​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បំបែក​ខ្លួន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២០​កញ្ញា​ថា​តំបន់​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នៅ​ខាងកើត​និង​ខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ននឹង​​បោះឆ្នោត​ជា​បន្ទាន់​លើ​ការបញ្ចូល​ជា​ឧបសម្ពន្ធ​របស់​រុស្ស៊ី ខណៈ​កងទ័ព​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​កំពុង​វាយ​ដណ្តើម​បាន​មកវិញ​នូវ​ទឹកដី​ដែល​កាន់កាប់​ដោយ​កងកម្លាំង​របស់​វិមាន​ក្រឹម​ឡាំង​។​

​អាជ្ញាធរ​គាំទ្រ​រុស្ស៊ី​នៅ​តំបន់​ដូណិត​សខ៍និង​លូ​ហាន​សខ៍ភាគ​ខាងកើត ក៏ដូចជា​នៅ​តំបន់​ឃើ​សុន (Kherson)​និង​ហ្សា​ប៉ូរី​ហ្ស​ហ្សា (Zaporizhzhia) ភាគ​ខាងត្បូង​បាន​និយាយថា​ពួកគេ​នឹង​រៀប​​ចំ​ការបោះឆ្នោត​នេះ​រយៈពេល​ប្រាំ​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ទៅ​។​

​តំបន់​ទាំងនេះ​បាន​ស្ថិត​លើ​សមរភូមិ​ជួរ​មុខ​នៃ​ការវាយលុក​របស់​អ៊ុយ​ក្រែន​យ៉ាង​ខ្លាំងក្លា ដែល​បានឃើញ​កងកម្លាំង​របស់​ទីក្រុង​គៀ​វ​ដណ្តើម​បាន​មក​វិញ​នូវ​ទីក្រុង និង​ភូមិ​រាប់រយ​ដែល​ត្រូវ​បាន​គ្រប់​​គ្រង​ដោយ​រុស្ស៊ី​អស់​រយៈពេល​ជា​ច្រើន​ខែ​។​

​ការធ្វើសមាហរណកម្ម​របស់​តំបន់​ទាំងនោះ​ទៅ​ក្នុងប្រទេស​រុស្ស៊ី​នឹង​តំណាង​ឱ្យ​ការកើនឡើង​ដ៏​ធំ​នៃ​ជម្លោះ ខណៈ​ទីក្រុង​មូ​ស្គូ​អាច​ព្យាយាម​និយាយថា ខ្លួន​កំពុង​ការពារ​ទឹកដី​របស់​ខ្លួន​ពី​កងកម្លាំង​អ៊ុ​យក្រែន​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បែរ​ឡាំង និង​ប៉ារីស​ក្នុងពេល​ជាមួយគ្នា​បាន​ថ្កោលទោស​ការបោះឆ្នោត​នេះ ហើយ​និយាយ​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ទេ​ខណៈ​អង្គការ​ណា​តូ​បាន​​និយាយថា ការបោះឆ្នោត​នេះ​បង្ហាញ​ពី “​ការកើនឡើង​បន្ថែមទៀត​” នៃ​សង្គ្រាម​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​សាទរ​ចំពោះ​សម្ពន្ធមិត្ត​លោកខាងលិច​សម្រាប់​ការ​ថ្កោលទោស​របស់​ពួកគេ​ចំពោះ​ទង្វើ​របស់​រុស្ស៊ី​។​

​លោក​ហ្សេ​លេន​ស្គី ដែល​នឹង​និយាយ​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​តាម​លីង​វីដេអូ​នៅ​ថ្ងៃ​ពុធ​នេះ បាន​និយាយថា “​ខ្ញុំ​សូម​អរគុណ​មិត្តភក្តិ​និង​ដៃគូ​ទាំងអស់​របស់​អ៊ុយ​ក្រែន​សម្រាប់ការ​ថ្កោល​​ទោស​យ៉ាងខ្លាំង​និង​យ៉ាង​ម៉ឺងម៉ាត់​នេះ​ចំពោះ​ចេតនា​របស់​រុស្ស៊ី​ក្នុង​ការរៀបចំ​ការធ្វើប្រជាមតិ​ក្លែងបន្លំ​បន្ថែមទៀត​”​។​

​លោក​បាន​និយាយថា លោក​នឹង​និយាយ “​ការពិត​ថ្មី​នៃ​អំពើ​ឃោរឃៅ​របស់​រុស្ស៊ី​” ដែល​កំពុង​ត្រូវបាន​កត់ត្រា​ទុក​ដោយ​កត់សម្គាល់ថា​អ្នកស្រុក​នៅ​ក្នុង​ទឹកដី​ដែ​ល​ដណ្តើម​បាន​មក​វិញ​ដោយ​កងកម្លាំង​​អ៊ុយ​ក្រែន​បានបង្ហាញ “​កន្លែង​ដែល​អ្នក​កាន់កាប់​មាន​បន្ទប់​ធ្វើ​ទារុណកម្ម កន្លែង​ដែល​ពួកគេ​លាក់​សាកសព​ដែល​ត្រូវបាន​សម្លាប់ និង​ផ្តល់​សក្ខីកម្ម​អំពី​អ្នក​សហការ​”​។​

​រដ្ឋាភិបាល​ក្រុង​គៀវ​បាន​និយាយថា ការបោះឆ្នោត​ប្រជាមតិ “​ក្លែងបន្លំ​” គឺ​គ្មាន​ន័យ​ទេ ហើយ​បាន​ប្តេជ្ញា​ថា​នឹង “​លុបបំបាត់​” ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​រុស្ស៊ី ដោយ​និយាយថា កងកម្លាំង​របស់​ខ្លួន​នឹង​បន្ត​ដណ្តើមយក​ទឹកដី​មក​វិញ ដោយ​មិន​ខ្វល់​ពី​អ្វី​ដែល​មូ​ស្គូ ឬ​ក្រុមប្រូក​ស៊ីរ​បស់​ខ្លួនប្រកាស​នោះ​ឡើយ​៕

រដ្ឋាភិបាល​ក្រុង​គៀវ​បាន​និយាយថា ការបោះឆ្នោត​ប្រជាមតិ “​ក្លែងបន្លំ​” គឺ​គ្មាន​ន័យ​ទេ ហើយ​បាន​ប្តេជ្ញា​ថា​នឹង “​លុបបំបាត់​” ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​រុស្ស៊ី។ក្នុងរូបគឺប្រជាជនក្នុងតំបន់បំបែកខ្លួនដុនបាសភាគខាងកើតអ៊ុយក្រែន