ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ លោក ជា ពៅ​គ្រូបង្វឹក​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថាៈ នៅ​ខែតុលា ខាងមុខនេះ កម្ពុជា​នឹង​បញ្ជូន​កីឡាករ កីឡាការិនី ចំនួន​៥​រូប ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Davis Cup 2022 ( Group IV ) នៅ​ប្រទេស​បា​រ៉ែ​ន​។

​តាម​ការគ្រោងទុក ការចេញដំណើរ នៅ​ថ្ងៃទី​១២ ខែតុលា និង​ត្រឡប់មកវិញ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២​។

​លោក ជា ពៅ បាន​បន្តថាៈ ការចេញដំណើរ គឺ​នឹង​ទៅ​ឲ្យ​បាន​មុន​ការចាប់ផ្ដើម​កម្មវិធី​ប្រកួត​ពី ៣ ទៅ ៤​ថ្ងៃ ព្រោះ​ក្នុង​គោលបំណង​ហ្វឹកហាត់​នៅ​ទីនោះ ឲ្យ​បាន​សមជា​មួយ​អាកាសធាតុ និង​បាន​សម្រាក​គ្រប់គ្រាន់​។ ឆ្នាំនេះ កម្ពុជា គឺមាន​មហិច្ឆតា​ទៅ​ប្រកួត​ដណ្ដើមយក​ជ័យជម្នះ ធ្វើយ៉ាងណា​ឲ្យ​បាន​ឡើងមក​កាន់ Group III វិញ បន្ទាប់ពី​បាន​ធ្លាក់​ទៅ Group IV ។

​សូមបញ្ជាក់ថា កីឡា​វាយ​កូន​បាល់​កម្ពុជា​មិនដែល​បាន​ឡើងមក​លេង​នៅ​ក្រុម​២ ដែល​ជា​ក្រុម​សម្បូរ​ទៅដោយ​ប្រទេស​ខ្លាំងៗ​នោះទេ​។​កម្ពុជា ឈាន​ជើង​ចូល​លេង​ព្រឹត្តិការណ៍ Davis Cup គឺ​នៅ​វិលវល់​លេង​នៅ​ក្រុម​៣ និង​ក្រុម​៤​។

​សម្រាប់​ការចេញ​ទៅលើ​ក​នេះ កម្ពុជា ជឿថា នឹង​ទទួលបាន​លទ្ធផល​ល្អ​មិន​ខាន ហើយ កម្ពុ​ជាមាន​មហិច្ឆតា ចង់​ដណ្ដើមយក GroupIII មកវិញ ព្រោះ​ពេលនេះ ពួកគេ បាន​ប្រឹងប្រែង​ខ្លាំង មួយ​រយៈពេល​មកនេះ​។ ឆ្នាំនេះ គេ​សង្កេតឃើញថា កីឡាករ​-​កីឡាការិនី​កម្ពុជា មាន​សមត្ថភាព​រីកចម្រើន​ច្រើនជាង​មុន​ខ្លាំង​។

​កីឡាករ​ដែល​ត្រូវ​ទៅ​ប្រកួត មាន ប៊ុន កេ​ន្នី​, ឡុង សំនៀង​, ឃ្លាំង ពន្លក​, ក្រូ​ស​លីន ម៉ា​ធី​វ​ដា​វីត និង ឡេង សារិន​រាជ​។ ក្រៅពីនេះ ក៏មាន​គ្រូបង្វឹក គ្រូ​ជំនួយ គ្រូពេទ្យ​ផ្នែក​ចលនា និង​ថ្នាក់ដឹកនាំ សរុប​ទាំងអស់ ៩​នាក់​៕ V / N