ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាទូក និងរ៉ូអ៊ីងកម្ពុជា ក្នុងការដុសខាត់ សមត្ថភាពអត្តពលិកជម្រើសជាតិ និងមន្រ្តីបច្ចេកទេសរបស់ខ្លួន ដើម្បីត្រៀមដណ្តើម មេដាយកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ចុងឆ្នាំ២០២២ នេះ គឺផ្នែកមួយនៃផែនការយុទ្ធសាស្រ្ត របស់សហព័ន្ធកីឡាទូក និងរ៉ូអ៊ីងកម្ពុជា ដើម្បីពិនិត្យមើលពីអ្វីដែលកម្ពុជាខ្លាំង និង អ្វីដែលត្រូវកែលម្អ។

បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ ទូកនាគ ” ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង ជើងឯកថ្នាក់ជាតិ “ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២ ” នៅខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចាត់ទុកថាៈ កីឡាជាតិ លើទី៣ គឺជាផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាទូក ពីព្រោះមានកាប្រកួតច្រើន មានក្រុមកីឡាទូកច្រើន មកពីបណ្តារាជធានី ខេត្ត និងក្រសួងស្ថាប័នចូលរួម។

ការប្រកួតក្នុងកីឡាជាតិនេះ នឹងបង្កើនសិទ្ធផលដល់អត្តពលិក កាន់តែល្អប្រសើរ។ ជាពិសេស សម្រាប់កីឡាករថ្មី ដែលមិនធ្លាប់បានចូលរួមប្រកួតអន្តរជាតិ នឹងទទួលបាន បទពិសោធន៍ និង បច្ចេកទេសថ្មី អាចពង្រឹងស្មារតី និងបន្សំខ្លួនពីការប្រកួតនេះ។

មន្រ្តីបច្ចេកទេសរបស់សហព័ន្ធ ក៏អាចពង្រឹងសមត្ថភាពពីការកាត់សេចក្តី នៃការប្រកួតផ្ទាល់ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាល ចំនួន ៥ លើក រួចមកហើយ និងធ្លាប់បានកាត់សេចក្តី ពីការប្រកួតថ្នាក់ជាតិ ដូចជា ជើងឯកថ្នាក់ជាតិ យកមកអនុវត្តបន្ថែម ទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់។

ក្រៅពីបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស និងដុសខាត់សមត្ថភាពអត្តពលិក សហព័ន្ធ ក៏ យកព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ ដើម្បីស្វែងរកកីឡាករឆ្នើមៗ ដែលមានគុណផលល្អ បន្ថែមពីបណ្តារាជធានី ខេត្ត មកហ្វឹកហាត់ជាមួយ ក្រុមជម្រើសជាតិ ដើម្បីបំពេញបន្ថែម ចំណុចខ្សោយ ពង្រឹងចំណុចខ្លាំង។ ជាពិសេស ផ្លាស់ប្តូរសមាសភាព ដែលមិនមានសិទ្ធផលកើនឡើង ត្រៀមប្រកួតប្រជែងដណ្តើម មេដាយ ឲ្យបានពីកីឡាស៊ីហ្គេម នៅកម្ពុជា។

ការប្រកួតកីឡាជាតិ (National Games) លើកទី៣ នឹងត្រូវរៀបចំធ្វើឡើង នាចុងខែវិច្ឆិកា ខាងមុខនេះ។ សម្រាប់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានសមាគមកីឡាទូក រាជធានី ខេត្ត ចំនួន ១១ ចូលរួមប្រកួតលើវិញ្ញាសា ៥០០ ម៉ែត្រផ្នែកបុរស។ ក្នុងនោះ សហព័ន្ធ​បានត្រៀមមន្រ្តីបច្ចេកទេសសរុប ៦០ នាក់ ចូលរួមកាត់សេចក្តីការប្រកួតផ្ទាល់៕/V