​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​អះអាងថា ក្រុម​អ្នកជំនាញការ​អាដហុក​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ បាន​បន្ដ​ចុះ​ត្រួតពិនិត្យ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២​។

​ក្រុម​អ្នកជំនាញការ​អាដហុក​អាយ​ស៊ី​ស៊ី​-​ព្រះវិហារ​នោះបាន​ចុះ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដោយបាន​ចុះ​ត្រួតពិនិត្យ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​រួមមាន ការ​រ​ស្នើសុំ​សាងសង់​ស្ពាន​ភ្ជាប់​ស្ពាន​ហាល​ខាងលិច​គោ​បុ​រៈ​ទី​៥ ទល់មុខ​បញ្ជរ​ត្រួតពិនិត្យ​លើ​ភ្នំ​, ការត្រួតពិនិត្យ​ការងារ​អភិរក្ស និង​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង​ដំណាក់កាល​ទី​៣ ថ្នាក់​ទី​៦-៧ ។

​ប្រភព​ដដែល​បាន​បន្តថា អ្នកជំនាញ​និង​មន្ត្រី​កម្ពុជា​ក៏បាន​ពិភាក្សា និង​ការផ្ដល់​អនុសាសន៍​ល្អៗ​ទៅលើ​ការងារ​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង​ដំណាក់កាល​ទី​៤ ថ្នាក់​ទី​១១-១៤, ការធ្វើ​កំណាយ​សិក្សា​គ្រឹះ​នៃ​គោ​បុ​រៈ​ទី​៥ និង​ទីតាំង​តម្កល់​ចម្លាក់​, ការស្នើសុំ​ជួសជុល​ជណ្ដើរ​ឈើ​ដែល​ពុកផុយ​នៅ​ចន្លោះ​គោ​បុ​រៈ​ទី​៤-៥ ដើម្បី​ជួយ​សម្រួល​ក្នុងការ​ធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​ជាដើម ។ N