​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​មូលនិធិ​សកល​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ជំងឺរបេង និង​ជំងឺគ្រុនចាញ់​បាន​រៃ​អង្គាស​ប្រាក់​បាន​ចំនួន ១៤,២៥​ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​ពុធ​ទី​២១​កញ្ញា​នៅឯ​សន្និសីទ​អ្នកផ្តល់ជំនួយ​ដឹកនាំ​ដោយ​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន ខណៈ​វឌ្ឍនភាព​ជាច្រើន​ទសវត្សរ៍​ប្រឆាំងនឹង​ជំងឺ​ទាំងនេះ​ត្រូវ​បាន​ទាញ​ត្រឡប់​ថយ​ក្រោយ​ដោយ​ជំងឺ​កូវី​ដ​។​

​វា​គឺជា​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់​បាន​សន្យា​ពីមុន​មក​សម្រាប់​អង្គការ​សុខភាព​ពហុភាគី ប៉ុន្តែ​ខ្វះ​ឆ្ងាយ​ណាស់​ពី​គោលដៅ​ដ៏​មាន​មហិច្ឆតា​ចំនួន ១៨ ពាន់​លាន​ដុល្លារ​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​និង​អ៊ីតាលី​​បាន​និយាយថា​ការប្រកាស​របស់​ពួកគេ​នឹង​កើតឡើង​នៅពេល​ក្រោយ​។​

​អង្គការ​មូលនិធិ​សកល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០២ ដោយ​ប្រមូលផ្តុំ​រួមគ្នា​នូវ​រដ្ឋាភិបាល ទីភ្នាក់ងារ​ពហុភាគី អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​។ វដ្ត​នៃ​ការផ្តល់​មូលនិធិ​គឺ​មាន​រយៈពេល​បី​ឆ្នាំ​។​

​នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកលលោក ភី​ត​ធឺ ស៊ែ​ន (Peter Sands) បាន​និយាយថា​”​អ្វី​ដែល​បាន​កើតឡើង​នៅ​ថ្ងៃនេះ​គឺ​ពិត​ជា​ការ​កៀរគរ​ធនធាន​ដែល​មិន​អាច​ប្រៀបផ្ទឹម​បាន​សម្រាប់​សុខ​​ភាព​សកល​” ដោយ​បន្ថែម​ថា​លោក​រំពឹង​ចក្រភព​អង់គ្លេស​និង​អ៊ីតាលី​នឹង​ធ្វើ​ការសន្យា​របស់​ពួកគេ​ក្នុងពេល​សមស្រប​។​

​លោកបៃ​ដិនបាន​ជំរុញ​ថា “​សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​សម្រាប់​ការបោះ​ជំហាន​ទៅ​មុខ ជាពិសេស​ក្នុង​បរិយាកាស​សេដ្ឋកិច្ចពិភពលោក​ដែល​មាន​ការប្រកួតប្រជែង ហើយ​ខ្ញុំ​សុំ​ឱ្យ​អ្នក​បន្ត​វា​ទៀត​”​។​

​ក្នុងចំណោម​ប្រទេស​សន្យា​ផ្តល់​មូលនិធិ​ទាំងនោះ សហរដ្ឋ​អាម៉េរិក​បាន​សន្យា​ផ្តល់ប្រាក់​ខ្ពស់​ជាងគេ​បំផុត​គឺ ៦ ពាន់​លាន​ដុល្លារ បន្ទាប់មក​គឺ​បារាំង ១,៦ ពាន់​លាន​អឺរ៉ូ អាល្លឺម៉ង់ ១,៣ ពាន់​លាន​អឺរ៉ូ ជប៉ុន ១,០៨ ពាន់​លាន​ដុល្លារ កាណាដា ១,២១ ពាន់​លាន​ដុល្លារ​កាណាដា និង សហភាព​អឺរ៉ុប ៧១៥ លាន​អឺរ៉ូ​។​

​អង្គការ The Gates Foundation បាន​សន្យា​ផ្តល់​ប្រាក់​ចំនួន ៩១២ លាន​ដុល្លារ​។​

​គោលដៅ​ចំនួន ១៨ ពាន់​លាន​ដុល្លារ​គឺ​ផ្អែក​លើ​ការវិល​មក​រក​ផ្លូវ​ឈ្ពោះ​ទៅបញ្ចប់​ជំងឺអេដស៍ របេង និង​គ្រុនចាញ់​នៅ​ត្រឹម​ឆ្នាំ ២០៣០​ដោយ​ស្ដារឡើងវិញ​នូវ​សន្ទុះ​ដែល​បាន​បាត់បង់​ក្នុងអំឡុង​ជំងឺ​រា​ត​​ត្បា​តកូ​វីដ​និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ២០ លាន​នាក់​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខ​៕

(​ឆ្វេង​-​ស្តាំ​) នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា ប្រធានាធិបតី​បារាំង​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប លោកស្រី អឺ​ស៊ូ​ឡា វ៉ុន​ឌឺ​លែ​ន​និង​ប្រធានាធិបតី​​អាម៉េរិក ចូ បៃ​ដិន អបអរសាទរ​នៅក្នុង​សន្និសីទ​បំពេញបន្ថែម​លើក​ទី​ប្រាំពីរ​របស់​អង្គការ​មូលនិធិ​សកល​នៅ​ទីក្រុង​ញូវយ៉ក