​ដោយ​:​សុផល​/​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF)​បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​រៀបចំ​បោះជំរំ​អន្តរជាតិ ឆ្នាំ​២០២២ (World Camp 2022) នៅ​កម្ពុជា ក្រោម​អធិបតីភាព​លោក​បណ្ឌិត ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ និង​ជា​តំណាង​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។​

​កម្មវិធី​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ «​ការអប់រំ​ចិត្ត យុវជន​ឱ្យមាន​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​សីលធម៌ និង​គុណធម៌​» នៅ​សាល​មហោស្រព​កោះ​ពេជ្រ ដោយមាន​សិស្ស​-​និស្សិត ចូលរួម​ជាង​២៧០០​នាក់​។​

​ការបោះ​ជំរំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​វាគ្មិន​កិត្តិយស​ល្បីៗ រួមមាន​៖ លោក ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, លោក​បណ្ឌិត បាក់ អុក​ស៊ូ ស្ថាបនិក​អង្គការ​សម្ព័ន្ធ យុវជន​អន្តរជាតិ​, លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រឹក្សា​យោបល់​នៃ​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ និង​វាគ្មិន​ល្បីៗ ជាច្រើន​នាក់​ទៀត​។​

​លោក ហា ឈើ​ល ប្រធាន​អង្គការ IYF នៅ​កម្ពុជា បាន​បញ្ជាក់ថា ការបោះ​ជំរំ​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​អប់រំ ចិត្ត​យុវជន ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង​ក្លាយខ្លួនជា អ្នកដឹកនាំ​នាពេល​អនាគត ប្រកបដោយ​សីលធម៌ និង​គុណធម៌ ក្នុងនោះ​៖​ទី​១. ឱ្យ​យល់ដឹង អំពី​ការអប់រំ​ចិត្ត​ខ្លួនឯង ចេះ​ស្រឡាញ់​ជាតិ មាតុភូមិ គ្រួសារ និង​ខ្លួនឯង​។​ទន្ទឹម​នោះ ត្រូវ​ចេះ​គោរព​ច្បាប់​រដ្ឋ ច្បាប់ធម្មជាតិ សាសនា​។​ល​។ ទី​២. ត្រូវ​ចេះ​រស់នៅ​ជា​ក្រុម ធ្វើការ​ងារ​ជា​ក្រុម (Team work) និង​ចែករំលែក​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក (Share Experiences)​។​ទី​៣.​អញ្ជើញ​វាគ្មិន សំខាន់ៗ មក​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​ជូន​ដល់​ក្មួយៗ និង​ទី​៤. ចេះ​ហាត់ពត់​ខ្លួនឯង ដើម្បី​ក្លាយ ខ្លួន​ជា​អ្នកដឹកនាំ​ដ៏​ល្អ ប្រកបដោយ​សីលធម៌ និង​គុណធម៌ នាពេល​អនាគត​។​

​ក្នុង​ពិធី​បើក​លោក​បណ្ឌិត ស៊ាន បូរ៉ា​ត បាន​ថ្លែងថា ក្នុងនាម​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​លោក​បណ្ឌិត បាក់ អុក​ស៊ូ ស្ថាបនិក​អង្គការ IYF មកពី​ប្រទេស​កូរ៉េ និង​លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ និង​ជា​សមាជិក​គណៈកម្មាធិកា​រ​ប្រឹក្សា​យោបល់ នៃ​អង្គការ IYF ដែល​បាន​សហការ​រៀបចំ​កម្ម​វិធី ដ៏​មាន​សារៈសំខាន់​នេះ​ឡើង​។​លោក​បណ្ឌិត​បញ្ជាក់ថា ការពង្រឹង​គុណភាព​អប់រំ គឺជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ឱ្យ​យុវជន របស់​យើង​មានចំណេះដឹង​ពិតប្រាកដ មាន​សីលធម៌​ល្អ មានគុណ​ធម៌ និង​គតិបណ្ឌិត​។ យុវជន គឺជា​ក្រដាស​ដ៏​ស​ស្អាត ប្រសិនបើ​អូសទាញ គេ​ទៅរក​ផ្លូវ​ល្អ ពួកគេ​នឹង​ក្លាយទៅជា​ជន ដែលមាន​ភាព​ប្រសព្វ​មាន​ភាព​ទៅ​ឆ្លាត​ហើយ​អាច​បណ្ដុះ​ចិត្តគំនិត​តាមរយៈ​ការផ្ដល់​នូវ​ចំណេះដឹង​ដល់​ពួកគេ​គ្រប់ៗ​គ្នា​។​

​លោក​ក៏បាន​បញ្ជាក់​បន្ថែមថា ការ​ក្លាយខ្លួនជា​យុវជន ដែលមាន​ជោគជ័យ​គឺមាន​ឱកាស​ជួយ​ខ្លួនឯង​គ្រួសារ និង​សង្គម ហើយ​ការទទួលបាន​ជោគជ័យ​នេះ​ស្មើនឹង​ការសង​គុណ​ត្រឡប់​ទៅកាន់​អ្នកមានគុណ​៕​សរន​