​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក យិន សា​វ៉េ​ន អភិបាលរង​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ​ព្រះគ្រូ ឆន ឆុង ព្រះ​អនុគណ​ស្តីទី​ក្រុង​កំពង់ឆ្នាំង លោក បេ សា​រុំ អភិបាលរងក្រុង​កំពង់ឆ្នាំង នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ បាន​ចុះ​ពិនិត្យមើល ទូក​អុំ ទូក​ចែវ នៅ​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព ស្ថិតនៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ពិធីបុណ្យ​អុំទូក នៅក្នុង​ភូមិសាស្ដ្រ​ខេត្ត នាពេលខាងមុខ​។​

​ព្រះគ្រូ ឆន ឆុង បាន​មាន​សង្ឃដីកា​បញ្ជាក់ថាៈ នៅ​វត្ត​ទេពធីតា​រាម​នេះ មាន​ទូក​អុំ ១ និង​ទូក​ចែវ ចំនួន​២ ទូក​ទាំងបី​នេះ ទូក​អុំ​២ មាន​សភាព​ចាស់​ទ្រុឌទ្រោម ដែល​ទាមទារ​ធ្វើការ​ជួសជុល កែលម្អ​ឡើងវិញ ដើម្បី​អាច​ចូលរួម​ប្រកួត​បាន ។

​ជា​រៀងរាល់ឆ្នាំ ទូក​ឈ្មោះ​ទេពធីតា​សែន​ជ័យ​បរ​មី​ជំទាវ​ទេព តែងតែបាន​ចូលរួម​ប្រកួត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំ​ក អកអំបុក សំពះ​ព្រះ​ខែ ហើយ​តែងតែ​ទទួលបាន​ពានរង្វាន់​ជ័យលាភី​ជា​បន្តបន្ទាប់​។​

​នៅក្នុង​ឱកាស​នោះ លោក យិន សា​វ៉េ​ន បានបញ្ជាក់​ឱ្យដឹងថាៈ ខេត្តកំពង់ឆ្នាំង គ្រោង​នឹង​រៀបចំ​ប្រណាំងទូក នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ ។

​ដើម្បីឱ្យ​ទូក​អុំ ទូក​ចែវ បាន​ចូលរួម​ប្រកួត​បាន ក្រុមការងារ បាន​ចុះមក​ពិនិត្យ​ផ្ទាល់ អំពី​ទូក​អុំ ទូក​ចែវ ដើម្បី​ធ្វើការ​កែលម្អ និង​ជួសជុល ទាំង​សោភ័ណភាព និង​គុណភាព​ទូក ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ។

​លោក​អភិបាលរង​ខេត្តកំពង់ឆ្នាំង​រូបនេះ បានបញ្ជាក់​ទៀតថាៈ ទូក​នៅក្នុង​វត្ត​ទេពធីតា​រាម​នេះ មាន​ចំនួន​៣ ក្នុងនោះ ទូក​អុំ​២ ទាមទារ​ធ្វើការ​ជួសជុល​ច្រើន ទាំង​សោភ័ណភាព និង គុណភាព ចំណែកឯ​ទូក​ឈ្មោះ​ទេ​ធីតា​សែន​ជ័យ​បរ​មី​ជំទាវ​ទេព គឹ​ទាម​ឱ្យ​កែលម្អ​សោភ័ណភាព បន្ថែមទៀត ។​

​លោក​ក៍បាន​អំពាវនាវ​សប្បុរសជន​ជិត​ឆ្ងាយ​ដែលមាន​សទ្ធា​ជ្រះថ្លា ចូលរួម​ជា​បច្ច័យ ដើម្បី​កែលម្អ និង​ជួសជុល​ទូក នៅ​វត្ត​ទេពធីតា​រាម សម្រាប់​ត្រៀម​ចូលរួម​ប្រកួត នា​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក សំពះ​ព្រះ​ខែ នាពេល​ខាងមុខនេះ នៅ​ខេត្តកំពង់ឆ្នាំង​៕ V / N