ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងនៅថ្ងៃទី ២២ ខែ កញ្ញាថា សហរដ្ឋអាមេរិក ចង់យកគំរូនៃការអនុវត្តដោយជោគជ័យ អនុស្សរណៈនៃការយោគយល់ ស្តីពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់ជាមួយកម្ពុជា ទៅអនុវត្តជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។

ប្រភពដដែលបានអះអាងថា ការប្រកាសបែបនេះ គឺនាឱកាសនៃការចូលជួបសម្តែងការគួរសមរវាង លោក បេនចាមីន វូឡូអ័ ( Benjamin V. Wohlauer) អនុទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក។

ប្រភពដដែលបានបន្តថា នាជំនួបនោះមន្រ្តីអាមេរិក បានបញ្ជាក់ថា ភាគីអាមេរិក មានសេចក្តីរីករាយចំពោះសមទ្ធិផលនានា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរកម្ពុជា-សហរដ្ឋអាមេរិក ជាពិសេសការអនុវត្តអនុស្សារណ:យោគយល់គ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពី ការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់ប្រទេកម្ពុជា។

លោក បានបញ្ជាក់បន្ថែមទៀតថា លទ្ធិផលវិជ្ជមាននេះអាចជាខ្នាតគំរូមួយសម្រាប់អនុវត្តជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ។ ពាក់ព័ន្ធនឹងអនុស្សារណ:យោគយល់គ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ស្តីពី ការដាក់កម្រិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់ប្រទេកម្ពុជាភាគីទាំងពីរកម្ពុជា-អាមេរិក នឹងចុះហត្ថលេខាបន្តសុពលភាពជាថ្មីរយៈពេល៥ឆ្នាំទៀត នាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពង្រីកវិសាលភាពអោយបានទូលំទូលាយជាងមុន។ ភាគីអាមេរិកបន្តប្តេជ្ញាចិត្តនៅក្នុងការបន្តជួយប្រទេសកម្ពុជាទៅលើការអភិរក្សបេតិកភណ្ឌវប្បធម៌។