អាកាសធាតុ​កំពុង​បង្កើន​ភាព​ធ្ងន់ធ្ងរ​នៃ​ព្យុះ និង​បណ្តាលឱ្យមាន​អាកាសធាតុ​ធ្ងន់ធ្ងរ​ដូចជា​រលក​កម្តៅ គ្រោះរាំងស្ងួត និង​ទឹកជំនន់​ភ្លាមៗ កាន់តែ​ញឹកញាប់ និង​ខ្លាំង​ជាង​មុន​៕

​យ៉ាងហោច​ណាស់​មនុស្ស ១១៤ នាក់​បាន​រងរបួស ក្នុងនោះ​មាន ១៤ នាក់​របួសធ្ងន់ ដោយសារ​ព្យុះ​ទី​ហ្វុង​ណាន​ម៉ាដូល​វាយ​ប្រទេស​ជប៉ុ​ន