​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ពួក​មេដឹកនាំ​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ថា សង្គ្រាម​អ៊ុយ​ក្រែន​កំពុង​បង្កបង្កើត​យុគសម័យ​ថ្មី​មួយ​នៃ​ការបែកបាក់​ចំពេល​មួយ​ដែល​ការប្រែប្រួល​អាកាសធាតុ​​និង​កំណើន​ថ្លៃ​ស្បៀង​នាំអោយ​កើត​មាន​ភាពមិនប្រាកដ​ប្រជា​ថ្មី​។​

​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​ជា​ជំនួប​មេដឹកនាំ​ពិភពលោក​ប្រចាំឆ្នាំ បាន​វិល​មក​ជួប​ប្រជុំ​ផ្ទាល់​ជា​លើក​ដំបូង​ក្រោយ​ការ​រឹតបន្តឹង​ប្រឆាំង​កូវី​ដ​១៩​អស់​ពេល​ពីរ​ឆ្នាំ ដោយ​បាន​អនុញ្ញាត​អោយ​​មេដឹកនាំ​អ៊ុយ​ក្រែន​ម្នាក់គ​ត់​ទៅ​បង្ហាញខ្លួន​ដោយផ្ទាល់​។​

​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​បើក​ជំនួប​កំពូល​នេះ​ជាមួយនឹង​ការចាក់​បង្ហាញ​រូបភាព​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​ចេញពី​អ៊ុ​យក្រែន ជា​ភស្តុតាង​នៃ​ជោគជ័យ​ផ្នែក​ការទូត​​មួយ នៅ​ពេល​លោក​បាន​ព្រមាន​អំពី​ស្ថានភាព​អាក្រក់​នៃ​ភពផែនដី​។​

​លោក​បាន​និយាយថា​«​ពិភពលោក​របស់​យើង​កំពុង​ជួប​ទុក្ខ​ធំ​។​ការបែកបាក់​កាន់តែ​រីកធំឡើង​។​សិសិររដូវ​នៃ​ទោមនស្ស​ន៍​សកល​មួយ​កំពុង​លេចឡើង​លឹមៗ​។​ការជឿ​ទុកចិត្ត​គ្នា​ត្រូវ​រលាយ វិសមភាព​រីក​ធំ​ ហើយ​ផែនដី​កំពុង​ឆេះ​។​ប្រជាជន​កំពុង​រង​ទុក្ខ​…​ដោយ​ជន​ងាយ​រងគ្រោះ​កំពុង​ទទួល​រង​ទុក្ខ​ខ្លាំង​បំផុត​»​។​

​ជាមួយនឹង​សីតុណ្ហភាព​ពិភពលោក​កើនឡើង​និង​មួយ​ផ្នែក​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​ទំហំ​ប៉ុន​ចក្រភព​អង់គ្លេស​ស្ថិតនៅក្រោម​ទឹក លោក​ហ្គូ​ទែ​រ៉េស បាន​វាយប្រហារ​រិះគន់​បណ្តា​ក្រុមហ៊ុន​ឥន្ធនៈផូស៊ីល​និង​«​សង្គ្រា​​ម​អត្តឃាត​លើ​ធម្មជាតិ​»​។​លោក​បាន​អំពាវនាវ​អោយ​ប្រទេស​អភិវឌ្ឍន៍​យកពន្ធ​លើ​ចំណូល​មកពី​ការលក់​ឥន្ធនៈផូស៊ីល និង​ផ្តល់​មូលនិធិ​សំ​រាប់ទាំង​ទូទាត់​ការខូចខាត​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាស​​ធាតុ​និង​ដើម្បី​ជួយ​ប្រជាជន​ដែល​កំពុង​ត្រដរ​រស់​នឹង​ការឡើង​ថ្លៃទំនិញ​។​

​លោក​បាន​និយាយថា «​ខ្ញុំ​សូមជម្រាបថា ពិភពលោក​របស់​យើង​ញៀន​នឹង​ឥន្ធនៈ​ផូស៊ីល​។​វា​ដល់​ពេល​អន្តរាគមន៍ ដោយ​យើង​ត្រូវ​អោយ​បណ្តា​ក្រុមហ៊ុន​ឥន្ធនៈផូស៊ីល​និង​អ្នក​ជួយ​ពួកវា​អោយ​ទទួលខុសត្រូវ​»​។​

​នៅពេល​ក្រុម​មេដឹកនាំ​ពិភពលោក​បាន​ទៅដល់​ស្នាក់ការ​អង្គការសហប្រជាជាតិ​ជា​បន្តបន្ទាប់ កងកម្លាំង​គាំទ្រ​ដោយ​រុស្ស៊ី​បាន​ប្រកាស​ថា​ពួកគេ​នឹង​ធ្វើ​ប្រជាមតិ​ស្តីពី​ការ​ផ្តាច់ខ្លួន​ទៅ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​។​​ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​ពណ៌នា​ការឈ្លានពាន​របស់​រុស្ស៊ី​ថា​ជា​«​ការវិល​ទៅរក​យុគ​ថ្មី​មួយ​នៃ​ចក្រពត្តិនិយម​និង​អាណានិគមនិយម​» ហើយ​បាន​ព្រមាន​ថា​វា​នឹង​«​ហែក​​ចោល​សណ្តាប់ធ្នាប់​ពិភពលោក​។​វា​មិន​ជា​បញ្ហា​នៃ​ការជ្រើសរើស​នៅ​ខាង​ណា​រវាង​លោក​ខាងកើត​និង​ខាងលិច ឬ​ខាងជើង​និង​ខាងត្បូង​ទេ តែ​វា​ជា​បញ្ហា​នៃ​ការទទួលខុសត្រូវ​»​ចំពោះ​ធម្មនុញ្ញ​របស់​អង្គការ​​សហប្រជាជាតិ​។​

«​ក្រៅ​ពី​សង្គ្រាម មាន​ហានិភ័យ​នៃ​ការបែកបាក់​នៅក្នុង​លោក ដោយសារ​ផលប៉ះពាល់​ផ្ទាល់​និង​ប្រយោល​»​។​

​តែ​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយចំនួន​បាន​ប្រឆាំង​នឹង​ការអំពាវនាវ​អោយ​ដាក់ទោស​រុស្ស៊ី​និង​ក៏​មិន​គាំទ្រ​ការបញ្ជូន​ជំនួយ​យោធា​រាប់​ពាន់​លាន​ដុល្លារ​សំរាប់​អ៊ុយ​ក្រែន​ផងដែរ​៕

​អគ្គលេខា​អង្គការសហប្រជាជាតិ​លោក​អង់​តូ​ញ៉ូ ហ្គូ​ទែ​រ៉េស បាន​បើក​ជំនួប​កំពូល​នេះ​ជាមួយនឹង​ការចាក់​បង្ហាញ​រូបភាព​នាវា​ដឹក​គ្រាប់​ធញ្ញជាតិ​ចេញពី​អ៊ុ​យក្រែន