ដោយៈ ប.ខុន / ភ្នំពេញៈ អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ក្នុងបរិវេណមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជា មួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងនៅក្នុងពិធី ខាងលើថាៈ សប្បុរសជន ជាតិ-អន្តរជាតិ បានបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដើម្បីសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ មួយខ្នង កម្ពស់មួយជាន់ មានទំហំ ៩០ គុណនឹង ៣០ ម៉ែត្រ គ្រឹះសសរបេតុង ដំបូលប្រកស័ង្កសី។ អគារនេះ ចាប់ផ្តើមសាងសង់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បញ្ចប់កាសាងសង់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ចំណាយថវិកា ១.៧៤២.៨៣០ ដុល្លារ បំពាក់ឧបករណ៍ សម្ភារ: និងបរិក្ខារពេទ្យ រួចរាល់។ ក្រៅពីនេះ រដ្ឋបាលខេត្ត បានសាងសង់អគារមន្ទីរពិសោធន៍ ១ខ្នង ទទឹង ១៥,៨ គុណនឹង ២៩ ម៉ែត្រ ចំណាយថវិកា ២៧០.០០០ ដុល្លារអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧបករណ៍វិភាគមេរោគកូវីដ-១៩ ជាជំនួយមនុស្សធម៌ រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងដំឡើងម៉ាស៊ីនផលិតអុកស៊ីសែន ផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែកខេត្ត និងរៀបចំ កន្លែងព្យាបាលដោយឡែក សម្រាប់ជនសង្ស័យ ដែលឆ្លងជំងឺកូវីដ-១៩ ផងដែរ។

ក្នុងឱកាសនោះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងកោតសរសើរ រដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំពុះពារគ្រប់ឧបស័គ្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ និងកសាងបានសមិទ្ធផលជាច្រើន ដើម្បីបម្រើតម្រូវការជាក់ស្តែងរបស់ ប្រជាជន។ ក្រៅពីហេដ្ឋរចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង សមិទ្ធផលសម្រាប់បម្រើវិស័យ សុខាភិបាលក្នុងខេត្ត ក៏មានត្រូវបានបង្កើតឡើងផងដែរ ដូចជា អគារតេជោព្យាបាល ជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ដែលនឹងត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ដើម្បីលើកស្ទួយសុខាមាលភាពប្រជាជន។

លោកស្រី កិត្តិសង្គហបណ្ឌិត បានបន្តទៀតថាៈ ក្រោមការដឹកនាំដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាថែរក្សាបាននូវសុខសន្តិភាព និងបានកសាងសមិទ្ធផល ជាច្រើន ដើម្បីឆ្លើយតបទៅនឹងសំណូមពរបងប្អូនប្រជាពលរដ្ឋ ដោយបានជំរុញ ការអភិវឌ្ឍទឹក ផ្លូវ ភ្លើង ព្រមៗគ្នា។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន គួរឱ្យមោទនភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងមានរូបសំណាកជាច្រើនទៀត ជាមោទនភាព ដែលយើងត្រូវចូលរួមថែរក្សា និងដឹងគុណដល់កូនខ្មែរយើង ដែលបានក៏សាងសមិទ្ធផល កើតឡើងនៅលើទឹកដីនៃខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងបានប្រសិទ្ធិនាមជា “តារារះនាទិសនារតី” រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី បានដាក់ ចេញនូវគោល នយោបាយគាំពារសង្គម និងការជួយសម្រួលដោះស្រាយការលំបាករបស់បងប្អូនកម្មករ និយោ ជិតដូចជាការតំឡើងប្រាក់ខែ ការផ្តល់ប្រាក់ឧបត្ថម្ភ ជូនកម្មការិនី ពេលឆ្លងទន្លេ និងឧបត្ថម្ភស្រ្តីមានផ្ទៃពោះ ការខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយជាតិគាំពាសង្គម តាមរយៈ បង្កើតបេឡាជាតិសន្តិសុខសង្គម ការជួយឧបត្ថម្ភដល់កម្មករ ការជួយឧបត្ថម្ភ ជួយដល់គ្រួសារក្រីក្រ រងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ឧបត្ថម្ភគ្រួសារក្រីក្រ។ ទន្ទឹមនោះ បានធ្វើការបញ្ចុះតម្លៃទឹក ភ្លើង និងការដំឡើងប្រាក់បៀវត្ស ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើឱ្យមានជីវភាព កាន់តែល្អប្រសើរ៕/V