ដោយៈ​មុនី​រ័ត្ន / ភ្នំពេញៈ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​អមដំណើរ នា​រសៀល​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ទីស្តីការក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ នៅមុន​ដំណើរ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ពីរ​ថ្ងៃ នៅ​រាជធានី​បាងកក​។

រូបថត ( លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ទីស្តីការក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​ថៃ នៅមុន​ដំណើរ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល ពីរ​ថ្ងៃ នៅ​រាជធានី​បាងកក)

​ក្នុងជំនួប​នេះ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ លោក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមជាមួយ​នឹង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​យោធា រវាង​ប្រទេស​ទាំងពីរ លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​បណ្តា​ប្រភេទ​ទ័ព​ទាំងបី​គ្រប់​កម្រិត ដែល​ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ការជំរុញ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង​។

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ដំណើរការ​ដោយ​ជោគជ័យ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ (16th ADMM) កាលពី​ខែមិថុនា កន្លងទៅនេះ និង​បានបញ្ជាក់​ផងដែរ អំពី​ការគាំទ្រ​ចំពោះ​ការបំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ដោយ​រាប់ទាំង​វិធានការ​នានា​នៅក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ព្រមជាមួយ​នឹង​ការ​ជូនពរ​ឱ្យ​កម្ពុជា បន្ត​សម្រេច​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម និង​មាន​សារៈសំខាន់​នេះ រហូតដល់​ចុងបញ្ចប់​ឆ្នាំ​២០២២​។

​ជាការ​ឆ្លើយតប មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ថ្លែងអំណរគុណ ចំពោះ​ការគាំទ្រ​ដល់​ការបន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​យោធា នៃ​ប្រទេស​ទាំងពីរ ដែល​កាន់តែ​បន្ត​រីកចម្រើន​ទៅមុខ ដូចដែល​ឆ្លុះបញ្ចាំង​តាមរយៈ​សមិទ្ធផល​សំខាន់ៗ ដែល​កងទ័ពជើងគោក​ទាំងពីរ សម្រេចបាន​ក្នុង​រយៈកាល​កន្លងមក​នេះ ទាំង​កិច្ចសហការ​ល្អ រវាង​បណ្តា​កងឯកភាព​ជួរមុខ​នៅតាម​បណ្តោយ​ព្រំដែន​, ការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព​ថ្នាក់​យុទ្ធវិធី និង​រវាង​យោធិន ជា​លក្ខណៈ​បុគ្គល ដើម្បី​ជួយ​ពង្រឹង​ដល់​ការកសាង​ទំនុកចិត្ត តាមរយៈ​ការបង្កើន​មនោសញ្ចេតនា ស្គាល់គ្នា​ទៅវិញទៅមក ឱ្យបាន​ស្អិតរ​មួ​ត​។ ជាងនេះទៀត ការភ្ជាប់​ទំនាក់ទំនង​លើ​ផ្នែក​ហ្វឹកហ្វឺន បណ្តុះបណ្តាល​ធនធានមនុស្ស គឺ​មិន​ត្រឹមតែ​ធ្វើឡើង សម្រាប់​ពេលបច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ​។

​មួយវិញទៀត លោក មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ក៏បាន​លើកឡើង​ផងដែរ អំពី​ការខិតខំ​ចូលរួមចំណែក​របស់​ក​ង​កម្លាំង​នៃ​ប្រទេស​ទាំងពីរ ក្នុង​ការកសាង និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍ និង​បាន​បញ្ជាក់ថាៈ សន្តិភាព សន្តិសុខ និង​ស្ថិរភាព នៅតាម​បណ្តោយ​ព្រំដែន គឺ​ពិតជា​បាន​បង្កលក្ខណៈ​ដល់​ការដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ដែលជា​ការចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ការងារ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ជាមួយគ្នានេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល ប្រជាជន និង​កងទ័ព​ថៃ ដែល​បានផ្តល់​ការជួយឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក និង​ការសម្របសម្រួល​យ៉ាង​កក់ក្តៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់​នៅតាម​បណ្តោយ​ព្រំដែន ព្រមទាំង​ប្រជា​ពលករ​ខ្មែរ ដែល​រស់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ក្នុងអំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩៕​ V / N