​ដោយៈ​សុផល / ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នឹង​បើក​ឱ្យធ្វើ​ដំណើរ ដោយ​ឥតគិតថ្លៃ រយៈពេល​១​ខែ​ពេញ នៅ​ខែតុលា មុនពេល​ការផ្ដើម​បើក​ទូទាត់​ប្រាក់ នៅ​ខែវិច្ឆិកា ចុងឆ្នាំ​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងពេល​ចុះទៅ​ត្រួតពិនិត្យ​ផ្លូវ​នេះ ជា​លើកចុងក្រោយ កាលពី​ព្រឹក​ថ្ងៃទី​២១ កញ្ញា នេះ​។​

​គិត​មកដល់ពេលនេះ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​- ព្រះសីហនុ សម្រេច​ការងារ​សាងសង់ រួចរាល់ ស្ទើរតែ ១០០% ហើយ ខណៈ​ការងារ​នៅសល់​បន្តិចបន្តួច ក្រុមហ៊ុន នឹង​សាងសង់​ឱ្យបាន​រួចរាល់ មុនពេល​បើក​ដំណើរ ជា​បណ្តោះអាសន្ន ឱ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់ ដោយ​ឥតគិតថ្លៃ ចំនួន​១​ខែ នៅ​ខែតុលា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ថាៈ សម្រាប់​រថយន្ត​គ្រួសារ ដែលជា​រថយន្ត​តូច អាច​បើកបរ​ល្បឿន​ខ្ពស់បំផុត ១២០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ខណៈដែល​ល្បឿន​ទាប​បំផុត ៦០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។ ចំពោះ​រថយន្ត​កុងតឺន័រ ដែលមាន​សណ្តោង អនុញ្ញាតឱ្យ​ប្រើប្រាស់​ល្បឿន​ត្រឹមតែ ៨០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ខណៈ​រថយន្ត​ធំ​អត់​មាន​សណ្តោង អាចឱ្យ​ប្រើប្រាស់​ល្បឿន ១០០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី រថយន្ត​ដឹកទំនិញ​ធុន​ធំ គឺ​តម្រូវឱ្យ​បើក​ដោយ​ប្រកាន់​ស្តាំ​ជានិច្ច មិនអាច​បើក​លើ​គន្លង​ខាងឆ្វេង ដោយ​ប្រើពេល​យូរ​បាន​នោះទេ ខណៈ​ឡានតូច អាច​ប្រើប្រាស់​បាន ក្នុងករណី ដែល​មិនមាន​ឧបសគ្គ នៅខាងមុខ​។ ជាមួយគ្នា​នោះ រថយន្ត​ដែល​បើក​លើផ្លូវ​នេះ ដាច់ខាត​ត្រូវមាន​សុពលភាព​ឆៀក​បាន​ត្រឹមត្រូវ ទើប​អាច​បើក​លើផ្លូវ​ល្បឿន​លឿន​នេះ​បាន​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់​ទៀតថាៈ សម្រាប់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ​នេះ ក៏មាន​ការអនុញ្ញាតឱ្យ​ម៉ូតូ ដែលមាន​ទំហំ​ស៊ីឡាំង លើសពី ៥០០ សេ​សេ អាច​ប្រើប្រាស់​បាន​ផងដែរ ដោយមាន​កំណត់​ល្បឿន ត្រឹមតែ ១០០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ខណៈដែល​ម៉ូតូ មាន​ទំហំ​ស៊ីឡាំង​តូច​ជាង​នេះ គឺ​មិនមាន​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​នោះឡើយ​។​

​បើតាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទោះបី​ផ្លូវ​ល្បឿន​លឿន​នេះ ជា​ផ្លូវ​ឯកជន តែ​ក៏​នៅក្រោម​ច្បាប់​របស់​ប្រទេស​កម្ពុជា ដូចនេះ ផ្លូវ​នេះ នៅតែមាន​ការដាក់​កាមេរ៉ា ចាប់​ល្បឿន នៅតាម​គោលដៅ​នានា ជាមួយនឹង​ការផាកពិន័យ​តាមច្បាប់ ដោយ​មិនមាន​ការលើកលែង​នោះឡើយ​។​

​លោក​បាន​បញ្ជាក់ថាៈ ដោយសារ​ការសាងសង់​មានតម្លៃ​ថ្លៃ និង​កម្ពុជា មាន​ចំនួន យានយន្ត​តិចតួច ទើប​ធ្វើឱ្យ​ការទូទាត់​ប្រាក់ សម្រាប់​ការប្រើប្រាស់ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ មានតម្លៃ​ខ្ពស់ជាង​ប្រទេស​ផ្សេង ដោយ​នឹង​គិត ៨ សេន​ដុល្លារ ក្នុង ១ គីឡូម៉ែត្រ ដែល​តម្លៃ​គិត​ជា​មធ្យម គឺ​ចាប់ពី ១០ ទៅ ១២ សេន​ដុល្លារ ក្នុង ១​គីឡូម៉ែត្រ​។​

​សូមជម្រាបថា គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩​។ ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ផ្លូវ​នេះ អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន PPSHV Expressway Co.,Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ នៃ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួត ពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល​សាងសង់ ៤៨ ខែ គ្រោង​ចំណាយ​ថវិកា​ជាង ២ ពាន់​លាន​ដុល្លារ​សហរដ្ឋ អាមេរិក​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត នៅ​កម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង មក​ត្រឹមតែ ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ភស្តុភា​រកម្ម​ផងដែរ​៕/V​