ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងបរិស្ថាន បានពិភាក្សាគ្នានិងសម្រេចលើសកម្មភាពសំខាន់ៗ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ានបរិស្ថានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹង ប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ខាងមុខ។

តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថាៈ ក្នុងកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារនៃការរៀបចំព្រឹត្តិការណ៍ពិសេសនេះ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ។

ក្នុងកិច្ចប្រជុំនេះដែរ គេឃើញមានការចូលរួមពីសំណាក់លោក ទិន ពន្លក រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ សមាជិក សមាជិកា ក្រុមការងារ ជាច្រើនរូប។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២។

កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ាន នឹងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំនៃវិស័យបរិស្ថាន និងធនធានធម្មជាតិ នៃប្រទេសអាស៊ានទាំង១០ និងអញ្ជើញមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អាមេរិក និងសហភាពអឺរ៉ុប ដែលនឹងពិភាក្សាលើផែនការសកម្មភាពនានា ដែលគិតគូរដល់វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។

តាមកម្មវិធីដែលបានគ្រោងទុក កិច្ចប្រជុំឧត្តមមន្ត្រីបរិស្ថានអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ គ្រោងបើកជាផ្លូវការក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ មុនមានកិច្ចប្រជុំបន្តបន្ទាប់ រួមមាន កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន នៃសមាជិកទាំង ១០ប្រទេស អាស៊ានបូក៣ អាស៊ានបូកចិន អាស៊ានបូកកូរ៉េខាងត្បូង អាស៊ានបូកជប៉ុន អាស៊ានបូកអាមេរិក និងបូកសហភាពអឺរ៉ុប ជាដើម៕/V