ដោយៈ​ភ្នំ​ខៀវ​/​បាត់ដំបងៈ​អាជ្ញាធរខេត្ត​បាត់ដំបង​ព្រះរាជាណាចក្រ​កម្ពុជា​និង​អាជ្ញាធរខេត្ត​ស្រះកែវ​ព្រះរាជាណាចក្រ​ថៃ​ជួបពិភាក្សា​ទ្វេភាគី​កាលពី​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ​នៅលើ​ទឹកដី​ខេត្តបាត់ដំបង​។​បន្ទាប់ពី​ជំនួប​រដ្ឋបាល​នៃ​ខេត្ត​ទាំង​ពីរបាន​ឯកភាព​និង​ចុះហត្ថលេខា​លើ​ឯកសារ​ដែលមាន​ប្រាំពី​ចំណុច​។​

​ប្រភព​រដ្ឋបាលខេត្ត​បានឱ្យដឹងថា ក្នុងជំនួប​នេះ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​បាន​ជម្រាប​ទៅ​លោក បរិ​ញ្ញា ភោ​ធិ​ស័ត្យ ដែលជា​សម​ភាគី​ថា ជំនួប​រវាង​អាជ្ញាធរ​នៃ​ខេត្ត​ជាប់​ព្រំដែន​គ្នា​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​គឺ មាន​គោលបំណង​ពង្រឹង​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅកាន់​ការអភិវឌ្ឍន៍​រវាង​ខេត្ត​ទាំងពីរ​។​ក្នុង នោះបាន​ផ្តោត​សំខាន់​លើ​ការផ្លាស់ប្តូរ​យោបល់​គ្នា​រក​ចំណុច​ឯក​ភាពជា​វិជ្ជមាន​ឈានទៅរក​ប្រយោជន៍​ទៅវិញទៅមក រួមទាំង​ការប្ដេជ្ញាចិត្ត​លើកកម្ពស់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាដើម​។​

​តាមរយៈ​កិច្ចប្រជុំ​នោះ​ភាគី​ម្ចាស់ផ្ទះ​ថ្នាក់ដឹកនាំ​ដោយ លោក​សុខ លូ និង​ភាគី​ខេត្ត​ស្រះកែវ​ដឹកនាំ​ដោយ​លោក បរិ​ញ្ញា ភោ​ធិ​ស័ត្យ បាន​ឯកភាពគ្នា​ចុះហត្ថលេខា​លើ​ពិធីសារ​រួមមាន​ខ្លឹមសារ​សំខាន់ៗ​ចំនួន​ប្រាំពីរ​ចំណុច​។ ក្នុងនោះ​៖​ទី​១. ជំរុញ​ការរៀបចំ​ប្រជុំ​រវាង​មន្ត្រីរដ្ឋបាល និង កងកម្លាំង ដែល​បំពេញការងារ​តាម​បរិវេណ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​រួមគ្នា​ការពារ​កុំឱ្យ​កើតមាន​នូវ​កំហុសឆ្គង​ផ្សេងៗ​។​ទី​២.​សហការ​ត្រួតពិនិត្យ​ធ្វើដំណើរ​ឆ្លងដែន​ទប់ស្កាត់​ករណី​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ប្រទេស​ទាំងពីរ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​មនុស្សធម៌​តាមច្បាប់​សកល​។ ទី​៣. កំណត់​យក​ច្រកទ្វារព្រំដែន​អន្តរជាតិ “​បាន​ខៅ​ឌិន​” ដែល​ឈម​ជាមួយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី​”​គីឡូ​១៣” សម្រាប់​បញ្ជូន​ទទួល​ពលករ​កម្ពុជា​ដែលមាន​បំណង​វិល​ត្រឡប់មក​ស្រុកកំណើត ប្រទេស​កម្ពុជា​វិញ​។​ទី​៤. អនុញ្ញាត​ឱ្យមាន​យានជំនិះ​ដែលជា​រថយន្ត​គ្រប់​ប្រភេទ​របស់​ប្រទេស​ទាំងពីរ​ចេញចូល​ប៉ុន្តែ​មាន​ឯកសារ​គ្រប់គ្រាន់​ក្រោម លក្ខខណ្ឌ​ត្រឹមត្រូវ​ដោយមាន​ប័ណ្ណឆ្លងដែន (Border Pass) ចាប់ពី​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០២២​។ ទី​៥. ផ្តល់​ផលប្រយោជន៍​លើ​ការទំនាក់ទំនង​ក្នុងការ​លក់ដូរ​របស់​ពលរដ្ឋ​នៅតាម​តំបន់​ព្រំដែន​ក្រៅពីនេះ​ផ្ដល់​សិទ្ធិ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​ចេញ​សំបុត្រ​ឆ្លងដែន​បណ្ដោះអាសន្ន​ដល់​ព​ល​រដ្ឋ​កម្ពុជា កាន់​ដើម្បី​ប្រើប្រាស់​ដោយ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី ០១​ខែតុលា​ឆ្នាំ​២០២២​តទៅ​។​ទី​៦.​សម្រួលការ​បង្ការ​កាត់​បន្ថយ​គ្រោះមហន្តរាយ​សាធារណៈ​នៅ​តំបន់​ព្រំដែន​គាំទ្រ​ឧបត្ថម្ភ​ផ្នែក​បុគ្គលិក សម្ភារ​បរិក្ខា ឧបករណ៍​ចាំបាច់ ព្រមទាំង​មានការ​បណ្ដុះបណ្ដាល​ការផ្លាស់ប្ដូរ​ទិន្នន័យ​ព័ត៌មាន រវាង​មន្ត្រី​ពាក់ព័ន្ធ​ទាំងសងខាង និង​ទី​៧. អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ដូចជា​៖ រថយន្ត​សង្គ្រោះបន្ទាន់ ឬ រថយន្ត​សម្រាប់​ដឹកបញ្ជូន​អ្នកជំងឺ​បន្តដំណើរ​ការ​ដូច​ធម្ម​តា​ហើយនឹង​បើក​ឲ្យ​មាន​ទំនាក់ទំនង​សម្របសម្រួល​ពី​មជ្ឈមណ្ឌល​អន្តរជាតិ​ទទួលបន្ទុក​បញ្ជូន​អ្នកជំងឺ​រវាង​ប្រទេស​និង​ប្រទេស (​មជ្ឈមណ្ឌល​បញ្ជូន​ជំងឺ​បន្ត​អារញ្ញ​ប្រាថេត​- មជ្ឈមណ្ឌល​បញ្ជូន​អ្នកជំងឺ​បន្ត​ប៉ោយប៉ែត​)​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ចេញ​ចេញពី​ទឹកដី​នៃ​ភាគី​កិច្ចសន្យា​ក្រោម​លក្ខខណ្ឌ​ដូចគ្នា​តាមផ្លូវ​ច្បាប់​លើកលែង​ករណី​ចាំបាច់​បន្ទាន់​ធ្វើលិខិត​បញ្ជាក់​ឱ្យដល់​អ្នកជំងឺ​ជាមុន​និង​ផ្ញើ​បញ្ជូន​ឯកសារ ភស្តុតាង​នៅពេល​ក្រោយ​៕​សរន / N