​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក ឧបនាយករដ្ឋមន្ត្រី ប្រចាំការ ប៊ិន ឈិន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ដំណើរការ​កាត់សេចក្តី របស់​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ជាមួយ​ឧបការី អគ្គលេខាធិការ ទទួលបន្ទុក​កិច្ចការ​ច្បាប់​របស់ អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) និង​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​។ ជំនួប​ពិភាក្សា​ការងារ​នេះ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ក្នុងជំនួប​រវាង លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិន ឈិន បាន​ជួប​ជាមួយ​ឧបការី អគ្គលេខាធិការ អ​.​ស​.​ប​. ទទួលបន្ទុក​កិច្ចការ​ច្បាប់​របស់ អង្គការសហប្រជាជាតិ លោក Stephen Mathias ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ របស់​អង្គជំនុំជម្រះ វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា ហៅ​កាត់​ថា (​អ​.​វ​.​ត​.​ក​.) និង​មុខងារ​សេសសល់ ក្រោយ​តុលាការ ដែល​នឹង​មកដល់ ក្នុងពេល​ខាងមុខនេះ​។​

​ជាមួយគ្នានេះ ក្នុងជំនួប​ពិភាក្សា​ការងារ ភាគី​ទាំងពីរ ក៏បាន​ឯកភាពគ្នា​ចេញ​សេចក្តី​ថ្លែង ការណ៍​រួមមួយ ពាក់ព័ន្ធ​នឹង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ។​

​ក្នុង​សេចក្តីថ្លែងការណ៍​នេះ បានបញ្ជាក់​ថាៈ ចាប់តាំងពី អ​.​វ​.​ត​.​ក​. បាន​បង្កើតឡើង នៅ​ឆ្នាំ​២០០៦ មក អ​.​វ​.​ត​.​ក​. បានទទួល​ភស្តុតាង​ពី​ជនរងគ្រោះ ជាង ១០.៣០០ នាក់ បានចេញ​សេចក្តីសម្រេច​ជាង ១.៣៤៥ និង​បាន​បង្កើត​កំណត់ហេតុ តាមផ្លូវ​តុលាការ និង​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ចំនួន​ជាង​បី​លាន​ទំព័រ​។ អង្គជំនុំជម្រះ គ្រោង​នឹង​បញ្ចប់ សំណុំរឿង​ទាំងអស់ ត្រឹម​បំណាច់ ឆ្នាំនេះ​។ រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហ ប្រជាជាតិ បាន​ឯកភាពគ្នា​ថា អង្គជំនុំជម្រះ​វិសាមញ្ញ នឹង​បំពេញ​មុខងារ​សេសសល់ របស់ខ្លួន​សម្រាប់​ដំណាក់កាល​ដំបូង​រយៈពេល​បី​ឆ្នាំ ដោយ​ចាប់ផ្ដើម​នៅក្នុង​ឆ្នាំ​២០២៣​។​

​ជាមួយគ្នានេះ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​លោក​ឧបការី​អគ្គលេខាធិការ អ​.​ស​.​ប​. បាន​ស្វាគមន៍​ចំពោះ វឌ្ឍនភាព​ការងារ យ៉ាង​ធំធេង​របស់ អ​.​វ​.​ត​.​ក​.​។ លើសពីនេះ​ទៀត ថ្នាក់ដឹកនាំ​ទាំងពីរ បាន​ពិភាក្សា​អំពី​មុខងារ​សេសសល់​ដែល អ​.​វ​.​ត​.​ក​. ត្រូវបំពេញ នៅពេល​បញ្ចប់​កិច្ចដំណើរការ​នីតិវិធី តាមផ្លូវ​តុលាការ​របស់ខ្លួន​។ គោលបំណង​មួយ ក្នុងចំណោម​គោលបំណង​សំខាន់​នានា នៃ​មុខងារ​សេសសល់​នោះ គឺ​ដើម្បី​ថែរក្សា​កេរតំណែល អ​.​វ​.​ត​.​ក​. រួមទាំង​តាមរយៈ​ការអនុញ្ញាតឱ្យ​សាធារណជន អាច​ចូល​ពិនិត្យមើល​ព័ត៌មាន នៅក្នុង​បណ្ណសារ​របស់ អ​.​វ​.​ត​.​ក​. បាន​ទូលំទូលាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ការងារ​របស់ អ​.​វ​.​ត​.​ក​.​។ ក្នុងនាម​រាជរដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ យើង​សូម​បន្ត​ការគាំទ្រ ដល់​ការងារ​ផ្នែក​គុណ​ការ ដ៏​មាន​សារសំខាន់​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ និង​ការងារ​សេសសល់ ដែល​នឹង​ដំណើរការ នាពេលខាងមុខ​” ។​

