​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារាភាពយន្ត​ហូលីវូដ​និង​តំណាង​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ លោកស្រី អេន​ជេ​លីណា ចូលី​បាន​ធ្វើ​ទស្សនកិច្ចដ៏​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​តំបន់​រងគ្រោះ​​ដោយ​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​នៅ​ភាគខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី​២០​កញ្ញា ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ទឹកជំនន់​រយៈពេល​ជាច្រើន​ខែ​បាន​កើនឡើង​ដល់ ១.៥៥៩ នាក់​។​

​រូបភាព​ទូរទស្សន៍​បានបង្ហាញ​លោកស្រី​ចូលី​មក​ដល់​អាកាសយានដ្ឋា​ន​ក្នុង​ទីក្រុង​កា​រ៉ា​ជី (Karachi) ជាទី​រួម​ខេត្ត​នៃ​ខេត្ត​ស៊ីន (Sindh) ភាគខាងត្បូង​កន្លែង​ដែល​ទឹកជំនន់​ចាប់តាំងពី​ពាក់​​កណ្តាល​ខែមិថុនា​បាន​សម្លាប់​មនុស្ស ៦៩២ នាក់ បំផ្លាញ​ផ្ទះ​រាប់សែន​ខ្នង និង​បណ្តាលឱ្យ​មនុស្ស​កន្លះ​លាន​នាក់​គ្មាន​ផ្ទះសម្បែង​។​

​ក្រោយមក លោកស្រី​បាន​ចុះ​ទៅ​មើល​តំបន់​មួយចំនួន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​។​

​យោងតាម IRC ដែលជា​អង្គការ​ផ្តល់ជំនួយ​អន្តរជាតិ​ដ៏​លេចធ្លោ​មួយ លោកស្រី​ចូលី​កំពុង​បំពេញ​ទស្សនកិ​ច្ច​នៅ​ប៉ា​គី​ស្ថាន ដើម្បី​គាំទ្រ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ​។​

​មិន​មាន​ការអត្ថាធិប្បាយ​ណាមួយ​ពី​រដ្ឋាភិបាល​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ចូលី​ទៅកាន់​ស្រុកដា​ឌូ (Dadu) ដែល​រងគ្រោះ​ខ្លាំង​បំផុត​នោះ​ទេ កន្លែង​ដែល​ជំងឺ​ឆ្លង​តាម​ទឹក​ក៏​បាន​បណ្តាលឱ្យ​មនុស្ស​ជិត ៣០០ នាក់​ស្លាប់​ចាប់តាំងពី​ខែ​កក្កដា​ផងដែរ​។ បច្ចុប្បន្ន គ្រូពេទ្យ​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កើតចេញពី​ទឹក​ក្នុងចំណោម​អ្នក​រស់រានមានជីវិត​ពី​ទឹកជំនន់​។​

​ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ខណៈដែល​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក សា​បាស សារីហ្វ (Shahbaz Sharif) កំពុង​ស្ថិត​ក្នុង​ទីក្រុង​ញូវយ៉ក​សម្រាប់​សម័យប្រជុំ​លើក​ទី ៧៧ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ នៅក្នុង​សុន្ទរកថា​របស់​ខ្លួន លោក​សារីហ្វ​នឹង​លើកឡើង​ពី​ការខូចខា​តដែល​បង្កឡើង​ដោយ​ទឹកជំនន់ ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​ក្រីក្រ​របស់លោក​៕

លោកស្រី​ចូ​លីមក​ដល់​ប៉ាគី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី​២០​កញ្ញា និង​បាន​ចុះ​ទៅ​កាន់​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​មួយ​