​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឆា​ឡើ​ម​ផុន ស្រ៊ី​សាវ៉ា​ត់​តិ៍ (Chalermphon Srisawasdi) អគ្គមេបញ្ជាការ នៃ​កង​ភូមិន្ទ​ថៃ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ ក្នុងឱកាស​នៃ​ដំណើរ​បំពេញ ទស្សនកិច្ច​ផ្លូវការ នៅ​រាជធានី​បាងកក រយៈពេល ២ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​។​

រូបថត (ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឆា​ឡើ​ម​ផុន ស្រ៊ី​សាវ៉ា​ត់​តិ៍ (Chalermphon Srisawasdi) អគ្គមេបញ្ជាការ នៃ​កង​ភូមិន្ទ​ថៃ )

​នៅក្នុង​ជំនួប នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ នៃ​កង​ភូមិន្ទ​ថៃ បាន​សម្តែង​នូវ ការស្វាគមន៍ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ មកកាន់​ព្រះរាជាណាចក្រ​ថៃ ជា​លើក​ទី​២ ដែល​ពិតជា​បាន​ឆ្លុះបញ្ចាំង អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​ជិតស្និទ្ធ រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ ព្រមជាមួយ​នឹង​ការ​អរគុណ ចំពោះ​ស្មារតី​នៃ​ការបន្ត​ថែរក្សា និង​លើកកម្ពស់​ការផ្សារភ្ជាប់ ទំនាក់ទំនង​ដ៏​មាន​សារៈសំខាន់​នេះ​។​

​ជាការ​ឆ្លើយតប ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ កិច្ច​ស្វាគមន៍​ដ៏​កក់ក្តៅ និង​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​ចំពោះ លោក អគ្គមេបញ្ជាការ ព្រមទាំង​យោធិន​នៃ​កង​ភូមិន្ទ​ថៃ ប្រកបដោយ​មនោសញ្ចេតនា ស្រឡាញ់​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​។​

​ក្នុងជំនួប​នេះ លោក មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ក៏បាន​ជម្រាបជូន អគ្គមេបញ្ជាការ នៃ​កង​ភូមិន្ទ​ថៃ អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៃ​ជំនួប​ពិភាក្សា​ការងារ ទ្វេភាគី​ជាមួយ​សម​ភាគី​មិត្ត​ថៃ ជាពិសេស​អំពី​សមិទ្ធផល​ជាក់ស្តែង​ជាច្រើន នៃ​ការអនុវត្ត “​លក្ខខណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​-ToR” រវាង​កងទ័ពជើងគោក​ទាំងពីរ និង​បាន​ស្នើសុំ​ការគាំទ្រ​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ នៃ​កង​ភូមិន្ទ​ថៃ លើ​ទិសដៅ​សហប្រតិបត្តិការ សម្រាប់​ពេលខាងមុខ ជាពិសេស​ការពង្រឹង​កិច្ច សហប្រតិបត្តិការ រវាង​បណ្តា​កងឯកភាព​ជួរមុខ ឱ្យបាន​ស្អិតរ​មួ​ត​បន្ថែមទៀត លើ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន​នានា ក៏ដូចជា​ការសហការ​ជួយ​គ្នា ទៅវិញទៅមក លើ​ការងារ​សង្គ្រោះ​គ្រោះមហន្តរាយ​នៅតាម​បណ្តោយ​ព្រំដែន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ នៃ​កង​ភូមិន្ទ​ថៃ បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ ទិសដៅ​សហប្រតិបត្តិ​ការបន្ត រវាង​កងទ័ពជើងគោក​ទាំងពីរ និង​បានបញ្ជាក់​ផងដែរ អំពី​ការគាំទ្រ​ចំពោះ​ការបំពេញ​តួនាទី ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា រួមទាំង​ដំណើរ ទស្សនកិច្ច​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រធាន​អាស៊ាន ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងពេល​កន្លងមក ដើម្បី​ស្វែងរក​ដំណោះស្រាយ ចំពោះ វិបត្តិ​នេះ ក៏ដូចជា​ការអបអរ​សាទរ ចំពោះ​ជោគជ័យ នៃ​កិច្ចប្រជុំ​អគ្គមេបញ្ជាការ កងទ័ព​អាស៊ាន លើក​ទី​១៩ (ACDFM-19) កាលពី​ខែមីនា ឆ្នាំ​២០២២ កន្លងទៅ ដែល​អាច​ដំណើរការ ក្នុង​ទម្រង់​ជួបប្រជុំ​ផ្ទាល់ ដោយយោង​ទៅលើ​ស្ថានភាព​ល្អប្រសើរ នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ក្រោម​ការដឹកនាំ​គ្រប់គ្រង​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​៕ V / N