​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​ពី​ការ​កេណ្ឌ​ទ័ព​ដោយ​ផ្នែក​នៅក្នុង​ប្រទេស​រុស្ស៊ី​ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ឈាន​​ដល់​ជិត​ប្រាំពីរ​ខែ ហើយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចាញ់​ប្រៀប​នៅ​សមរភូមិ​។ លោកពូ​ទីន​ក៏​បាន​ព្រមាន​លោកខាងលិច​ដែរ​ថា “​វា​មិនមែន​ជា​ការនិយាយ​សម្លុត​ទេ​”​ដែល​រុស្ស៊ី​នឹង​ប្រើ​គ្រប់​មធ្យោបាយ​​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​។​

​ក្រុមមន្ត្រី​បាន​និយាយថា ចំនួន​ទាហាន​បម្រុង​សរុប ដែល​ស្ថិត​ក្នុង​ផែនការ​កេណ្ឌ​ដោយ​ផ្នែក​នេះ​គឺ ៣០០.០០០ នាក់​។​

​សុន្ទរកថា​តាម​ទូរទស្សន៍​របស់​មេដឹកនាំ​រុស្ស៊ី​ទៅកាន់​ប្រជាជាតិ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​តំបន់​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​និង​ភាគខាងត្បូង​អ៊ុយ​ក្រែន​បាន​ប្រកាស​ផែនការ​រៀបចំ​ការបោះឆ្នោត​ស្តីពី​ការ​ក្លាយ​ជា​ផ្នែក​សំខាន់​នៃ​ប្រទេស​រុស្ស៊ី​។ ​កិច្ចខិតខំ​ប្រឹងប្រែង​គាំទ្រ​ដោយ​វិមាន​ក្រឹម​ឡាំង​ដើម្បី​លេប​យក​តំបន់​ចំនួន​បួន​អាច​កំណត់​ដំណាក់កាល​សម្រាប់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ការបង្កើនសង្គ្រាម បន្ទាប់​ពី​ជោគជ័យ​របស់​អ៊ុ​យក្រែន​។​

​ការបោះឆ្នោត​ប្រជាមតិ ដែល​គេ​រំពឹងថា​នឹង​ធ្វើឡើង​ចាប់តាំងពី​ខែ​ដំបូង​នៃ​សង្គ្រាម ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី​២៣​កញ្ញា​នៅក្នុង​តំបន់​លូ​ហាន​ស​ខ៍ (Luhansk) តំបន់​ឃើ​សុន (Kherson) និង​ផ្នែក​មួយ​នៃ​តំបន់​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) និង​តំបន់​ដូណិត​ស​ខ៍ (Donetsk) ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​។​

​លោកពូ​ទីន​បាន​ចោទប្រកាន់​លោកខាងលិច​ក្នុង​ការចូលរួម​ក្នុង “​ការគំរាមកំហែង​នុយក្លេអ៊ែរ​” និង​បាន​កត់សម្គាល់​អំពី​”​សេចក្តីថ្លែងការណ៍​របស់​អ្នក​តំណាង​ជាន់​ខ្ពស់​មួយចំនួន​នៃ​រដ្ឋ​ឈានមុខ​​របស់​ណា​តូ​អំពី​លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ដ៏​បំផ្លិចបំផ្លាញ​ប្រឆាំង​នឹង​រុស្ស៊ី​”​។​

​ពូ​ទីន​និយាយថា “​ចំពោះ​អ្នក​ដែល​អនុញ្ញាត​ឱ្យ​ខ្លួន​គេ​មាន​សេចក្តីថ្លែងការណ៍​បែប​នេះ​ទាក់ទង​នឹង​រុស្ស៊ី ខ្ញុំ​ចង់​រំលឹក​អ្នក​ថា ប្រទេស​របស់​យើង​ក៏​មាន​មធ្យោបាយ​សព្វាវុធ​ដ៏​បំផ្លិចបំផ្លាញ​និង​សម្រាប់​សមាសធាតុ​ដាច់​ដោយឡែក​ផ្សេងទៀត​ដែរ និង​ទំនើប​ជាង​ប្រទេស​ណា​តូ​ទៅទៀត ហើយ​នៅពេល​ណា​ដែល​បូរណភាព​ទឹកដី​នៃ​ប្រទេស​របស់​យើង​ត្រូវបាន​គំរាមកំហែង ដើម្បី​ការពារ​រុស្ស៊ី​និង​ប្រជាជន​របស់​យើង យើង​ពិតជា​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​អាច​រក​បានរ​បស់​យើង​”​។​

​លោក​បាន​បន្ថែមថា “​វា​មិនមែន​ជា​ការ​សម្លុត​ទេ​”​។​

​លោកពូ​ទីន​បាន​និយាយថា លោក​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ស្តីពី​ការ​កេណ្ឌ​ទ័ព​ដោយ​ផ្នែក ដែល​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ​។​

​លោកពូ​ទីន​បាន​និយាយថា “​យើង​កំពុង​និយាយ​អំពី​ការ​កេណ្ឌ​ទ័ព​ដោយ​ផ្នែក ពោល​គឺមាន​តែ​ប្រជាពលរដ្ឋ​នៅក្នុង​ទាហាន​បម្រុង​បច្ចុប្បន្ន​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ចុច​ឈ្មោះ ហើយ​សំខាន់​ជាងនេះទៅទៀត គឺ​អ្នក​ដែល​បម្រើការ​ក្នុង​កងកម្លាំងប្រដាប់អាវុធ ដែល​មាន​ជំនាញ​យោធា​ជាក់លាក់​និង​បទពិសោធន៍​ពាក់ព័ន្ធ​”​។​

​រដ្ឋមន្ត្រី​ការពារជាតិ​រុស្សី លោក សឺ​ហ្គេ សយ​ហ្គូ (Sergei Shoigu) បាន​និយាយ​នៅក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ទាហាន​ថ្មីថ្មោង​និង​និស្សិត​នឹង​មិន​ត្រូវ​បាន​កេណ្ឌ​នោះទេ គឺ​កេណ្ឌ​តែ​អ្នក​ដែល​មាន​បទពិសោធន៍​ប្រយុទ្ធ​និង​សេវាកម្ម​ពាក់ព័ន្ធ​ប៉ុណ្ណោះ​។​

​លោក​បាន​និយាយថា រហូតមកទល់​ពេលនេះ ទាហាន​រុស្ស៊ី​ចំនួន ៥.៩៣៧ នាក់​ត្រូវបាន​សម្លាប់​នៅ​អ៊ុ​យក្រែន​។ លោកខាងលិច​ប៉ាន់ប្រមាណ​ថា រុស្ស៊ី​បាត់បង់​ទាហាន​រហូតដល់​រាប់​ម៉ឺន​នាក់​ឯណោះ​៕

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ថ្លែង​ទៅ​កាន់​ប្រជាជាតិ​នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២​