ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យ៖ភាគីថៃអាចនឹងចេញនិងអនុញ្ញាតឱ្យពលរដ្ឋកម្ពុជាប្រើប័ណ្ណអន្តោប្រវេសន៍ ពណ៌លឿង​(Immigration Card)សម្រាប់ដំណើរការឡើងវិញចូលព្រឹក-វិលល្ងាច ផ្សាររោងក្លឿប្រជាពលរដ្ឋខ្មែរ​នៅក្រុងប៉ោយប៉ែត។ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ជាពិសេអ្នករស់នៅក្រុងប៉ោយប៉ែតនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២២បានសម្តែង អំណរគុណ និងក្តីសប្បាយរីករាយជាមុន នៅពេលអាជ្ញាធរមានសមត្ថកិច្ចថៃ អាចអនុញ្ញាតឱ្យប្រើប័ណ្ណ ពណ៌លឿង (Immigration Card)សម្រាប់ផ្ដល់ជូនពលរដ្ឋខ្មែរចេញ ចូល ព្រឹក-ល្ងាច ទៅលក់ដូរ នៅផ្សាររោងក្លឿ ប្រទេសថៃ ដូចធម្មតាឡើងវិញ (ដូចមុនវិបត្តិសាកលនៃ ការរីករាលដាលជំងឺកូវីដ ១៩) និងដូចមុនឆ្នាំ២០១០ កន្លងមក ។

យោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៩ ខែកញ្ញាឆ្នាំ​២០២២​លើលិខិតលេខ៩១៦ស.ណ/អ.អចុះថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២២បានអនុញ្ញាតឱ្យប៉ុស្តិ៍នគរបាល ច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តសហការជាមួយសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ថៃ ដើម្បីពិនិត្យ និងស្នើសុំផ្ដល់ប័ណ្ណពណ៌លឿង (Immigration Card) សម្រាប់ផ្ដល់ជូនពលរដ្ឋខ្មែរ ចេញ ចូល ព្រឹក-ល្ងាច ទៅលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ ពោលគឺ បន្ទាប់ពីភាគីកម្ពុជា ស្នើភាគីថៃធ្វើប័ណ្ណ (Immigration Card) ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ នៅក្រុងប៉ោយប៉ែត និងដំណើរការឡើងវិញ សម្រាប់ការចូលព្រឹក-វិលល្ងាច ទៅមកផ្សាររោងក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

ក្នុងជំនួបពិភាក្សារវាងលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត និងសមភាគី​ថៃ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែន (នគរបាលអន្តោប្រវេសន៍)ព្រំដែនអន្តរជាតិខ្លងលឹក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។

លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានស្នើទៅលោកនាយប៉ុស្តិ៍ច្រកទ្វារ ព្រំដែនខ្លងលឹក ស្ដីអំពីការស្នើសុំឱ្យមានការដំណើរការ ការធ្វើប័ណ្ណអន្តោប្រវេសន៍ (Immigration Card) ជូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតំបន់ព្រំដែន នាក្រុងប៉ោយប៉ែត សារឡើងវិញ ពោលគឺ ដើម្បីបង្កលក្ខណ:ងាយស្រួល ឱ្យពួកគាត់ អាចចេញ ចូលក្នុងលក្ខណៈចូលព្រឹក-វិលល្ងាច ទៅមកផ្សាររោងក្លឿ នៅឃុំខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចកាលពីមុនឆ្នាំ២០១០ ។ឯលទ្ធផលខាងភាគីថៃ ថានឹងយកសំណើលើកនេះ ពីភាគីកម្ពុជា រាយការណ៍ជូន និងការសម្រេចពីថ្នាក់ដឹកនាំ របស់ខ្លួនបន្តទៀត ។

សូមបញ្ជាក់ថា នោះជាសំណើលើកទី៤ ហើយ ដែលនាយប៉ុស្តី៍បានស្នើភាគីថៃ ដើម្បីធ្វើកាតជូនបងប្អូនខ្មែរចេញ និងចូល ព្រឹក ល្ងាច ដើម្បីចូលផ្សារោងក្លឿ ក្នុងបំណងបង្កលក្ខណ:ងាយស្រួល ជូនប្រជាពលរដ្ឋកម្ពុជា ហើយគាំទ្រគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងផ្តល់សេវារដ្ឋបាល ជូនពលរដ្ឋ ៕/V/សរន