​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​កែប្រែ​អាវុធ Kalashnikov AK-12 ដែល​កងកម្លាំង​របស់​ខ្លួន​ប្រើប្រាស់​ក្នុងប្រទេស​អ៊ុ​យក្រែន ដើម្បី​បង្កើន​ល្បឿន​ការបាញ់​និង​ផ្តល់​ឱ្យ​ទាហាន​​នូវ​ការគ្រប់គ្រង​បន្ថែមទៀត​លើ​របៀប​បាញ់ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ RIA បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​ដកស្រង់​សម្តី​ប្រធាន​ក្រុមហ៊ុន​ផលិត​អាវុធ​។​

​លោក អា​ឡាន់ លូ​ស្នី​កូវ (Alan Lushnikov) ប្រធាន​ក្រុមហ៊ុន Kalashnikov Concern បាន​ប្រាប់ RIA ថា កំណែ​អាវុធ AK-12 ដែល​បាន​ចូល​បម្រើ​សេវាកម្ម​ក្នុង​ឆ្នាំ ២០១៨​នឹងមាន​​ការបិទ​ការផ្ទុះ​គ្រាប់​ម្តង​ពីរ​គ្រាប់​របស់​វា ហើយ​នឹង​មាន​ការគ្រប់គ្រង​ពីរបែប​នៃ​របៀប​បាញ់ ក៏​ដូច​ជា​កន្លែង​ដង​កាន់​អាច​លៃ​តម្រូវ​បាន​។

​លោក​លូ​ស្នី​កូវ​បាន​និយាយថា “​ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត យើង​បាន​ជ្រើសរើស​ដំណោះស្រាយ​បច្ចេកទេស បង្កើត​គំរូ និង​បង្ហាញ​វា​ដល់​តំណាង​ក្រសួងការពារជាតិ​រុស្ស៊ី​”​។​

​លោក​មិន​បាន​និយាយ​ថា​តើ​ពេលណា​អាវុធ​ទំនើប​នេះ​នឹង​ចូល​បម្រើ​សេវាកម្ម​នោះទេ ដោយ​គ្រាន់តែ​និយាយថា​វា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​ឯកសារ​រចនា​ប៉ុណ្ណោះ​។​

​កាំភ្លើង AK-12 ផលិត​ដោយ​ក្រុមហ៊ុន Kalashnikov ដែល​ក្លាយជា​អាវុធ​ប្រើ​ទូទៅ​របស់​កងកម្លាំង​ប្រដាប់អាវុធ​រុស្ស៊ី មាន​ទំហំ​មាត់​គ្រាប់កាំភ្លើង ៥,៤៥ មិល្លីម៉ែត្រ និង​មាន​ភាពច្បាស់លាស់​ប្រសើរ​ជាង​កំណែ​មុន​របស់​វា ក្នុងចំណោម​ប្រភេទ​អាវុធ​ផ្សេងៗ​ទៀត​។​

​ក្រុមហ៊ុន​ផលិត​អាវុធ Kalashnikov ត្រូវបាន​ដាក់​ទណ្ឌកម្ម​ដោយ​សហរដ្ឋ​អាម៉េរិក​ក្នុង​ឆ្នាំ ២០១៤ ជា​ឆ្នាំ​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​និង​ដាក់បញ្ចូល​ឧបទ្វីប​គ្រី​មេ​ជា​ឧបសម្ពន្ធ​របស់​ខ្លួន​។ សហភាព​អឺរ៉ុប​និង​ចក្រភព​អង់គ្លេស បាន​ដាក់​ទណ្ឌកម្ម​ផ្ទាល់ខ្លួន​ប្រឆាំង​នឹង​ក្រុមហ៊ុន Kalashnikov Concern នៅ​ឆ្នាំ​នោះ​ផង​ដែរ​៕

​កាំភ្លើង Kalashnikov AK-12 នឹង​ត្រូវ​កែប្រែ​ដើម្បី​បាញ់​លឿន​ជាង​មុន​