ដោយៈដេប៉ូ/ភ្នំពេញ៖ ស្របពេលប្រាក់ឈ្នូលរបស់កម្មករ និយោជិត ត្រូវបានដំឡើងពី ១៩៤ ទៅ ២០០ដុល្លារ អាម៉េរិកនៅឆ្នាំ២០២៣ខាងមុខនេះរដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ហូបអាហារ និងសេវាផ្សេងៗទៀត មិនគប្បីដំឡើងថ្លៃនោះឡើយ ដែលនាំប៉ះពាល់ដល់ជីវភាពកម្មករនិងក៏ ដូចជា នាំឱ្យជះផលអាក្រក់ដល់ខ្លួនឯងវិញផងដែរ។

រូបថត៖លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាៈ “ខ្ញុំសុំឱ្យបងប្អូនផ្ទះជួល និងបងប្អូនដែលលក់ដូរ នៅជុំវិញរោងចក្រ សហគ្រាស ទាំងឡាយ ទី១ សុំកុំឱ្យដំឡើងថ្លៃ ដោយសុំឱ្យថ្លៃម្ហូបអាហារ និងទំនិញផ្សេងៗ រក្សានៅដដែល និងទី២ ថ្លៃឈ្នួលផ្ទះ សុំកុំឱ្យមានការដំឡើងថ្លៃ និងរួមទាំងសេវា ផ្សេងៗទៀត។ កុំឃើញដំឡើងប៉ុណ្ណឹង ហើយនាំគ្នាដំឡើង វាមិនល្អទេ ។ផ្ទុយមកវិញ វានឹងជះផលអាក្រក់ ទាំងកម្មករ និងខ្លួនឯងវិញ”។

ពាក់ព័ន្ធក្នុងរឿងនេះលោករដ្ឋមន្រ្តីបានពន្យល់ថាៈ “បើកាលណា នាំគ្នាដំឡើងថ្លៃធ្វើឱ្យកម្មករ គាត់មិនអាចជួលបាន ឬទិញទំនិញទាំងនោះបាន។ហេតុនេះ គាត់មិននៅទេ។ ម្ល៉ោះហើយ ដើម្បីរក្សាចំណូលបានល្អទាំងអស់គ្នាត្រូវរក្សា តម្លៃដដែល នោះជាការផ្ដល់ផលប្រយោជន៍ ដល់គ្នាយូរអង្វែង”។

ទាក់ទិនក្នុងរឿងនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់បញ្ជាឱ្យសាលារាជធានីភ្នំពេញរៀបចំមធ្យោបាយធ្វើដំណើរសម្រាប់ជូនបងប្អូនកម្មករ ទៅកាន់ស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា ប្រាក់ឈ្នួលរបស់កម្មករ និយោជិតនាឆ្នាំ២០២៣ ខាងមុខ បានទទួលបន្ថែមចំនួន ៦ ដុល្លារពោលគឺ ត្រូវបានដំឡើង​ពី១៩៤ ទៅ​ ២០០ ដុល្លារអាម៉េរិក។

លោករដ្ឋមន្រ្តីក្រសួងការងារបានថ្លែងថាៈ ”ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចយកតួលេខ ១៩៨ ដុល្លារ សម្រាប់ជាប្រាក់ឈ្នួលឆ្នាំ ២០២៣។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបន្ថែម ដល់កម្មករ និយោជិតពីរដុល្លារបន្ថែមទៀត ហេតុនេះ សម្រាប់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករ និយោជិត ឆ្នាំ ២០២៣ ត្រូវបានដំឡើង ២០០ ដុល្លារអាម៉េរិក”។

គួរបញ្ជាក់ថា ប្រាក់ឈ្មួលគោលរបស់កម្មករ និយោជិត ក្នុងឆ្នាំ២០២២ នេះ ទទួលបាន ១៩៤ ដុល្លារ ក្នុង១ខែ ដោយក្នុងនេះ មិនគិតប្រាក់អត្ថប្រយោជន៍ ផ្សេងៗទៀត នោះទេ៕/V/សរន