ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត និង​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត ព្រមទាំង​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​នានា នៅក្នុង​សង្កាត់​ច្រកម្ទេស និង​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ដែល​កំពុង​រង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹកភ្លៀង​។

​លោក​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​ឲ្យ​ដឹងថាៈ នៅ​ព្រឹក​នេះ លោក​បាន​ដឹកនាំ មន្ទីរជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត រដ្ឋបាល​ក្រុង​បាវិត សហការ​ជាមួយ​ម្ចាស់​តំបន់​សេដ្ឋកិច្ច ពិ​សេ​សេនា​នា ក្នុង​ក្រុង​បាវិត ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង នៅតាម​តំបន់​សេដ្ឋកិច្ច ពិសេស និង​ទីតាំង​មួយចំនួន​ផ្សេងទៀត ក្នុង​ក្រុង​បាវិត​។
​ជា​លទ្ធផល ជា​ស្តែង នៅ​ថ្ងៃស្អែក លោក​នឹង​ឲ្យ​គ្រឿងចក្រ​ជីក​កាត់ផ្តាច់​ផ្លូវលំ​មួយកន្លែង សំរាប់​ឲ្យ​ទឹក​ដែល​នៅ​ប៉ែក​ខាងលើ ហូរ​បាន​ឆាប់រហ័ស ធ្លាក់ចូល​ទៅក្នុង​បឹង ដើម្បី​រំដោះ​ទឹក ចេញពី​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រមទាំង​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ ដែល​កំពុងទឹក​ជន​ន់​លិច​។

​លោក​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​ទៀតថាៈ នាពេលខាងមុខ ខេត្ត នឹងមាន​គម្រោង​ដាក់លូ​រំដោះ​ទឹក ដើម្បី​កុំ​ឲ្យ​ទឹក​ជន់​លិច​បន្តទៀត ពីព្រោះថា​នៅ​តំបន់​នេះ សំបូរ​រោងចក្រ ដូច្នេះ​បើ​មិនមាន​វិធានការ​ការពារ​ទេ ទឹកនឹង​លិច​រោងចក្រ នាំ​ឲ្យ​ស្ទះ​ដល់ ដំណើរការ​របស់​ក្រុមហ៊ុន ជាហេតុ​នាំ​ឲ្យ​ប៉ះពាល់​ការងារ​បងប្អូន កម្មករ កម្មការិនី​យើង ជាក់​ជាពុំខាន​ឡើយ​។​

​លោក​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ ដោយ​សង្កត់ធ្ងន់ថាៈ បញ្ហា​ដែល​យើង មានការ​ព្រួយ​បារ​ម្មណ៍​នោះ គឺ​ខ្លាច​ខាង​រោងចក្រ បង្ហូរទឹក​ស្អុយ​ចូល​ប្រឡាយ ឬ​បឹង ក៏ប៉ុន្តែ​នាពេល​កន្លងមក យើង​ក៏​ធ្លាប់បាន​ណែនាំ​រួចហើយ អំពី​បញ្ហា​ទឹក​កខ្វក់​នេះ រួមទាំង​បញ្ហា​បរិស្ថាន ជុំវិញ​តំបន់​ផងដែរ​។ ដូច្នេះហើយ លោក​ក៏​សំណូមពរ សូម​ឲ្យ​ខាង ក្រុមហ៊ុន រោងចក្រ ក៏ដូចជា តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់ នៅពេល​កសាង សាងសង់ ឬ​ធ្វើ​សំណង់​អ្វីមួយ ត្រូវ​គិតពី​ផលប៉ះពាល់​ជាមុន ព្រមទាំង​ត្រូវ​ចូលរួម​សហការ​ជាមួយ ខាង​អាជ្ញា​ដែនដី មន្ទីរ​អង្គភាព​ជំនាញ​នានា ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ កើតមាន​ទៅ​ថ្ងៃក្រោយ នាំ​ឲ្យ​ពិបាក ក្នុងការ​ដោះស្រាយ និយាយ​ជារួម យើង​មិនត្រូវ​គិតតែ​ប្រយោជន៍​ខ្លួនឯង ហើយ​វា​ប៉ះពាល់​ប្រយោជន៍ អ្នកដទៃ​នោះដែរ​។

​សូមបញ្ជាក់ថាៈ នាពេល​បច្ចុប្បន្ននេះ នៅ​ក្រុង​បាវិត បាន​នឹង​កំពុងអភិវឌ្ឍន៍ រីកចំរើន លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ព្រមទាំង​វិស័យ​ឯកជន​ផ្សេងៗ រួមមាន រោច​ក្រ សហគ្រាស មណ្ឌល​កម្សាន្ត បង្កើត​ឱកាស​ការងារ ដល់​កូនចៅ​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១០ មុ​ឺ​ន​នាក់ មាន​ប្រាក់បៀវត្ស ចិញ្ចឹម​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ តាម​លក្ខណៈ​គ្រួសារ ហើយក៏​មិន​ចំណាកស្រុក ទាំង​ប្រថុយប្រថាន ដែល​បង្ក​ជា ហានិភ័យ ដល់​ក្រុមគ្រួសារ​កូនចៅ​របស់​ប្រជាពលរដ្ឋ​នោះដែរ ។ ទាំងនេះ ក៏ដោយ​សារ ប្រទេសជាតិ​យើង មាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ដ៏​បុ​ិ​ន​ប្រសព្វ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V