ដោយៈសុផានីតា/កោះកុង៖លោកប្រធានសាលាដំបូងខេត្តកោះកុងបានផ្តាំផ្ញើប្រាប់ដល់អ្នកដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រូវប្រឹងប្រែងអប់រំកែខ្លួនឱ្យបានល្អប្រសើរក្រោយអនុវត្តទោសនឹងចេញទៅធ្វើជាពលរដ្ឋល្អក្នុងសង្គមជាតិ។ការណែនាំរបស់​លោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុងនៅពេលនេះធ្វើឡើងពេលដែលលោកចាត់ លោកចៅក្រម ឡោ ក្រឹម និងលោកចៅក្រម ហុក ច័ន្ទឆាយា ទៅសំណេះសំណាលនិងផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនជូនដល់ជនជាប់ឃុំនៅក្នុងពន្ធនាគារខេត្តចំនួន៥៦៤នាក់។

លោកចៅក្រម ឡោ ក្រឹម បានឱ្យដឹងនៅថ្ងៃទី២១ ខែកញ្ញានេះថាការផ្តល់ស្បៀងអាហារនេះក្នុងឱកាសរដូវបុណ្យ ភ្ជុំបិណ្ឌជាពិសេសលោកប្រធានសាលាដំបូងខេត្តផ្តាំផ្ញើដល់ពួកគាត់ប្រឹងប្រែងអប់រំកែប្រែខ្លួនល្អឡើងវិញតាមរយៈការអនុវត្តទោសវិន័យក្នុងពន្ធនាគារ ដើម្បីនឹងក្លាយជាពលរដ្ឋល្អពេលវិលត្រឡប់ចូលទៅរស់នៅក្នុងសង្គមជាតិ។

អំណោយដែលផ្តល់ជូនមាន៖មីកញ្ចប់ ចំនួន ១១៥ កេស ស្មើនឹង ៣៤៥០កញ្ចប់ មីកំប៉ុង ចំនួន ២០ដុំ ស្មើនឹង ១២០កំប៉ុង ថ្នាំដុសធ្មេញ ចំនួន ៦០០បំពង់ ច្រាសដុសធ្មេញ ចំនួន ៦០០ដើម សាប៊ូដុសខ្លួន ចំនួន ៦០០ដុំ សាប៊ូកក់សក់ ចំនួន ៤១៤០កញ្ចប់ សាប៊ូបោកខោអាវ ចំនួន ៥០០កញ្ចប់ និងទឹកដោះគោ សម្រាប់ក្មេងតូច ដែលឃុំជាមួយម្តាយ ចំនួន ៣៦០កំប៉ុង៕សរន