ផ្ទុះ​ភ្នំភ្លើង​នៅ​កោះ​បាលី​ឥណ្ឌូនេស៊ី បណ្តាលអោយ​បញ្ឈប់​ការហោះហើរ​មួយចំនួន​

1085
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា ជើងហោះហើរ​នៃ​យន្តហោះ​ជាច្រើន​ត្រូវបាន​លុបចោល​ឬ រៀបចំ​គម្រោង​ហោះហើរ​ឡើងវិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មិថុនា នៅពេលដែល​​ភ្នំភ្លើង​មួយ​បាន​ផ្ទុះ​នៅលើ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​ដោយបាន​ព្រួស​ផេះ​និង​ចេញ​ផ្សែង​យ៉ាងតិចណាស់​២​គីឡូម៉ែត្រ​ទៅលើ​អាកាស​។​

​អាកាសយានដ្ឋាន​កោះ​បាលី បាន​កំពុងបើក​ដំណើរការ​ជាធម្មតា ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​និយាយថា​ពួកគេ​បាន​លុប​ជើងហោះហើរ​ជាច្រើន​​ទៅ​និង​មកពី​កោះ​ទេសចរណ៍​នេះ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​AirAsia បាន​និយាយថា “​ការផ្ទុះ​ភ្នំភ្លើង​Agung បាន​បង្ក​ផលប៉ះពាល់​ដល់​ជើងហោះហើរ​មួយចំនួន​របស់​យើង​ទៅ​និង​មក ពី​កោះ​បាលី ” ដោយបាន​បន្ថែមថា ជើងហោះហើរ​យ៉ាងតិចណាស់​ចំនួន​២៧​ជើង ពី​ទីក្រុង​Kuala Lumpur សិង្ហ​បុរី ទីក្រុង​Perth ទីក្រុង​Jakarta ទីក្រុង​Surabaya និង ទីក្រុង​Manila
​ត្រូវបាន​លុបចោល ឬ រៀបចំ​គម្រោង​ហោះហើរ​ឡើងវិញ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​Jetstar និង ក្រុមហ៊ុន​អាកាសចរណ៍​Virgin Australia ក៏បាន​លុបចោល​ជើងហោះហើរ​មួយចំនួន​ផងដែរ​។ អ្នកដំណើរ​រាប់រយ​នាក់ ត្រូវបាន​រំពឹង​​ថា​នឹង​ទទួលរង​ផលប៉ះពាល់​។​

​ភ្នំ​Agung ដែលជា​ភ្នំភ្លើង​សកម្ម​នៅ​កោះ​បាលី ភាគ​ឦសាន​នេះ បាន​មាន​សកម្មភាព តាំងពី​ចុងឆ្នាំ​២០១៧ ៕


​ភ្នំភ្លើង​Agung បាន​ផ្ទុះឡើង កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម