ដោយៈ​ប​.​ខុន / ភ្នំពេញៈ ទឹក​បឹង​ទន្លេសាប នៅ​ស្ថានីយ​ជល​សាស្ត្រ​ក្រគរ កំពង់​លួង បាន​ឡើងដល់​កម្ពស់ ៦,៥៧ ម៉ែត្រ នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះ បន្ទាប់ពី​ទឹកទន្លេ​មេគង្គ នៅ​ភ្នំពេញ បាន​ឡើងដល់​កម្រិត​កម្ពស់ ៧,៩៩ ម៉ែត្រ​។ ស្ថានភាព​ទឹក​បឹង​ទន្លេសាប ឆ្នាំនេះ ថ្វី​ដ្បិត​នៅមាន​កម្ពស់​ទាប ជាង​កម្រិត​កម្ពស់​មធ្យ​ម​ច្រើន​ឆ្នាំ តែបើ​ប្រៀបធៀប រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ឃើញថា វា​មាន​អំណោយផល​ល្អ​ណាស់ ដល់​ជីវិត​ជីវៈចម្រុះ នៅ​បឹង​ទន្លេសាប​។​

​លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២​ថាៈ ទឹក​បឹង​ទន្លេសាប នៅ​ថ្ងៃទី​២១ កញ្ញា​នេះ បាន​ឡើងដល់​កម្ពស់ ៦,៥៧ ម៉ែត្រ ឃើញថា​មាន​កម្ពស់​ខ្ពស់ជាង​ទឹក រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ក្នុង​រយៈពេល​ដូចគ្នា តែ​វា​នៅ​ទាប​ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ​។ កម្ពស់​ទឹក​មធ្យម​ច្រើន ឆ្នាំ ស្ថិតក្នុង​រង្វង់ ៧,៧០ ម៉ែត្រ ។ ទោះជា​យ៉ាងណា កម្ពស់​ទឹក​បឹង​ទន្លេសាប នៅពេលនេះ វា​មាន​អំណោយផល​ល្អ ដល់​ជីវិត​ជីវៈចម្រុះ​នៅ​តំបន់​បឹង​ទន្លេសាប​។​

​អនុប្រធាន​អាជ្ញាធរ​ទន្លេសាប ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ទឹក​បឹង​ទន្លេ អាច​នឹង​ឡើងដល់​កម្ពស់ ក្នុង​រង្វង់ ៧ ម៉ែត្រ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខ និង​ទឹកទន្លេ​មេគង្គ អាច​នឹង​ឡើងដល់​កម្ពស់​ជាង ៨ ម៉ែត្រ​។ ទឹក​បឹង​ទន្លេសាប​ខ្ពស់បំផុត ឡើងដល់ ៩,៩៩ ម៉ែត្រ នៅក្នុង​ឆ្នាំ​២០១១ និង​កម្ពស់ ៩,៧២ ម៉ែត្រ នៅ​ឆ្នាំ​២០០០ ហើយ​កម្ពស់​ទឹក​បឹង​ទន្លេសាប ទាប​បំផុត គឺ​នៅ​ឆ្នាំ​២០១៥ ដែល​ទឹក​ឡើង​បានត្រឹមតែ កម្ពស់ ៥,៣២​ម៉ែត្រ​។ ស្ថានភាព​ទឹកទន្លេ​សាប និង​ទឹកទន្លេ​មេគង្គ នៅក្នុង​ឆ្នាំ​២០២២​នេះ ថ្វី​ដ្បិត​មិនបាន​ជន់​ឡើង​ខ្លាំង តែ​បាន​ឡើង​ហើយ មិន​ស្រក​ទៅវិញ​ខ្លាំង​នោះដែរ​។​

​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន និង​ព្យាករ​កម្ពស់​ទឹក ដោយ​ក្រសួង​ធនធានទឹក សម្រាប់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ បានបង្ហាញ​ឱ្យឃើញថាៈ ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង បា​នស្រកម​កនៅ​កម្ពស់ ៨,០២ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២០ ខែកញ្ញា ០,១១ ម៉ែត្រ នៅ​ខេត្ត ក្រចេះ មាន​កម្ពស់ ១៨,២៩ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២០ ខែកញ្ញា ០,២៩ ម៉ែត្រ នៅ​ខេត្ត កំពង់ចាម ទឹក​មាន​កម្ពស់ ១២,០៣ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២០ ខែកញ្ញា ០,២៤ ម៉ែត្រ នៅ​ទន្លេបាសាក់ ចតុមុខ រាជធានី​ភ្នំពេញ ទឹក​មាន​កម្ពស់ ៧,៩៩ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២០ ខែកញ្ញា ០,១០ ម៉ែត្រ នៅ​អ្នក​លឿង​ទឹក មាន​កម្ពស់ ៥,៧០ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២០ ខែកញ្ញា ០,០៥ ម៉ែត្រ នៅ​ទន្លេបាសាក់ កោះ​ខែល ទឹក​មាន​កម្ពស់ ៦,៩៤ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២០ ខែកញ្ញា ០,០៦ ម៉ែត្រ នៅ​ទន្លេសាប ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ៧,០៩ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២០ ខែកញ្ញា ០,០៧ ម៉ែត្រ នៅ​បឹង​ទន្លេ សាប​ក្រគរ កំពង់​លួង ទឹកបាន​ឡើងដល់​កម្ពស់​៦,៥៧​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២០​ខែកញ្ញា​០,១១​ម៉ែត្រ​។​

​តាម​ការ​ព្យាក​ដដែល​បង្ហាញថា ទឹកទន្លេ​មេគង្គ នៅ​ទន្លេបាសាក់ ចតុមុខ អាច​បន្ត​ឡើង ដល់​កម្ពស់ ៨,១៥ ម៉ែត្រ នៅ​ថ្ងៃទី​២៤ ខែកញ្ញា នៅ​ស្ថានីយ​ផ្សេងៗ​ទៀត ទឹក​បន្ត​ជន់​ឡើង ជា​លំដាប់​ដែរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍ កាលពីដើម​រដូវវស្សា​ថា ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ ក្នុង​រដូវវស្សា ឆ្នាំ​២០២២ នេះ អាច​ឡើងដល់​កម្រិត​ក​ម្ព​ស់​ជាង ៩,៦៥ ម៉ែត្រ ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម​៕ V / N