ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា អភូតហេតុ Autumnal Equinox នឹង​ឈាន​មកដល់​នៅ​ថ្ងៃស្អែក ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នេះហើយ​។

​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ បានឱ្យដឹងថា នា​វេលា​ម៉ោង​៦​កន្លះ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ព្រះអាទិត្យ​នឹង​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត គឺជា​វេលា​ពេល​ថ្ងៃ និង​រយៈពេល​យប់​មាន​ស្មើគ្នា ដែលជា​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ តែងតែ​កើតឡើង​២​ដង​តែប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ នៅក្នុង​ខែកញ្ញា និង​ខែមីនា​។ ប៉ុន្តែ​អាកាសធាតុ​មិន​អំណោយផល​ក្នុង​សប្តាហ៍​នេះ ប្រហែលជា​យើង​មិនអាច​បានឃើញ​ព្រឹ​ត្ត​ការណ៍​នេះ​ដូច​រាល់​ឆ្នាំ​ទេ​។​

​ប្រភព​ដដែល​បាន​បន្តថា លើសពីនេះទៅទៀត អភូតហេតុ​សម​រាត្រី​នា​ខែកញ្ញា​នេះ ត្រូវចំ​វេលា​ដែល​ខ្មែរ​កំពុង​បោះ​បាយបិណ្ឌ ហើយ​គាប់​ជួន​នឹង​សេចក្តី​មានចែង​ក្នុង​សិលាចារឹក​ថ្នល់​បារាយណ៍ K279 នា​ចុង​សតវត្សរ៍​ទី​៩ បានអនុញ្ញាត​ឲ្យ​បោះ​បាយបិណ្ឌ​នៅ​ថ្ងៃ​សម​រាត្រី​ដែរ​៕​ N