​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ផ្អែក​តាម​ចំនួន​នៃ​អ្នក​មានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ ២០២១ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​ផលិត​លិខិតអញ្ជើញ​ជាង ៩​លាន ២​សែន​សន្លឹក ដើម្បី​ចែកជូន​ដល់​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ នៅតាម​ភូមិ ក្នុង​ឃុំ សង្កាត់ ទូទាំងប្រទេស​។ ការចែក​នេះ បានចាប់ផ្ដើម​ពីថ្ងៃ​ទី​២០ ខែកញ្ញា រហូតដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​។

​គ​.​ជ​.​ប បាន​ឲ្យ​ដឹងថាៈ យោងតាម​ប្រតិ​ទិននៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ដំណើរការ​នៃ​ការផ្ដល់​លិខិតអញ្ជើញ​ជូន​អ្នក​មានឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ នៅតាម​ភូមិ​ក្នុង​ឃុំ សង្កាត់ ទូទាំងប្រទេស បានចាប់ផ្ដើម​ហើយ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា​នេះ​។ ការចែក​លិខិតអញ្ជើញ​នេះ មាន​រយៈពេល ៣០​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ខែកញ្ញា រហូតដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២ ហើយ​ប្រសិនបើ​មាន​លិខិតអញ្ជើញ​នៅសល់ ត្រូវ​រក្សាទុក​នៅ​សាលាឃុំ សង្កាត់ ដើម្បី​ផ្ដល់​បន្ត រហូតដល់​ថ្ងៃ​បញ្ចប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​។ ផ្អែក​តាម​ចំនួន​នៃ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ គ​.​ជ​.​ប បាន​ផលិត​លិខិតអញ្ជើញ ចំនួន ៩.២០៥.៦៨១ សន្លឹក ដើម្បី​ចែកជូន​ដល់​អ្នកបោះឆ្នោត​។

​គ​.​ជ​.​ប បានបញ្ជាក់​ថាៈ គោលបំណង​នៃ​ការផ្ដល់​លិខិតអញ្ជើញ​នេះ គឺ​ដើម្បី​ជម្រាបជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដូចខាងក្រោម​៖
– ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ ហើយ​ដែល​បាន​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ដែល​អស់​សុពលភាព ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត (​ឯ​.​អ​) កន្លងមក ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​មក​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​តាម អ​.​ខ ដែលមាន​សុពលភាព​ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ។​
– ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០២១ ហើយ​ដែល​បាន​ប្រើ អ​.​ខ ដែលមាន​សុពលភាព​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត​កន្លងមក ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ទិន្នន័យ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត​។ ប្រសិនបើ​ពិនិត្យឃើញថា​មានការ​កត់ត្រា​មិនបាន​ត្រឹមត្រូវ​តាម អ​.​ខ ដែលមាន​សុពលភាព អាច​ស្នើសុំ​កែតម្រូវ​ក្នុងអំឡុងពេល​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​។

​គួរ​បញ្ជាក់ថា បើទោះបីជា​អ្នកបោះឆ្នោត​មិន​បានទទួល​លិខិតអញ្ជើញ​ដោយ​មូលហេតុ​ណាមួយ ឬ​អ្នកបោះឆ្នោត​ដែល​ទទួលបាន​លិខិតអញ្ជើញ​ហើយ ប៉ុន្តែ​ខកខាន​មិន​បានមក​ពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន​តាម​កា​រ​អញ្ជើញ ក៏​ឈ្មោះ​របស់​ពួកគាត់ នៅ​រក្សា​ដដែល​ក្នុង​បញ្ជី​បោះឆ្នោត​៕ V / N

រូបថតៈ អាជ្ញាធរផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស (រូបថតៈគជប)