ចិន​ដាក់​កំហិត​លើ “​ប្រាក់កម្រៃ​” របស់​តារាៗ​ជុំវិញ​ការ​គេចវេះ​ពន្ធ​

1347
ចែករម្លែក

​អាជ្ញាធរ​ចិន​បាន​និយាយថា ពួកគេ​នឹងដាក់​កំហិត​លើ​ប្រាក់កម្រៃ​របស់​ពួក​តារា​សម្តែង ជា​ផ្នែក​មួយ​នៃ​ចំណាត់ការ​ដើម្បី​បង្ក្រាប​ការ​គេចវេះ​ពន្ធ និង “​ការយក​លុយ​ជាធំ​” នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​។​

​តួ​សម្តែង​ក្នុង​ខ្សែភាពយន្ត​និង​កម្មវិធី​ទូរទស្សន៍​ចិន​នឹងត្រូវ​កំណត់ឱ្យ​ទទួល​ប្រាក់កម្រៃ​ត្រឹម ៤០ ភាគរយ​នៃ​ការចំណាយ​ផលិត​សរុប​តែប៉ុណ្ណោះ​។​

​រដ្ឋាភិបាល​បាន​និយាយថា ទន្ទឹមនឹង​នេះដែរ​តួឯក​នីមួយៗ​មិនអាច​ទទួលបាន​ប្រាក់កម្រៃ​លើសពី ៧០ ភាគរយ​នៃ​ប្រាក់កម្រៃ​ពី​ការសម្តែង​សរុប​នោះឡើយ​។​

​ការដាក់កំហិត​លើ​ប្រាក់កម្រៃ​នេះ​កើតឡើង​បន្ទាប់ពី​មានការ​ជជែក​វែកញែក​អំពី​ប្រាក់កម្រៃ​របស់​តារា​ល្បីៗ និង​ការចោទប្រកាន់​អំពី​ការ​គេចវេះ​ពន្ធ​នៅក្នុង​ឧស្សាហកម្ម​ភាពយន្ត​។​

​ហេតុអ្វី​បានជា​រឿងនេះ​កើតឡើង​នៅពេលនេះ​?

​ការប្រកាស​ជា​ផ្លូវការ​នេះ​គឺ​ចេញ​មកពី​សេចក្តីថ្លែងការណ៍​រួមមួយ (​ជា​ភាសា​ចិន​) ពី​ទីភ្នាក់ងារ​រដ្ឋាភិបាល​ចំនួន ៥ រួមមាន​នាយកដ្ឋាន​ឃោសនាការ ក្រសួង​វប្បធម៌​និង​ទេសចរណ៍ និង វិទ្យុ ទូរទស្សន៍ និង​និយតករ​ខ្សែភាពយន្ត កាលពី​ថ្ងៃ​ពុធ ទី​២៧​មិថុនា​។​

​គេ​មិនបាន​បញ្ជាក់​ពី​មូល​ហេតុដែល​រដ្ឋាភិបាល​កំពុង​បង្ក្រាប​លើ​ប្រាក់កម្រៃ​របស់​តារា​ល្បីៗ​នោះទេ ប៉ុន្តែ​បាន​និយាយថា​គេ​ចាំបាច់​ត្រូវ​ដោះស្រាយ​ជាមួយ “​ប្រាក់ខែ​ខ្ពស់កប់ពពក​” សម្រាប់​តារា​សម្តែង “​កិច្ចសន្យា​លួចលាក់​ខុសច្បាប់​” និង “​ការ​គេចវេះ​ពន្ធ​និង​បញ្ហា​ផ្សេងៗ​ទៀត​”​។​

​សេចក្តីប្រកាស​នោះបាន​បន្ថែមថា បញ្ហា​ទាំងនេះ​បាន “​បំផ្លាញ​សុខភាព​នៃ​ឧស្សាហកម្ម​ភាពយន្ត​និង​ទូរទស្សន៍​” និង បាន​នាំឱ្យមាន “​ការយក​លុយ​ជាធំ​”, “​ការស្វែងរក​តែ​តារា​ក្មេងៗ​” និង “​ការ​បន្ទាបបន្ថោក​តម្លៃ​សង្គម​” ដោយ​មិនបាន​ពន្យល់​លម្អិត​ថា​តើ​ការ​រឹតត្បិត​ប្រាក់កម្រៃ​តារាៗ​នឹងត្រូវ​អនុវត្ត​ដោយ​របៀប​ណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ប្រាក់កម្រៃ​របស់​តួឯក​ចិន​នឹងមិន​ផ្តល់ឱ្យ​លើសពី ៧០ ភាគរយ​នៃ​ប្រាក់កម្រៃ​សរុប​នោះឡើយ

ទីតាំងផ្សាយពាណិជ្ជកម្ម