ដោយៈ បូកគោ / កំពត​: នាឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ រដ្ឋបាល​ស្រុក​ទឹកឈូ បាន​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​រៀបចំ​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ទាំង​តាម​ទី​អារាម និង​រមណីយដ្ឋាន​នានា​។ ស្ទើរ​ពេញ​មួយ​រដូវ​បុណ្យកាន់បិណ្ឌ​នេះ ក្នុង​ដែនដី​ស្រុក​ទឹកឈូ ពុំមាន​ហេតុការណ៍ ឬ​បទល្មើស​ណាមួយ កើតឡើង គួរឱ្យកត់សម្គាល់​ឡើយ​។​

​លោក អ៊ឹម ច័ន្ទ​សោធន អភិបាលស្រុក​ទឹកឈូ បាន​មានប្រសាសន៍ថាៈ ទឹកឈូ ជា​ស្រុក​មួយ ដែល​ហ៊ុមព័ទ្ធ​ភូមិសាស្ត្រ​ក្រុង​កំពត មួយ​ភាគ​ធំ​។ ស្រុក​នេះ ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍ ដែលមាន​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បឹង​ហ្កា​ឡូ រី​ស៊​ត​ជាង ១០០ កន្លែង​។​

​លោក​អភិបាលស្រុក បាន​បន្តថាៈ អាជ្ញាធរ​ស្រុក តែង​យកចិត្តទុកដាក់​ក្នុង​កិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​សុវត្ថិភាព​ពលរដ្ឋ និង​ភ្ញៀវទេសចរ​។ ជាក់ស្តែង ស្ទើរ​ពេញ​មួយ​រដូវ​បុណ្យកាន់បិណ្ឌ​នេះ នៅ​ទូទាំង​ស្រុក មិនមាន​ហេតុការណ៍ ឬ​បទល្មើស​ណាមួយ កើតឡើង គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ ម្យ៉ាងទៀត សម្រាប់​ឱកាស បុណ្យ​ភ្ជុំបិណ្ឌ​នេះ រដ្ឋបាលខេត្ត បាន​ត្រៀម​រួចជាស្រេច ក្នុងការ​បង្កើន​កិច្ចការពារ ក៏ដូចជា​ធានា​ក្តី​សុខសាន្ត ជូន​ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងឡាយ ដែលមាន​វត្តមាន នៅ​គ្រប់​វត្ត​អារាម និង​ទី​សម្រាកលម្ហែ​កម្សាន្ត​នានា​។​

​លោក អ៊ឹម ច័ន្ទ​សោធន បានបញ្ជាក់​ថាៈ នៅ​បណ្តា​រមណីយដ្ឋាន និង​តាម​ទីសាធារណៈ ពិសេស​លើ​ដងផ្លូវ​សំខាន់ៗ ក្នុង​ដែនដី​ស្រុក​ទឹកឈូ មាន​ក្រុមការងារ ចុះ​អប់រំ អំពី​ការសម្អាត​អនាម័យ​បរិស្ថាន ការ​ទុកដាក់ និង​ប្រមូល​សំរាម ព្រមទាំង​ជំរុញ ដល់​អ្នកផ្តល់​សេវា​ទេសចរណ៍​ទាំងអស់ បន្ត​អនុវត្ត​វិធាន​សុខាភិបាល ធ្វើយ៉ាងណា រក្សាបាន​សុវត្ថិភាព និង​ភាពសប្បាយ​រីករាយ ជូន​ប្រជាពលរដ្ឋ សម្រាប់​ឱ​បុណ្យ ភ្ជុំបិណ្ឌ​នេះ​។​

​សូមបញ្ជាក់ថា តំបន់​រមណីយដ្ឋាន​សំខាន់ៗ ក្នុងស្រុក​ទឹកឈូ រួមមាន​រមណីយដ្ឋាន ក​សិ​-​ទេសចរណ៍ តំបន់​ទំ​បន់​ប្រទាក់ក្រឡា រមណីយដ្ឋាន​តំបន់​ទឹកឈូ តំបន់​ទេសចរណ៍ធម្មជាតិ​សហគមន៍​ត្រពាំង​សង្កែ សហគមន៍​កំពង់​សាមគ្គី វាលស្រែ​អំបិល និង​ឆ្នេរ​ខ្សាច់ តំបន់​កោះ​ស្មៅ​ជាដើម​៕ V / N