​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សមយុទ្ធ​យោធា​នៅ​ប្រទេស​ហ្វី​ជី ដែល​មាន​ការចូលរួម​ពី​ចក្រភព​អង់គ្លេស សហរដ្ឋ​អាម៉េរិក អូស្ត្រាលី និង​នូវែ​លសេ​ឡង់ នឹង​បញ្ចប់​ក្នុង​សប្តាហ៍​នេះ​ខណៈ​សម្ពន្ធ​​មិត្ត​ជា​ប្រពៃណី​ទាំង​នេះ​ចូលរួម​ប្រឆាំងនឹង​ឥទ្ធិពល​កើន​ឡើង​របស់​ចិន​នៅក្នុង​តំបន់​។​

​ស្ថានទូត​អាម៉េរិក​ប្រចាំ​ទីក្រុង​ស៊ូ​វ៉ា (Suva)​បាន​និយាយថា សមយុទ្ធ​ឈ្មោះ​ខាត​វី​ល​( Cartwheel)​រយៈពេល​១១ ថ្ងៃ​នៅក្នុង​ប្រទេស​ហ្វី​ជី បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​១២ ខែកញ្ញា​ហើយនឹង​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​។​

​មេបញ្ជាការ​កងទ័ពជើងទឹក​អាម៉េរិក លោក វិកទ័រ ឡេង (Victor Lange) បាន​និយាយថា ឈ្មោះ​នៃ​សមយុទ្ធ​នេះ​គឺ​មាន​ប្រភព​ចេញពី​ប្រតិបត្តិការ​រទេះរុញ (Operation Cartwheel) ក្នុងអំឡុង​សង្គ្រាមលោកលើកទីពីរ ដែល​ក្នុងនោះ​អាម៉េរិក​បាន​ប្រយុទ្ធ​ជាមួយ​យោធា​អូស្ត្រាលី នូវែ​លសេ​ឡង់ និង​ហ្វី​ជី បន្ទាប់​មក​ជាមួយ​អាណានិគម​អង់គ្លេស​ដើម្បី​កម្ទេច​មូលដ្ឋានទ័ព​ជប៉ុន​នៅ​ទី​​ក្រុង​រ៉ា​បូ​ល (Rabaul) ក្នុងប្រទេស​ប៉ា​ពូ អាស៊ី នូវ៉ែល​ហ្គី​ណេ​។​

​សហរដ្ឋ​អាម៉េរិក​បាន​សន្យាថា​នឹង​មាន​ការចូលរួម​កាន់​តែ​ច្រើន​ជាមួយ​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង បន្ទាប់​ពី​ចិន​និង​កោះ​សូ​ឡូ​ម៉ុន​បាន​ចុះហត្ថលេខា​លើ​សន្ធិ​សញ្ញា​សន្តិសុខ​ទ្វេភាគី​កាលពី​ខែ​ឧសភា ដែល​បាន​បង្កើន​ការបារម្ភ​អំពី​ការបង្កើត​មូលដ្ឋាន​ទ័ពជើងទឹក​ចិន​នៅក្នុង​តំបន់​។​

​អនុ​ប្រធានាធិបតី​អាម៉េរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស បាន​ប្រាប់​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ប៉ាស៊ីហ្វិក​ខាងត្បូង​នៅ​ទីក្រុង​ស៊ូ​វ៉ា​ក្នុង​ខែកក្កដា​ថា​សហរដ្ឋ​អាម៉េរិក​នឹង​បើក​ស្ថានទូត​ថ្មី​នៅ​តុង​ហ្គា​​និង​គី​រី​បាទី​។​

​លោកស្រី​ក៏​បាន​សន្យា​បង្កើន​មូលនិធិ​របស់​សហរដ្ឋ​អាម៉េរិក​បី​ដង​សម្រាប់​ជំនួយ​ជលផល​រហូត​ដល់ ៦០ លាន​ដុល្លារ​ផងដែរ​។​

​រដ្ឋាភិបាល​ថ្មី​របស់​អូស្ត្រាលី ដែល​ជាប់ឆ្នោត​ក្នុង​ខែ​ឧសភា ក៏​កំពុង​ចាត់​វិធានការ​ដើម្បី​បង្កើន​ការចូលរួម​ជាមួយ​ប្រទេស​កោះ​ជិតខាង​របស់​ខ្លួន​ផងដែរ​។​

​រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​សាលា​ការពារជាតិ​អូស្ត្រាលី​-​ប៉ាស៊ីហ្វិក ដើម្បី​បណ្តុះបណ្តាល​កងទ័ព​ជិតខាង ដើម្បី​ឆ្លើយតប​នឹង​លទ្ធភាព​វត្តមាន​យោធា​ចិន​នៅលើ​កោះ​សូ​ឡូ​ម៉ុន​៕

​ទាហាន​ថ្មើរជើង​អាម៉េរិក​បង្ហាញ​ពី​វិធី​ឆ្លងកាត់​ស្ពាន​ខ្សែ​តែ​មួយ​អំឡុង​ពេល​សមយុទ្ធ Cartwheel ក្នុង​ក្រុង​ណា​ឌី ប្រទេស​ហ្វី​ជី