ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២២ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​លោក ជេន ព្យែ​រ ម៉ា​សែ​ល​លី ( Jean Pierre Marcelli) នាយក​ទីភ្នាក់ងារ​បារាំង​ដើម្បី​អភិវឌ្ឍន៍​ប​ប្រចាំ​តំបន់​អាស៊ី​អា​គ្នេ​ឃ៍ និង​លោកស្រី សាន់​ឌ្រី​ន បូ​ស័​រ (Sandrine BOUCHER) នាយក​ទីភ្នាក់ងារ​បារាំង​ដើម្បី​អភិវឌ្ឍន៍ (AFD) ប្រចាំ​នៅ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។
​លោក ជេន ព្យែ​រ ម៉ា​សែ​ល​លី បានបង្ហាញ​អំពី​ទស្សន​ផ្ទាល់ខ្លួន​ពី​ការពិនិត្យ និង​វាយតម្លៃ​លើ​សមិទ្ធផល​ក​ន្ល​ង​មក​ដែល​ភាគី​ទាំងពីរ​បាន​សហការ​រួម​គ្នា​អនុវត្ត និង​សិក្សា​ស្វែងយល់​បន្ថែម​អំពី​សេចក្តីត្រូវការ​ចាំបាច់​នាពេល​បច្ចុប្បន្ន​នៃ​វិស័យ​កសិកម្ម​បន្ទាប់ពី​មាន​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ជាមួយគ្នានេះ​ដែល ក៏​ពិនិត្យមើល​គម្រោង​អាទិភាព​សំខាន់ៗ​មួយចំនួន​សម្រាប់​អនុស័យ​នីមួយៗ​ដែល​ត្រូវការ​ចាំបាច់ និង​ចង់​ឲ្យ AFD ជួយ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​ថែម ទៀត​។

​លោកនាយក បាន​ជម្រាបជូន​លោក រដ្ឋមន្ត្រី​ថា AFD មាន​គម្រោង​ពីរ​ដែល​នឹង​ជួយ​ដល់​ក្រសួងកសិកម្ម​គឺ ទី​១- គម្រោងការ​អភិវឌ្ឍ​វារីវប្បកម្ម​ទឹកប្រៃ​និង​ការគ្រប់គ្រង​តំបន់ឆ្នេរ​ប្រកបដោយ​និរន្ត​ភាព (Sustainable Coastal and Marine Fisheries) ដែល​គ្រោង​នឹង​អនុមតិ​នៅ​ចុង​ឆ្នាំនេះ និង​ទី​២- គម្រោង RAD4CAM ទាក់ទង​និង​ដំណាំ​កៅស៊ូ និង​ផលិតកម្ម​ពោត​ដែល​នឹង​អនុមតិ​នៅ​ឆ្នាំ​២០២៣​។

​លោក រដ្ឋមន្ត្រី​បាន​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​លោកស្រី​នាយក​ទីភ្នាក់ងារ AFD ដែល​ទើបបាន​តែងតាំង​ថ្មី និង​ថ្លែងអំណរគុណ​ជូន​ចំពោះ AFD ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា រួមទាំង​វិស័យ​កសិកម្ម​ផងដែរ​។
​បច្ចុប្បន្ន វិស័យ​កសិកម្ម​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​បង្កើត​ការងារ​នៅ​ជនបទ បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​ធានា​សន្តិសុខ​ស្បៀង​។ លោក​ក៏បាន​ជម្រាបជូន​ភ្ញៀវ​ផងដែរ​អំពី ដំណើរការ​វិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​ពី​ដំណាក់កាល​មួយ មក​ដំណាក់កាល​មួយ រហូតមកទល់​បច្ចុប្បន្ន​ដែល​បាន​ក្លាយជា​ប្រទេស​មាន​សន្តិសុខ​ស្បៀង និង​ការនាំចេញ​ផ​លិ​ផល​កសិកម្ម ជាពិសេស​ស្រូវ​និង​អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ពោត ចេក ស្វាយ កៅស៊ូ ។​ល​។ ទោះជា​យ៉ាងណា វិស័យ​កសិកម្ម​កម្ពុជា​ត្រូវការ​កិច្ចសហការ​ចាំបាច់​ពី​ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន ក្នុងការ​វិនិយោគ​លើ​ខ្សែ​ច្រវាក់​ផលិតកម្ម​កែច្នៃ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ពី​ប្រទេស​បញ្ជា​ទិញ ដែល​ទាមទារ​នូវ​ការគាំទ្រ​ទុន​និង​ប​ច្ចេ​វិទ្យា​ទំនើប ។​ល​។

​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ AFD ពិនិត្យ ពិចារណា​លើ​ការលើក​គម្រោង​ចាំបាច់​ដែល​ទាក់ទង​ទៅដល់​ការលើកកម្ពស់​ខ្យែ​ច្រ​វ៉ា​ក់​ផលិតកម្ម​កសិកម្ម​រួមទាំង ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ បម្រើ​ដល់​ការផលិត​និង​ការកែច្នៃ​ដែលជា​តម្លៃ​តម្លៃបន្ថែម ដែលមាន​លក្ខណ​ប្រទាក់ក្រឡា​គ្នា ដែល​ទាមទារ​ចាំបាច់​អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ព្រមទាំង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម និង​ការកែច្នៃ ហើយ​ករណីនេះ យើង​ត្រូវមាន​ការគាំទ្រ ជំនួយ​ឧបត្ថម្ភ និង​កិច្ចសហការ​ពី​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន រួមទាំង​ការផ្តល់​ឥណទាន​ដែលមាន​ការប្រាក់​ទា​បស​ម្រា​ប់​វិស័យ​ឯកជន ហើយ ចំពោះ​គម្រោង​ទាំងពីរ​ដែល​បានលើកឡើង​ខាងលើ លោកនាយក AFD ប្រចាំ​តំបន់ និង​លោក​រដ្ឋមន្ត្រី​បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ និង​គាំទ្រ​គម្រោង​នេះ​ឲ្យ​ទទួលបាន​ការអនុវត្ត​បាន​ពេញលេញ​នៅ​បំណាច់​ឆ្នាំ​២០២២​ខាងមុខនេះ ។​​ N