ដោយ​៖ សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ រយៈពេល​៣​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១៩ ខែកញ្ញា ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​នូវ​ទីតាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ខុសច្បាប់​ចំនួន​៦៦​កន្លែង ដោយបាន​ធ្វើការ​អប់រំ ណែនាំ ធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​លេងល្បែង​ទាំងស្រុង និង​រុះរើ​ឧបករណ៍​តាំង​នោះ​ចេញ​។ ក្នុងនោះ​ទីតាំង​លេងល្បែង​ឆ្នោត​ឡូតូ ឆ្នោត​វៀតណាម បាន​ចំនួន​៣៣​ទីតាំង ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ បាន​ចំនួន​៣១​ទីតាំង និង​ល្បែង​កន្ទុយលេខ​បាន​ចំនួន​២​ទីតាំង នៅ​ទូទាំង​ខេត្តព្រះវិហារ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មានការ​បញ្ជា​ផ្ទាល់​ពី​លោក គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព ក្រុង ស្រុក នៅក្នុង​ខេត្តព្រះវិហារ​។​

​គួរ​រំលឹក​ផងដែរ​ថា តាមរយៈ​សារ​សម្លេង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២២​កន្លងទៅនេះ បានចេញ​បញ្ជា​ដាច់ខាត​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់រូប ជាពិសេស​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​បង្ក្រាប​ឱ្យអស់​នូវ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។ ក្នុងនោះ​សម្តេច​តេ​ជោ​ក៏បាន​ធ្វើការ​ព្រមាន​ដក អភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូប​ណា​ដែល​មិន​ទទួលខុសត្រូវ​លើ​តួនាទី ភារកិច្ច បណ្តោយឱ្យ​ល្បែងស៊ីសង​រីក​សាយភាយ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​៕​