ដោយៈប.ជ័យ/បន្ទាយមានជ័យ៖គិតត្រឹមព្រលប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នេះពលរដ្ឋរងផលប៉ះពាល់ទឺកជំនន់ស្ទឹងសិរីសោភ័ណ​និងស្ទឹងមង្គលបូរីនិងអ្នកត្រូវជម្លៀសទៅទីទួលសុវត្ថិភាពក៏បានកើនឡើង។ចំណែកស្ថានភាពទឹកស្ទឹងនេះបានស្រកពីខ្សែទឹកខាងលើចុះមកក្រោម។ ប៉ុន្តែហាក់មិនមានការហក់ឡើងថ្មីគួរឱ្យកត់សម្គាល់ទេ ។

លោកស្រេងសុផលអភិបាលក្រុងសិរីសោភ័ណប្រាប់កាសែតរស្មីកម្ពុជានៅយប់ថ្ងៃទី២១ខែកញ្ញាថាស្ថានភាពគ្រោះ ទឹកជំនន់ ស្ទឹងសិរីសោភ័ណបានកើតឡើងលើផ្នែកនៃបីសង្កាត់គឺ សង្កាត់ភ្នៀត អូរអំបិល និងសង្កាត់ព្រះពន្លា ដែលពលរដ្ឋសរុបប៉ះពាល់២៥៧គ្រួសារ។ក្នុងនោះត្រូវជម្លៀសពីផ្ទះនៅមាត់ស្ទឹងនិងទីទំនាបទៅទីទួលសុវត្ថិភាពចំនួន៣៥គ្រួសារ។ក្នុងនោះភូមិខ្លះនៃសង្កាត់ព្រះពន្លាចំនួន១៩គ្រួសារនិងភូមិខ្លះនៃសង្កាត់អូរអំបិល១៦គ្រួសារ ។

ចំណែកលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីប្រាប់កាសែតរស្មីកម្ពុជានៅយប់ថ្ងៃទី២១ខែកញ្ញាដែរថា ស្ថានភាពគ្រោះទឹកជំនន់ ស្ទឹងមង្គលបូរីបានកើតឡើងលើផ្នែកនៃភូមិព្រែកជីកឃុំបត់ត្រង់។ ក្នុងនោះត្រូវជម្លៀសពី ផ្ទះនៅមាត់ស្ទឹងនិងទីទំនាបទៅទីទួលសុវត្ថិភាពចំនួន៣៩គ្រួសារ ។

ចំពោះជម្រកនៅទីទួលសុវត្ថិភាពលោកអភិបាលទាំងពីរនិយាយថាដោយមានចង្អុលណែនាំនិងដឹកនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ រៀបចំរោង តង់ ភ្ជាប់បណ្តាញអគ្គិសនី ទឹកស្អាត បង្គន់ សេវាសុខាភិបាល ថ្នាំសង្កូវ សេវាសន្តិសុខផ្តល់ស្បៀងអាហារ.បានទាន់ពេលវេលានិងសមរម្យ ។

ចំណែកស្ថានភាពទឹកស្ទឹងទាំងពីរ មកទល់ពេលនេ បានស្រកពីខ្សែទឹកខាងលើ ធ្លាក់ចុះមកខ្សែទឹកខាងក្រោម ប៉ុន្តែហាក់មិនបង្កហក់ឡើងគួរឱ្យបារម្ភឡើយ។

លោក ញិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនាវានុវតន៍ខេត្តបន្ទាយមានជ័យប្រាប់ កាសែតរស្មីកម្ពុជាថា មន្ទីរបានសម្របសម្រួលជាមួយក្រុមហ៊ុនផលិតទឹកស្អាតក្នុងខេត្តបានតបណ្តាញនិងបំពាក់ ស៊ីទែនធុងទឹកស្អាតសម្រាប់ផ្គត់ផ្គង់ជូនបងប្អូននៅទីទួលសុវត្ថិភាព។ក្នុងនោះរោងចក្រទឹកស្អាតបន្ទាយមានជ័យនៃក្រុមហ៊ុនឃុនអភិវឌ្ឍន៍បានជួយនៅក្រុងសិរីសោភ័ណនិងទឹកស្អាតនៃក្រុមហ៊ុនភាច ថាចជួយនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ៕សរន

គិតត្រឹមព្រលប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នេះពលរដ្ឋរងផលប៉ះពាល់ទឺកជំនន់ស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរីនិងអ្នកត្រូវជម្លៀសទៅទីទួលសុវត្ថិភាពក៏បានកើនឡើង(រូបថតៈ ប.ជ័យ)