ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖យុទ្ធនាការនៃការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹមនៅក្នុងភូមិសាស្ត្ររាជធានី ភ្នំពេញរយៈពេលបួនថ្ងៃ គិតចាប់ពីយប់ ថ្ងៃទី១៧ ដល់យប់ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២២សមត្ថកិច្ចបង្ក្រាបល្បែង ស៊ីសងខុសច្បាប់គ្រប់ទម្រង់បានជាង ៦០ ករណី និងឃាត់ខ្លួនមនុស្សជាង ១០០ នាក់ ។ ចំពោះមុខបន្តទៅទៀត សមត្ថកិច្ចជំនាញ កំពុងតែធ្វើការស្រាវជ្រាវតាមដានទីតាំង មួយចំនួន ដូចជា អាផាតមិន ខុនដូ និងបុរីមួយចំនួន បើសិនជាមានបើកលេងល្បែង ស៊ីសងខុសច្បាប់ គឺសមត្ថកិច្ចនឹងចុះទៅបង្ក្រាបភ្លាម។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោក សាន សុខសីហា(រូបថតឯកសារ)

អ្នកនាំពាក្យស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ លោក សាន សុខសីហា បានថ្លែងប្រាប់រស្មីកម្ពុជានៅរសៀល ថ្ងៃទី២១ ខែកញ្ញានេះថា យុទ្ធនាការនៃការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏ដូចជាការបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញរយៈពេលបួនថ្ងៃគិតចាប់ពី ថ្ងៃទី១៧ ដល់ត្រឹមយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវបង្កា្របបាន ៦៣​ ករណី និងឃាត់ខ្លួនមនុស្សចំនួន ១១៥ នាក់ ដោយក្នុងនោះ មានឆ្នោតវៀតណាម ៣៥ករណី , ម៉ាស៊ីនហ្គេមអនឡាញ ៤ករណី , កន្លែងលេងបៀ ៣ករណី , ទីតាំងបញ្ចាំ ៤ករណី , ឆ្នោតឡូតូ ៧ករណី និងល្បែងភ្នាល់អនឡាញ ចំនួន ១០ ករណី។

ចំពោះមុខបន្តទៅទៀតសមត្ថកិច្ចជំនាញ កំពុងតែធ្វើការស្រាវជ្រាវតាមដានទីតាំង មួយចំនួន ដូចជា អាផាតមិន ខុនដូ និងបុរីមួយចំនួន បើសិនជាទទួលបានព័ត៌មាន ក៏ដូចជា ការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ គឺសមត្ថកិច្ច នឹងធ្វើការស្រាវជ្រាវបន្ត និងធ្វើការបង្ក្រាបបន្ថែមទៀត។

លោក សាន សុខសីហា បានបញ្ជាក់ទៀតថាៈ “ចំពោះជនបរទេសដែលឃាត់ខ្លួន ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ គឺអនុវត្តតាមការងារអន្តោប្រវេសន៍ បើសិនជាមិនមាន លិខិតឆ្លងដែន អាចសុំគោលការណ៍បន្តនីតិវិធីដើម្បីបញ្ជូន ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ សុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីបណ្តេញចេញពីកម្ពុជា ហើយបើសិនគាត់ មានលិខិតឆ្លងដែន តែអត់មានលិខិតការងារត្រឹមត្រូវ គឺនឹងអាចធ្វើការផាកពិន័យតាមច្បាប់”។

គួរបញ្ជាក់ថា តាមរយៈសារសំឡេងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឱ្យចាត់វិធានការបង្ក្រាបឱ្យទាន់ពេលវេលា និងដាច់ណាត់បំផុត ដោយសម្តេចបាន សង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវ លើមុខងាររបស់ខ្លួន។មិនអាចបណ្តោយឲ្យសភាពការណ៍បង្កឡើងបែបអនាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ។ត្រូវតែម៉ឹងម៉ាត់ត្រូវតែដាច់ខាត។វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេក៏ប៉ុន្តែវាបណ្តាលឲ្យមនុស្សជាច្រើនត្រូវខូចខាត ដោយត្រូវលក់គោ លក់ក្របី លក់ដីធ្លី ដើម្បីចាញ់ល្បែង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានប្រភេទជល់មាន់តាមអនឡាញ ឬក៏លេងតាមអនឡាញ និងតាមតុកាហ្វេនិងតាមទីកន្លែងនានា។កន្លែងខ្លះភូមិ-ឃុំខ្លះសារព័ត៌មានបានជួយចុះផ្សាយក៏ប៉ុន្តែអស់លោកមិនព្រមធ្វើ ជាពិសេសបណ្តាអធិការ ស្រុក ឬក៏ប៉ុស្តិ៍នគរបាលនៅតាមភូមិ តាមឃុំ មិនព្រមអើពើបង្ក្រាប។

