ដោយ​:​សុខុម​/ ស្ទឹងត្រែង​: ពឹង​ផ្អែកលើ​ផ្ទៃដី​អំណោយផល​តាម​ដង​ទន្លេសេសាន កសិករ​ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន បច្ចុប្បន្ន ផ្លាស់ប្ដូរ​ជីវភាព បន្ទាប់ពី​ងាក​មក​ដាំ​ដុះ​បន្លែ អនុវត្តតាម​បច្ចេកទេស​ថ្មី ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​បំពេញតម្រូវការ​ទីផ្សារ​។

​ប្រជាពលរដ្ឋ​ឃុំ​សាម​ឃួ​យ មាន​ជាង ៧០០ គ្រួសារ​។ ប្រមាណ​ជា ៩០ ភាគរយ គឺជា​កសិករ​ក្នុងនោះ ៤០ ភាគរយ បាន​ដាំ​បន្លែ​។ឃុំ​សាម​ឃូ​យ ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា ១៣ គីឡូម៉ែត្រ ពី​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង ប្រប​នឹង​ដង​ទន្លេសេសាន គឺ​ស្ថិតនៅ​ចន្លោះ​ពី​ក្រុង​ស្ទឹងត្រែង និង​សាលាស្រុក​សេ​សាន​។

​អ្នកស្រី ខាវ ខាំ​អន មេឃុំ​សាម​ឃួ​យ បាន​រៀបរាប់ថាៈ ពីមុនមក ប្រជាជន​ក្នុង​ឃុំ ដាំ​ដុះ​បន្លែ​បន្តិចបន្តួច​ប៉ុណ្ណោះ នៅតាម​ក្រុមគ្រួសារ​នីមួយៗ​។ លុះ​ពេល​យូរៗ​ទៅ ការដាំដុះ​បន្លែ​ទទួលផល​ផ្គត់ផ្គង់ ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ឃុំ​និង​នៅសល់​ខ្លះ លក់​នៅ​ផ្សារ​ក្នុង​ខេត្ត​។ រហូត​មាន​គេ​ទិញ​ច្រើន គួបផ្សំ​ផ្ទៃដី​អំណោយផល​ផង​នោះ​។ អ្នកភូមិ កាន់តែ​នាំគ្នា​សម្រុក​ដាំ​បន្លែ នៅតាម​ផ្ទះ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​។ ក្រៅពីនេះ បន្លែ​ដែលមាន​គុណភាព​ល្អ ត្រូវបាន​នាំចេញ​ពី​ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ទៅកាន់​ទីផ្សារ​ទំនើប នៅ​រាជធានី​ភ្នំពេញ​។

​លោក ឃិន ឡត បេឡា​សហគមន៍​ភូមិ​បា​ដើម​ឃុំ​សាម​ឃួ​យ បាន​រៀបរាប់​ប្រាប់ឱ្យដឹង​ថាៈ​លោក​បាន​ចាប់​មុខរបរ ជា​អ្នក​ដាំ​បន្លែ​គ្រប់មុខ​នៅក្នុង​ភូមិ​របស់គាត់ តាំងពី​ឆ្នាំ​២០១៧ មកម្ល៉េះ​។ ដំណាំ​ដែល​គាត់​ដាំ​នោះ គឺ​សណ្ដែកកួ ស្ពៃ និង​ប៉េងប៉ោះ ជាច្រើន​មុខ​ទៀត​។

​កសិករ​រូបនេះ បាន​និយាយ​បន្ថែមថាៈ ពេល​បន្លែ​ទទួលផល មិន​ខ្វះ​ទេ​អ្នកទិញ​។ ក្រៅពី​ប្រជាពលរដ្ឋ​ក្នុងភូមិ ក៏មាន​ម៉ូយ​មកពីផ្សារ​ខេត្តស្ទឹងត្រែង បាន​ទៅ​ប្រមូល​ទិញ​ដល់​កន្លែង​ដាំ​ដុះ​របស់គាត់​។

​តាមរយៈ​ការប្រកបមុខរបរ​ដាំ​បន្លែ​លក់​នេះ លោក ឃិន​ឡត បាន​ជួយ​ជ្រោមជ្រែង​ដល់​គ្រួសារ​ដែលមាន​សមាជិក ៥​នាក់ ឲ្យ​មាន​ជីវភាព​ប្រសើរឡើង​។

​កសិករ ឃិន ឡត បាន​ប្រាប់ទៀតថាៈ ពេលនេះ​កូនប្រុស​ពៅ​របស់គាត់ កំពុង​បន្ត​ការសិក្សា​ជំនាញ​ផ្នែក​កសិកម្ម នៅ​សាលា​ជាន់ខ្ពស់​រាជធានី​ភ្នំពេញ​។ ផ្ដើមចេញពី​កូន​កសិករ ដែលមាន​ឪពុក​ជា​អ្នក​ដាំ​បន្លែ​នោះ ទើប​កូន​របស់គាត់​សម្រេចចិត្ត​ចាប់យក​ជំនាញ​ផ្នែក​កសិកម្ម​។

​លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តស្ទឹងត្រែង បាន​រៀបរាប់ថា​ការដាំដុះ​បន្លែ​សាកវប្បកម្ម ១០ ឆ្នាំ​កន្លងទៅ របស់​ប្រជាពលរដ្ឋ​កសិករ ឃុំ​សាម​ឃួ​យ ធ្វើ​តាមបែប​លក្ខណៈ​ប្រពៃណី​។ តែ​មកដល់​បច្ចុប្បន្ននេះ​ដោយមាន​ការសម្របសម្រួល​ពី​មន្ត្រី​បច្ចេកទេស នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល ដែលជា​ដៃគូ បាន​បណ្ដុះបណ្ដាល​និង​មានការ​ណែនាំ​ដល់​កសិករ កាន់តែ​យល់ច្បាស់ និង​ផ្ដល់​បច្ចេកទេស ឲ្យ​សាកវប្បកម្ម​ផ្លាស់ប្តូរ​ទម្លាប់ កាលពីមុន ហើយ​ងាក​មក​អនុវត្ត​តាមបែប​បច្ចេក​ទេស​ថ្មី ទទួលបាន​ទិន្នផល​ប្រសើរ​ជាង​មុន​។ ជាពិសេស​ទទួលបាន​ប្រាក់ចំណូល​ដល់​ក្រុមគ្រួសារ​ច្រើនជាង​មុន​។ ការដាំដុះ​បន្លែ នៅក្នុង​ឃុំ​សាម​ឃួ​យ​មានការ​រីកចម្រើន​ច្រើនជាង​មុន បាន​ចូលរួមចំណែក​ផ្គត់ផ្គង់​ដល់ទី​ផ្សារ ក្នុង​ខេត្តស្ទឹងត្រែង​ដើម្បី​បំពេញតម្រូវការ​។

​បច្ចុប្បន្ន គណៈកម្មាធិការ​ថ្នាក់​ខេត្ត ក៏បាន​ជំរុញ​ឃុំ​សាម​ឃួ​យ ចាត់​ចូល​ជា​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​មានការ​ប្រកួតប្រជែង​ផងដែរ​៕ V / N