​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កូរ៉េខាងជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​កញ្ញា​នេះ​បាន​និយាយថា ខ្លួន​មិន​ដែល​ផ្តល់​អោយ​រុស្ស៊ី​នូវ​គ្រឿង​សព្វាវុធ​ឬ​គ្រាប់រំសេវ និង​ក៏​មិន​មាន​ផែនការ​ធ្វើ​ដូច្នេះ​ដែរ នៅពេល​​ខ្លួន​ព្រមាន​សហរដ្ឋ​អាម៉េរិក​អោយ​«​បិទមាត់​»​និង​ឈប់​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ក្នុង​បំណង​បង្ខូចឈ្មោះ​ប្រទេស​ខ្លួន​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​កូរ៉េ​KCNA​បាន​ស្រង់​សម្តី​អគ្គ​រង​នៃ​អគ្គនាយកដ្ឋាន​គ្រឿង​បរិក្ខារ​របស់​ក្រសួង​ការពារជាតិ​ដែល​បាន​និយាយថា «​កាលពី​ពេល​ថ្មីៗ អាម៉េរិក​និង​កងកម្លាំង​អមិត្ត​ផ្សេងៗ​​បាន​និយាយ​អំពី​”​ការរំលោភ​សេចក្តីសំរេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដោយ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ស្តីពី​ការជួញដូរ​អាវុធ​រវាង​កូរ៉េខាងជើង​និង​រុស្ស៊ី​…​យើង​មិន​ដែល​​បាន​នាំ​ចេញ​សព្វាវុធ ឬ គ្រាប់រំសេវ​ទៅ​រុស្ស៊ី​កាលពីមុន ហើយ​យើង​មិន​ក៏មាន​ផែនការ​នាំចេញ​ដែរ​»​។​

​អ្នកនាំពាក្យ​រង​នៃ​ក្រសួងការបរទេស​អាម៉េរិក​លោក វ៉េ​ដាន់ ផា​ថែ​ល​( Vedant Patel)​មុន​នេះ​ក្នុង​ខែកញ្ញា​នេះ​បាន​និយាយថា​រុស្ស៊ី​កំពុង​ចរចា​ទិញ​គ្រាប់​រ៉ុក្កែត​និង​គ្រាប់កាំភ្លើង​ធំ​រាប់លាន​ពី​កូរ៉េ​ខាង​​ជើង​ដើម្បី​ប្រើ​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​។​

សូមបញ្ជាក់ថាមន្រ្តីអាម៉េរិកនិងអង់គ្លេសកន្លងមកបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដើម្បីរំលេចព័ត៌មានស្តីពីរុស្ស៊ីនាំចូលគ្រឿងសព្វាវុធអ៊ីរ៉ង់និងកូរ៉េខាងជើងចំពេលកងកម្លាំងរុស្ស៊ីរងការខាតបង់ធំនៅក្នុងសមរភូមិ។

​ដោយ​ហៅ​វា​ថា​ជា​ការទិញ​ដ៏​មាន​សក្កា​នុព​ល​មួយ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ច​ន ឃឺ​ប៊ី​(John Kirby )​បានបញ្ជាក់​ថា មិន​មាន​សញ្ញា​ណា​ថា​ការលក់ដូរ​ដូច្នេះ​ត្រូវ​បាន​សំរេច​ឡើង​និង​ប្រា​​កដ​ណាស់ មិន​មាន​សញ្ញា​ណា​ដែលថា សព្វាវុធ​ដូច្នេះ​ត្រូវបាន​ប្រើ​នៅ​អ៊ុ​យក្រែនទេ​។​

​អាម៉េរិក​ក៏បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ផ្គត់ផ្គង់​ដ្រូ​ន​ទៅអោយ​រុស្ស៊ី​សំរាប់​ប្រើ​ក្នុង​សង្គ្រាម​អ៊ុ​យក្រែន តែ​រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់​បាន​បដិសេធ​។​

​រុស្ស៊ី​បាន​ច្រាន​ចោល​ការចោទប្រកាន់​និង​ទាមទារ​អោយ​អាម៉េរិក​ផ្តល់​ភស្តុតាង​៕

​គ្រាប់រំសេវ​ប្រើ​ក្នុង​សង្គ្រាម​អ៊ុ​យក្រែន​