ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២១​កញ្ញា​ថា អវកាសយានិក​អាម៉េរិក​ម្នាក់​និង​អវកាសយានិក​រុស្ស៊ី​ពីរ​នាក់​បាន​ទៅដល់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដោយ​សុវត្ថិភាព បន្ទាប់ពី​បាន​បាញ់​ហោះ​ចេញពី​ជើងហោះហើរ​ដែល​ដំណើរការ​ដោយ​រុស្ស៊ី នៅក្នុង​ករណី​ដ៏​កម្រ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន​។​

​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roscosmos និង​ណា​សាបាន​ចែកចាយ​វីដេអូ​បន្ត​ផ្ទាល់​នៃ​ការបាញ់​បង្ហោះ​ពី​ប្រទេស​កា​ហ្សាក់​ស្ថាន ហើយ​អ្នក​អត្ថាធិប្បាយ​ដែល​និយាយ​ជុំវិញ​ព័ត៌មាន​នោះ​បាន​និយាយថា វា​មាន​ភាព​នឹង​ធឹង ហើយ​អវកាសយានិក​គឺ “​មាន​អារម្មណ៍ល្អ​”​។​

​លោក ហ្វ្រែង រូប៊ី​អូ (Frank Rubio) របស់​ណា​សា​និង​លោក សឺ​ហ្គេ ប្រូ​កូប​យ៉េ​វ (Sergey Prokopyev) និង​លោក ឌី​មី​ទ្រី ប៉េ​តេលីន (Dmitry Petelin) របស់​រុស្ស៊ី​បាន​បង្កើត​បាន​​ជា​ក្រុម​អវកាសយានិក​ដែល​បាន​បាញ់​បង្ហោះ​ពី​មណ្ឌល​បាញ់​បង្ហោះ Baikonur ដែល​ជួល​ដោយ​រុស្ស៊ី​នៅ​ម៉ោង ១៣៖៥៤ ម៉ោង​សកល​។​

​អ្នក​ទាំង​បី​នឹង​ចំណាយ​ពេល​ប្រាំ​មួយខែ​នៅលើ​ស្ថានីយ ISS រួម​ជាមួយ​អវកាសយានិក​រុស្ស៊ី​បីនាក់​ផ្សេងទៀត អវកាសយានិក​អាម៉េរិក​បី​នាក់​ផ្សេង​ទៀត និង​អវកាសយានិក​អ៊ីតាលី​ម្នាក់​។​

​លោក​រូប៊ី​អូ​គឺជា​អវកាសយានិកអា​ម៉េ​រិក​ដំបូង​គេ​ដែល​ធ្វើដំណើរ​ទៅកាន់ ISS តាម​រ៉ុក្កែត Soyuz របស់​រុស្ស៊ី ចាប់តាំងពី​ប្រធានាធិបតីវ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​បញ្ជូន​កងទ័ព​ទៅកាន់​ប្រទេស​អ៊ុ​យក្រែន​​ដែល​គាំទ្រ​លោកខាងលិច​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​ជា​ការឆ្លើយតប រដ្ឋធានី​នានា​របស់​លោក​ខាងលិច រួម​ទាំង​ទីក្រុង​វ៉ាស៊ីនតោន បាន​វាយ​សំពង​ទីក្រុង​មូ​ស្គូ ជាមួយនឹង​ទណ្ឌកម្ម​មិន​ធ្លាប់​មាន​ពីមុន​មក​ហើយ​ទំនាក់ទំនង​ទ្វេភាគី​បាន​ធ្លាក់ចុះ​ដល់​​កម្រិត​ទាប​ថ្មី​។​

​លំហ​អាកាស​គឺជា​ផ្នែក​មួយ​ក្នុងចំណោម​ផ្នែក​ចុងក្រោយ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​៕

​រ៉ុក្កែត Soyuz របស់​រុស្ស៊ី​ដឹក​អវកាសយានិក​ទាំងបី​ទៅ​ស្ថានីយ​អវកាស