ដោយ​៖ ដេប៉ូ / ភ្នំពេញ​ រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថាៈ នៅក្នុង​ចុងឆ្នាំ​២០២២ ពោលគឺ នៅ​ខែតុលា ខាងមុខនេះ ក្រសួង​ការងារ នឹងដាក់​ឱ្យប្រើ​ប្រាស់ នូវ​អត្ថប្រយោជន៍​ដ៏​សំខាន់​មួយ នោះ​គឺ​របប​សន្តិសុខ​ស​សង្គម ផ្នែក​ប្រាក់​សោធន​និវត្តន៍​។ នាពេល​នេះដែរ ការផ្សព្វផ្សាយ​ពីរ​បប​ប្រាក់​សោធន ក៏ បាន​ឈានដល់​ជិត​ការបិទ​បញ្ចប់​យុទ្ធនាការ ៩០ ថ្ងៃ ផងដែរ​។​

​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល អប្បបរមា ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ លោក អ៊ិត សំហេង បានឱ្យដឹងថាៈ តាមរយៈ​យុទ្ធនាការ ស្តីពី​ប្រាក់​សោធន​នេះ ដែល​ក្រសួង​បានទទួល​ពី មតិយោបល់ និង​ក៏ដូចជា ការឆ្លុះបញ្ចាំង​ពី​ការយល់ឃើញ​របស់ កម្មករ និយោជិត និង និយោជក ឃើញថា បងប្អូន​អបអរ​សារ​ទរ បងប្អូន នឹង​អនុវត្ត​ហើយ ត្រៀមខ្លួន​ប្រាក់ វិភាគទាន ហើយ​និង​ក៏​ត្រៀមខ្លួន​ទទួលបាន​អត្ថប្រយោជន៍​ប្រាក់​សោធន នៅពេល​ខ្លួន ចូលនិវត្តន៍​។​

​លោក បានលើកឡើង​ដោយ​បញ្ជាក់ថាៈ “​នេះ​ជា​រឿង​ល្អ​ណាស់​! ខ្ញុំ​ជឿជាក់ថា ចាប់ពី​ខែតុលា ទៅ​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត ហើយ​យើង​សង្ឃឹមថា នឹង​ពុំមាន​ឧបសគ្គ​អ្វី​រារាំង ក្នុងការ​អនុវត្ត​នោះទេ​”​។​

​ជាមួយគ្នានេះ លោក អ៊ិត សំហេង បាន​មានប្រសាសន៍ថាៈ “​ពីដំបូង យើង​ព្រួយបារម្ភ ព្រោះថា កម្មករ និយោជិត​របស់​យើង គឺ​ប្រាក់​ឈ្នួល​របស់គាត់ មានកំណត់ ហើយ​កម្មវិធី ចាយវាយ​របស់គាត់ ក៏មាន​ផែនការ ប៉ុន្តែ​ឥឡូវនេះ ដល់ពេល​ជំរាប អំពី​អត្ថប្រយោជន៍ ច្បាស់លាស់​ទៅ ម្នាក់ៗ​សុខចិត្ត​បង់ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍ នៅពេល​ចាស់​ទៅ​។ ចំណែក​និយោជក (​ថៅកែ​) ក៏បាន​ត្រៀមខ្លួន ហើយ​ស្រេច​ដែរ ក្នុង​ការបង់​វិភាគទាន ជូន​កម្មករ​យើង ២ ភាគរយ និង​កម្មករ និយោជិត បង់ ២ ភាគរយ សម្រាប់​ការទទួល ប្រាក់​សោធន​និវត្ត​។ ពេល​ឈានដល់​ខែមករា ឆ្នាំ ២០២៣​ប្រាក់​ឈ្នួល​ថ្មី​ក៏​ឈាន​មកដល់ ប្រាក់​ឈ្នួល ក៏​កើនឡើង​ជាង​ប្រាក់​ឈ្នួល ចាស់​អញ្ចឹងទេ ខ្ញុំ​សូម​ចូលរួម​អបអរ​សារ​ទរ​”​។​

​សូម​រំលឹកថា កន្លងមក អន្តរក្រសួង បានប្រកាស ដាក់ឱ្យអនុវត្ត​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ស្តីពី​ការងារ នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២២ និង​ក្រសួង​ការងារ បានប្រកាស ស្តីពី​កាលបរិច្ឆេទ នៃ​ការចាប់ផ្ដើម​បង់​ភាគទាន នៃ​របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន តាម​របប​ភាគទាន ជា​កាតព្វកិច្ច និង​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២​។​

​ជាមួយគ្នានេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ របប​សន្តិសុខ​សង្គម ផ្នែក​ប្រាក់​សោធន សម្រាប់​បុគ្គល​ទាំងឡាយ ដែល​ស្ថិតនៅក្រោម បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ស្តីពី​ការងារ​រយៈពេល ៩០ ថ្ងៃ គឺ​ចាប់ពី​ខែកក្កដា ដល់​ដំណាច់ ខែកញ្ញា ឆ្នាំ​២០២២ នៅតាម​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស សួន​ឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​៕ V / N