​លោក ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បានបញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត របស់​រាជរដ្ឋាភិបាល ក្នុងការ​ផ្តល់​ថវិកា ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ និង​សូម​សម្តែង​នូវ​ការកោតសរសើរ ដោយស្មោះ ចំពោះ​ការ​គាំ​ទ​ជា​យូរអង្វែង​ពី អ​.​ស​.​ប​. និង​ម្ចាស់ជំនួយ​របស់ អ​.​វ​.​ត​.​ក​. ហើយ​ថា ការងារ​របស់ អ​.​វ​.​ត​.​ក​. មិនអាច​ដំណើរការ​ទៅមុខ ដោយ​គ្មាន​ជំនួយ​ពី អ​.​ស​.​ប​. និង​ម្ចាស់ជំនួយ​ទាំងនោះ​បានឡើយ​។
​លោក​បាន​ជំរុញ​ឱ្យ​បណ្ដា​រដ្ឋ ជា​ម្ចាស់ជំនួយ មេត្តា​ផ្តល់​ការគាំទ្រ​ដើម្បី​ឱ្យមាន ការផ្សព្វផ្សាយ​ព័ត៌មាន ឱ្យបាន​កាន់តែ​ទូលំ​ទួ​លាយ ដល់​សាធារណជន​កម្ពុជា – ជាពិសេស ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម និង​យុវជន​ជំនាន់​ក្រោយ នៅ​កម្ពុជា គាំទ្រ​ដល់​ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ និង​បញ្ចៀស​មិន​ឲ្យ​អំពើ​ព្រៃផ្សៃ ពី​អតីតកាល កើតឡើង​សាជាថ្មី​។​

​ជាមួយគ្នានេះ លោក​ឧបការី​អគ្គលេខាធិការ អ​.​ស​.​ប​. ទទួលបន្ទុក​កិច្ចការ​ច្បាប់ បាន​សម្តែង​នូវ​សេចក្ដីសោមនស្ស​ដែល បានមក​ទស្សនកិច្ច នៅក្នុង​ព្រឹត្តិការណ៍ ដ៏​សំខាន់​នេះ​។ ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ ធ្លុះ​បញ្ចាំង​អំពី​ការប្ដេជ្ញាចិត្ត​រួមគ្នា របស់​រាជរដ្ឋាភិបាល អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ដើម្បី​ធានា​នូវ គណនេយ្យភាព ចំពោះ​ឧក្រិដ្ឋកម្ម​នានា ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម ព្រមទាំង​ធានា​នូវ​យុត្តិធម៌ សម្រាប់​ជនរងគ្រោះ​។​

​លោក​ឧបការី​អគ្គលេខាធិការ អ​.​ស​.​ប​. ក៏បាន​បញ្ជា​ក់នូវ​ការប្តេជ្ញាចិត្ត​របស់​អង្គការ សហប្រជាជាតិ​ផងដែរ ក្នុង​ការបន្ត​គាំទ្រ​ដល់ អ​.​វ​.​ត​.​ក​. នៅក្នុង​អំឡុង​ដំណាក់កាល អនុវត្ត​មុខងារ​សេសសល់ និង​បាន​សង្កត់ធ្ងន់​នួវ សារសំខាន់ នៃ​ការថែរក្សា​កេរតំណែល អ​.​វ​.​ត​.​ក សម្រាប់​ប្រជាជន​កម្ពុជា​។​

​លោក ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​លោក​ឧបការី អគ្គលេខាធិការ អ​.​ស​.​ប​. នឹងចូលរួម​ស្ដាប់​ការប្រកាស​សាលដីកា​ស្ថាពរ នៅក្នុង​សំណុំរឿង​ចុងក្រោយ នៅ អ​.​វ​.​ត​.​ក​. ប្រឆាំងនឹង​អតីត​ប្រមុខរដ្ឋ នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ ខៀវ សំផន ដែល​នឹង​កំណត់ពេល​ដំណើរការ នៅ​ថ្ងៃស្អែក (​ថៃ្ង​ព្រហស្បតិ៍ ទី​២២ ខែកញ្ញា ឆ្នាំ ២០២២)​។ បន្ទាប់មក ភាគី​ទាំងពីរ នឹងធ្វើ​សេចក្ដីថ្លែងការណ៍ ជា​សាធារណៈ​របស់ខ្លួន នៅ​បរិវេណ អ​.​វ​.​ត​.​ក​. ៕​ V / N