​ដោយ​៖ វ៉ៃ​កូ​/​ស្វាយរៀង​៖ ដោយ​មើលឃើញ​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ផ្លូវលំ​មួយ​ខ្សែ​ដែល​ឆ្លងកាត់​ចំនួន​បួន​ភូមិ គឺ​ភូមិ​សែន ត ភូមិ​គោគ​តែ​ក ភូមិ​ចន្ទ្រា និង​ភូមិ​តែង​ម៉ៅ ស្ថិត ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ប្រវែង​ជិត ៥.០០០​ម៉ែត្រ ទទឹង​ប្រវែង​៥​ម៉ែត្រ ត្រូវបាន​ជួសជុល និង​ពង្រីក​ក្រាល​ថ្ម​មិច​ឡើងវិញ ដើម្បី​ងាយស្រួល​ធ្វើដំណើរ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដែល​ថវិកា​ក្នុងការ​ជួសជុល​នោះ ជា​ថវិកា​លទ្ធកម្ម​នៅតាម​ឃុំ​នីមួយៗ​។​

​នា​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២​នេះ លោក ថន ថា​វុ​ទ្ធា អភិបាលស្រុក​ចន្ទ្រា​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល និង​បញ្ជា​គ្រឿងចក្រ ដើម្បី​ឈូសឆាយ​ចាក់​ថ្ម​មិច​ធ្វើការ​ជួសជុល និង​ពង្រីក​ផ្លូវ​អោយ​ធំ​ជាង​មុន​។

​លោក​អភិបាលស្រុក​បាន​មានប្រសាសន៍​ឲ្យ​ដឹងថាៈ​នាពេល​បច្ចុប្បន្ន ផ្លូវ​មួយ​នេះ​មាន​សភាព​តូចចង្អៀត និង​ខូចខាត​ច្រើន ហើយ​នៅ​រដូវវស្សា​នេះ​ស្ថានភាព​ផ្លូវ គឺមាន​ទឹក​ដក់ និង​រអិល ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​។

​លោក​បាន​សំណូមពរ និង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​អ្នក​ដែល​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់ សូម​ចូលរួម​ថែទាំ​ផ្លូវថ្នល់ ដែល​បានធ្វើ​រួចហើយ​ត្រូវ​គិតថា​ផ្លូវ​ជា​សម្បត្តិ​រួម ដើម្បី​ប្រើប្រាស់​បានយូរ​អង្វែង​ទៅ​ថ្ងៃក្រោយ ព្រមទាំង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផងដែរ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​។

​លោក​អភិបាលស្រុក ក៏បាន​អំពាវនាវ​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ ដែល​រង​ផលប៉ះពាល់ សូមជួយ​សម្រួល​ដល់​អាជ្ញាធរ​ក្នុងការ​ជួសជុល​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ​ផងដែរ​៕​