ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានបញ្ជាក់ ថា ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបើកម៉ូតូកង់បីបានបញ្ជាក់ យ៉ាងច្បាស់ថា ជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ហើយយកលុយពីគាត់មិនមែនជាសមត្ថកិច្ចនៅគោលដៅ នោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស ។

លោកបន្តថា បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណីដែលកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។នៅវេលាម៉ោងប្រហែល ១០:៣០ព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់បានបើកបរ ទិសដៅពីវត្តភ្នំគោលដៅឆ្លងស្ពានជ្រោយចង្វារលុះមកដល់គោលដៅរង្វង់មូលកួចកាណុងក៏ស្រាប់តែមានមន្រ្តីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យករណីមិនកិបគន្លឹះមួកសុវត្ថិភាព។ពេលនោះមន្ត្រីអនុវត្តច្បាប់បានបញ្ជាក់ថា តាមច្បាប់លើករណីល្មើសនេះត្រូវផាកពិន័យ៦០.០០០រៀល។ពេលនោះគាត់ក៏បាននិយាយថាគាត់គ្មានប្រាក់ដើម្បីបង់ពិន័យនោះទេរួចមកគាត់ក៏ទូរស័ព្ទទៅនិយាយជាមួយថៅកែរបស់គាត់បន្ទាប់មកគាត់ក៏ហុចទូរស័ព្ទជូនមន្រ្តីដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ ក្នុងគោលបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍ កុំផាកពិន័យត្រឹមតែ អប់រំទៅបានហើយ។ភ្លាមនោះមន្រ្តីរបស់យើងក៏បានប្រគល់ទូរស័ព្ទជូនគាត់វិញព្រមទាំងអនុញ្ញាតឲ្យរូបគាត់ទៅដោយមិនបានផាកពិន័យ ឆ្លៀតពេលនោះមានជនឱកាសនិយម ស្លៀកពាក់ស៊ីវិលឆ្លៀតឱកាសហៅបុរសនោះ ចេញមកក្រៅ ដោយប្រាប់ថាបើអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដើម្បីបង់ថ្លៃល្មើសចរាចរណ៍ដោយមិនចាប់ អារម្មណ៍ហើយប្រញាប់ផងក៏ជឿមិនបានគិតហើយក៏បានផ្តល់លុយនោះទៅឲ្យជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ចអនុវត្តច្បាប់ ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថាបន្ទាប់ពីទទួលបានព័ត៌មាននេះការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវ និងបានអញ្ជើញប្រធានគោលដៅមន្រ្តីទាំងអស់នៅគោលដៅ កួចកាណុងនិងអ្នកបើកបរមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកព្រមទាំងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធចុះទៅសួរនាំនិងឆែកកាមេរាសុវត្ថិភាពនៅហាងបញ្ចាំយីហោ៥៨៥ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា ៖ នៅវេលាម៉ោងប្រហែលជិត ១១ ថ្ងៃទី២០ ខែកញ្ញាមានជនស៊ីវិលចំនួនពីរនាក់ បានជិះម៉ូតូម៉ាក PCX មិនចាំផ្លាកលេខ យកទូរស័ព្ទមកដាក់បញ្ចាំនៅហាងរបស់គាត់ពិតប្រាកដមែន ប៉ុន្តែគាត់បានបដិសេធថា ជនទាំង ពីរនាក់ខាងលើ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ ។ ប្រភពដដែលបញ្ជាក់ថា ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ចដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថាតើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាល ចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់ ។ ជាមួយនោះដែរក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវប្រើប្រាស់កាយវិការនិងពាក្យសំដីឲ្យបានសមរម្យជាមួយប្រជាពលរដ្ឋទោះជាកំពុងរវល់ឬហត់នឿយក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងណាក៏ដោយ។ម្យ៉ាងវិញទៀតត្រូវអនុវត្តការងារប្រកបដោយសីលធម៌និងណែនាំអប់រំបន្ថែមអំពីច្បាប់ចរាចរណ៍ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ៕សរន