ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ ផង​នោះ លោក ណ​យ ផា​ណា បានចាត់ទុក​ការបញ្ជូន អត្ត​ព​លិ​ក​ជម្រើសជាតិ ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺជា​ឱកាស​ដ៏​ល្អ ដើម្បី​ដុសខាត់​សមត្ថភាព និង​ជំរុញ​បច្ចេកទេស ត្រៀម​ការប្រកួត​កីឡា ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

​ការបង្ហាញ​សុទិដ្ឋិនិយម​នេះ បន្ទាប់ពី​សហព័ន្ធ បាន​បញ្ជូន​កីឡាករ​កាយសម្ព័ន្ធ​ប្រភេទ Artistic ចំនួន ១០ នាក់ រួមជាមួយ​គ្រូ​ជំនួយ​ម្នាក់ ធ្វើដំណើរ​ជាមួយ​ក្រុម​ជម្រើសជាតិ ១១ ប្រភេទ កីឡា​ផ្សេងទៀត ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន​។​

​លោក​បាន​បន្ដថាៈ កាលពី​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩ សហព័ន្ធ ក៏​ធ្លាប់បាន​បញ្ជូន​កីឡាករ ទៅ​ហ្វឹកហាត់​នៅ​ចិន​ដែរ ប៉ុន្តែ​ការបញ្ជូន មានការ​គាំទ្រ​លក្ខណៈផ្សេង ពោលគឺ ផ្ទុយ​ពីលើ​ក​នេះ ដែល​បញ្ជូនទៅ​ដោយមាន​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល ហើយក៏​មានការ​គាំទ្រ និង​ជំរុញ​ពី​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ CAMSOC, NOCC និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក​បាន​លើកឡើងថាៈ បើ​យើង​និយាយ​ពី​ការចូលរួម​ហ្វឹកហាត់ រយៈពេល​វែង​នៅ​ចិន ពេលនេះ ទោះបី​យើង​ពិនិត្យឃើញថា រយៈពេល​នេះ វា​មិនបាន​ពេញ​ក្នុង​១​ឆ្នាំ ក៏ពិតមែន តែ​វា​ជា​សក្ដានុពល​មួយ សម្រាប់​ជំរុញ​និង​បង្កើន​នូវ​លក្ខណៈ​បច្ចេកទេស​បាន​ច្រើន​។ ជា​ក្ដី​រំពឹង​
​របស់​យើង ក្រុមកីឡា​កាយសម្ព័ន្ធ Artistic នឹងធ្វើ​បានល្អ​ប្រសើរ សម្រាប់​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។ ប្រសិន​ក្រោយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ កីឡាករ អាច​ត្រឡប់​ទៅ​ហ្វឹកហាត់​នៅ​ចិន វិញទៀត​នោះ នឹង​បង្កើន​បច្ចេកទេស​របស់​ពួកគេ កាន់តែ​ពេញលេញ​ថែមទៀត​។

​លោក​បាន​លើកឡើងថាៈ ប្រសិន​បើសិន​ក្នុង​គម្រោង​ផែនការ​ហ្វឹកហាត់ បាន​រយៈពេល ២​ឆ្នាំ​មែន បើ​និយាយ​ពី​លក្ខណៈ​បច្ចេកទេស រយៈពេល​២​ឆ្នាំ គឺ​ពេញលេញ​តែម្ដង​។ តែបើ​រយៈ​ពេលនេះ មើលទៅ​រាង​ខ្លី​បន្ដិច ក៏ពិតមែន តែ​វា​ជា​ចំណុច​សំខាន់​មួយ ដើម្បី​យើង ត្រៀម​ឆ្នាំ​២០២៣​។​

​លោក ណ​យ ផា​ណា ក៏បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​របស់លោក ត្រូវ​យកចិត្តទុកដាក់ និង​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់ ដើម្បី​ក្រេប​យកចំណេះ​ដឹង បទពិសោធន៍ អ្វីដែល​ថ្មីៗ និង​អ្វី​ដែលជា គោលដៅ​សម្រាប់​ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ប្រទេសជាតិ​ទាំងអស់គ្នា​។ លើសពីនេះ លោក​ក៏បាន​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ដែល​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​ជំនួយឥតសំណង​ផ្នែក​បច្ចេក​​ទេស​កីឡា ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា នេះ​ផងដែរ​៕ V / N