ដោយៈ ជា សីហៈ/ភ្នំពេញៈ ការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី គឺជាប្រធានបទស្នូលនៃជួបរវាង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក ជីមមី តៃ (Jimmy TAY) ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ។ លោក ជីមមី តៃ បានធ្វើបទបង្ហាញអំពីបច្ចេកទេសថ្មី ដែលមានសារៈសំខាន់ និងជាពិសេសអត្ថប្រយោជន៍នៃការប្រើប្រាស់អតិសុខុមប្រាណដី ទៅលើគុណភាពដី និងដំណាំ។

លោកបានអះអាងថា បច្ចុប្បន្ននេះ បច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes របស់ក្រុមហ៊ុនបាន និងកំពុងប្រើប្រាស់ក្នុង ១១ប្រទេស ហើយក្នុងនោះ ៧ប្រទេស គឺស្ថិតនៅក្នុងតំបន់អាស៊ីមានប្រទេសម៉ាឡេស៊ី ប្រទេសថៃកំពុងប្រើប្រាស់លើមុខដំណាំស្រូវ ប្រទេសវៀតណាមលើមុខដំណាំកៅស៊ូ ប្រទេសឥណ្ឌូនេស៊ីលើមុខដំណាំប្រេងដូង ប្រទេសឥណ្ឌាលើមុខដំណាំស្រូវ ចេក និងស្រូវសាលី ប្រទេសចិនលើមុខដំណាំតែនិងស្រូវ និងប្រទេសហ្វីលីពីន។ ហើយកម្ពុជាគឺជាប្រទេសបន្ទាប់ដែលមាននៅក្នុងផែនការវិនិយោគ និងចែកចាយបច្ចេកវិទ្យាអតិសុខុមប្រាណដី Soil Microbes នេះរបស់ក្រុមហ៊ុន។

លោក បាន បន្តថា បច្ចេកវិទ្យារបស់ក្រុមហ៊ុនលោកគឺមិនមែនជាផលិតផលជីនោះទេ គឺជាផលិតផលបំប៉នសម្រាប់ជួយកែប្រែដី ធ្វើឱ្យដីមានជីវជាតិ ហើយឈានទៅអាចកាត់បន្ថយការប្រើប្រាស់ជីបានជាង ៥០% ដោយក្នុង ១ហត ត្រូវការប្រើប្រាស់ផលិតផលនេះតែ ១គីឡូប៉ុណ្ណោះ។

ដោយក្នុងបរិបទនៃជំងឺឆ្លងកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែននិងរុស្សីបានធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្មមានការឡើងថ្លៃគួរឱ្យបារម្ភ លោក រដ្ឋមន្ត្រីបានសម្តែងនូវការចាប់អារម្មណ៍ និងស្វាគមន៍ចំពោះបច្ចេកវិទ្យាអតិសុខុមប្រាណដី របស់ក្រុមហ៊ុន ដើម្បីជួយកសិករបង្កើនគុណភាពដី បង្កើនទិន្នផល និងជាពិសេសកាត់បន្ថយការចំណាយលើការប្រើប្រាស់ជី និងថ្នាំ។

លោករដ្ឋមន្រ្តីបានណែនាំដល់ក្រុមហ៊ុនធ្វើកិច្ចសហការជាមួយនាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងពិសោធលើផលិតផលនេះ ហើយជំហានបន្ទាប់គឺត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការរៀបចំប្រើប្រាស់សាកល្បងលើមុខដំណាំដែលមានសក្ដានុពលដូចជា ស្រូវ ពោត ដំឡូវមី ដំណាំស្លឹក និងកៅស៊ូនៅតាមស្ថានីយពិសោធនានានៅតាមខេត្តគោលដៅ មុនធ្វើការចែកចាយទៅលើទីផ្សារ៕