ដោយៈម៉េងឆៃ/ភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញដល់សណ្ឋាគារស្នាក់នៅនាទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក នាល្ងាចថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០២២​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាម៉េរិកប្រមាណ ១០០នាក់។

ប្រជាពលរដ្ឋខ្មែរទាំងអស់បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថាបើទោះបីដឹងថាសម្តេចមិនមានគម្រោងជួប សំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិក និងកាណាដាក្តី ក៏ពួកគាត់ បានស័្មគ្រចិត្តមកជួបសម្តេចដោយផ្ទាល់ដើម្បីសម្តែងក្តីគោរពស្រឡាញ់ និងការដឹងគុណបំផុតជូនចំពោះសម្តេច ពិសេសចង់ជួបនិងឃើញដោយផ្ទាល់ថាតើ រូបសម្តេចពិតជាមានវត្តមានអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិកពិតប្រាកដឬយ៉ាងណា?។

សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះវត្តមានប្រជាពលរដ្ឋដែលជាជនរួមជាតិខ្មែរទាំងអស់ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកជួបសម្តេចដោយផ្ទាល់នៅពេលនេះ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់សម្តេចតេជោ មានប្រសាសន៍ថា តើនេះគឺជារូបសម្តេចផ្ទាល់ឬយ៉ាងណា?។ មុនពេលមកដល់ទីក្រុងញូវយ៉ក មានជនអគិតមួយចំនួនបាននិយាយថា សម្តេចឈឺដាច់សរសៃឈាមមិនបាន ទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនោះទេ។សម្តេចតេជោបន្តថា តើនេះជាសម្តេចពិតឬយ៉ាងណា? សម្តេចតេជោបានអរគុណជាពន្លឹកជាថ្មីម្តងទៀត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានមកជួបសម្តេចនាពេលនេះនិងបានជូនពរដល់ការធ្វើដំណរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុខសុវត្តិភាព៕ប្រភព៖ទូរទស្សន៍ជាតិកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលការស្វាគមន៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរមកពីទីជិតឆ្ងាយ រស់នៅក្នុងសហរដ្ឋអាម៉េរិក(រូបថត៖ទទក)