​ប្រែ​សម្រួលៈ​បំណង​(ST)៖ នាវាចម្បាំង​នៃ​កងទ័ពជើងទឹក​អាម៉េរិក​មួយគ្រឿង​បូក​រួម​ទាំង​នាវា​ហ្វ្រី​ហ្កា​តរបស់​កាណាដា​មួយគ្រឿង​បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​ទី​២០​កញ្ញា ក្នុង​បេសកកម្ម​មួយ​ចំពេល​មាន​ភាព​តាម​តឹង​រវាង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង​។​

​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ នាវាចម្បាំង​អាម៉េរិក និង​ម្តងម្កាល​នាវា​ទៅ​ពី​ប្រទេស​សម្ពន្ធមិត្ត ដូចជា​អង់គ្លេស​និង​កាណាដា បាន​បើក​កាត់​ផ្លូវទឹក​ដ៏រ​សើប​មួយ​នេះ ដោយ​នាំ​អោយ​ចិន​ប្រតិកម្ម​ទាំង​កំហឹង ដោយ​​សារ​ខ្លួន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​របស់​ខ្លួន ដែល​នៅ​រង់ចាំ​ពេល​ធ្វើ​ការបង្រួបបង្រួម​ជាមួយមហា​ចិនដីគោក​វិញ​តែ​ប៉ុណ្ណោះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កងទ័ព​ជើង​ទឹក​អាម៉េរិក​បាន​និយាយ​ថា​នាវា​ពិឃាត​បំពាក់​កាំជ្រួច​បញ្ជា​នាំ​ផ្លូវ​Higgins​និង​នាវា​ហ្វ្រី​ហ្កា​ត​Vancouver​របស់​កាណាដា បាន​ធ្វើ​ការបើក​ឆ្លងកាត់​ផ្លូវទឹក​​មួយ​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​នៅ​ហួស​ពី​សមុទ្រ​នៃ​រដ្ឋ​ណាមួយ​។​

​វា​បាន​បន្ថែមថា «​កិច្ចសហការ​ដូចនេះ​តំណាង​អោយ​ស្នូល​នៃ​មធ្យោបាយ​របស់​យើង​ចំពោះតំបន់​មាន​សន្តិសុខ​និង​ចំរុងចំរើន​មួយ»​។​

​រដ្ឋមន្ត្រី​ការពារជាតិ​កាណាដា បាន​និយាយថា ប្រទេស​លោក​ស្រី ក្នុងនាម​ជា​ប្រជាជាតិ​ប៉ាស៊ីហ្វិក​មួយ ប្តេជ្ញា​រក្សា​ស្ថិរភាព​សកលលោក​និង​វិបុលភាព​នៅ​ក្នង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​«​ការបើក​ឆ្លងកាត់​​នៅថ្ងៃនេះ​បង្ហាញ​ការតាំង​ចិត្ត​របស់​យើង​ចំពោះ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ​មួយ​»​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួង​យោធា​តៃវ៉ាន់​បាន​និយា​ថា នាវា​ទាំងពីរ​បាន​បើក​ទៅ​ទិស​ខាងជើង​កាត់​ច្រក​សមុទ្រ​និង​ថា​កងកម្លាំង​របស់​ខ្លួន​បាន​សង្កេត​តាមដាន​ដំណើរ​របស់​ពួក​វា តែ​ថា​«​សភាពការណ៍​​ធម្មតា​»​។​

​វា​ជា​លើក​ទី​ពីរ​នៅក្នុង​ខែ​នេះ​ដែល​នាវា​អាម៉េរិក​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ក្រោយ​ប្រធានសភា​អាម៉េរិក​ទៅធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ដែល​ធ្វើអោយ​ចិន​ខ្ញាល់​ជា​ខ្លាំង​ដល់ថ្នាក់​បញ្ចេញ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​​កោះ​៕

​កងកម្លាំង​កាណាដា​បាន​និយាយថា ក្នុង​ដំណើរ​ទៅកាន់​សមុទ្រ​ចិន​ខាងកើត នាវា​HMCS Vancouver រួម​ជាមួយ​នាវា​អាម៉េរិក​USS Higgins​បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​