សម្តេចតេជោបានបញ្ជាក់ថា “ទីតាំងបនល្បែងទាំងឡាយដែលមានការធ្វើអាជីវកម្ម ដូចជា លក់គុយទាវ ហាងកាហ្វេ ក៏ប៉ុន្តែបង្កប់ដោយល្បែង ចាំបាច់ត្រូវតែបិទចោល ដោយមិនឲ្យប្រកបរបបរកស៊ីតទៅទៀតត្រូវធ្វើ វិធានការនេះឲ្យដាច់ណាត់បំផុតហើយវាគ្មានការចាំបាច់ត្រូវមករំខាននាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ។ ប្រសិនបើអស់លោកអភិបាលខេត្ត អភិបាលស្រុក យកការទទួលខុសត្រូវមួយក្នុងឋានៈជាគណៈបញ្ជាការ ឯកភាព ដែលបញ្ជាទៅកម្លាំងនគរបាលជាតិ កម្លាំងនគរបាល នៅតាមខេត្ត កម្លាំងអាវុធហត្ថនៅតាមខេត្ត និងកម្លាំងយោធា នៅតាមខេត្ត ថ្នាក់ស្រុក ថ្នាក់ខណ្ឌ ក៏ដូចគ្នា ប៉ុន្តែបញ្ហាវាស្ថិតនៅត្រង់អស់លោកមិនធ្វើ ចំណោទជាបញ្ហា តើច្រវ៉ាចិញ្ចឹមឆ្ពោ ឬយ៉ាងណា? ខ្ញុំមិនយល់ស្របជាមួយនឹងអ្វីដែល បាននឹងកំពុងកើត ហើយដែលមានស្ថានភាពគួរឲ្យស្អប់ខ្ពើម។ សូមបញ្ជាក់ទៅអ្នករកស៊ី ទាំងឡាយ អ្នកបើកបទល្បែងទាំងឡាយ ប្រសិនបើចង់បន្តអាជីវកម្ម និងកុំឲ្យបិទទ្វារ សម្រាប់អាជីវកម្មរបស់ខ្លួន ត្រូវដកចេញជាបន្ទាន់ នូវល្បែងគ្រប់ប្រភេទ ដែលខុសច្បាប់…”។
ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រី សូមគណៈអភិបាលខេត្ត គណៈអភិបាលស្រុក ខណ្ឌ ក្រុងយកការទទួល ខុសត្រូវដើម្បីពិនិត្យមើលអំពីបញ្ហានេះ ហើយត្រូវធ្វើឲ្យច្បាស់ ត្រូវធ្វើឲ្យដិតដល់។

សម្តេចតេជោ ហ៊ុន សែន បានព្រមានថា មិនញញើតដៃជាមួយនឹងការដកចោលចេញពីមុខតំណែងជាមួយ អភិបាលខេត្ត ឬអភិបាលរង ឬអភិបាលស្រុក ឬក៏ឋានៈ នាយទាហាន នគរបាល អាវុធហត្ថចាប់ពីស័ក្តិប្រាំឡើង លើ សម្តេចនឹងចេញអនុក្រឹត្យ ដើម្បីបញ្ចប់ភារកិច្ចចោលតែម្តង។កន្លែងលេងល្បែងមួយចំនួនមិនមែនមន្ត្រីមូលដ្ឋាន មិនដឹងនោះទេ ទាំងកម្លាំងនគរបាល ឬអាវុធហត្ថ ឬមន្ត្រីរដ្ឋបាល ក៏ប៉ុន្តែបញ្ហាស្ថិត នៅត្រង់ថាអស់លោកមានឆន្ទៈ ធ្វើឬមិនធ្វើ? ឬក៏កន្លែងនោះជាទីកន្លែងរកប្រាក់ របស់អស់លោក?។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កន្ទុយលេខ ឡូតូ ធ្វើឲ្យប្រជាពលរដ្ឋឈ្លក់វង្វេងកន្ទុយលេខគឺហាមលេង នៅក្នុងព្រះរាជាណាចក្រកម្ពុជា តែកន្ទុយលេខនេះ​ ក៏វារីករាលដាលខ្លាំងណាស់ដែរ។ ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទត្រូវហាមលេងអាជ្ញាប័ណ្ណដែលឲ្យមានឆ្នោតមានឡូតូគឺហាមផ្តាច់មមិនឲ្យមានលេងកន្ទុយលេខ៕/V/សរន

សកម្មភាពបង្រ្កាបល្បែងនាពេលកន្លងទៅថ្មីៗនេះ(រូបថតសមត្ថកិច្ច)