​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានចេញ​ការគំរាមកំហែង​នុយក្លេអ៊ែរ​ថ្មី​ទៅ​កាន់​ប្រទេស​អ៊ុ​យក្រែន និង​លោក​ខាងលិច​កាលពី​ថ្ងៃ​ពុធ​ទី​២១​កញ្ញា ដោយ​ប្តេជ្ញា​ថា​នឹង​ប្រើប្រាស់ “​គ្រប់​មធ្យោបាយ​ដែល​មាន​” ដើម្បី​ការពារ “​បូរណភាព​ទឹកដី​នៃ​មាតុភូមិ ឯករាជ្យភាព និង​សន្តិសុខ​របស់​យើង​”​។​

​វា​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​ធ្វើ​ការគំរាមកំហែង​បែបនេះ​។ នៅ​ពេល​ចាប់ផ្តើម “​ប្រតិបត្តិការ​យោធា​ពិសេស​” របស់​គាត់​នៅក្នុង​ខែ​កុម្ភៈ គាត់​បាន​ព្រមាន​អំពី​”​ផលវិបាក​​ដែល​អ្នក​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​ប្រវត្តិសាស្ត្រ​” ចំពោះ​អ្នក​ដែល “​ជ្រៀតជ្រែក​” ក្នុង​សង្គ្រាម​។​

​ប៉ុន្តែ​លើក​នេះ ការគំរាមកំហែង​បាន​កើតឡើង​នៅពេលដែល​គាត់​ព្យាយាម​យក​ទឹកដី​ដណ្តើម​បាន​របស់​អ៊ុយ​ក្រែន​មក​ដាក់​បញ្ចូល​ទៅក្នុង​រុស្ស៊ី​។ ការណ៍​នោះ​នឹង​អនុញ្ញាត​ឱ្យមាន​ការប្រើ​អាវុធ​នុយក្លេអ៊ែរ ​នេះ​បើ​យោង​តាម​គោល​លទ្ធិ​នៃ​សម័យ​សូ​វៀត​របស់​ប្រទេស​។​

​ដូច្នេះ​ក្នុង​ព្រឹត្តិការណ៍​ដែល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ពិតជា​សម្រេចចិត្ត​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មែន តើ​លោក​មាន​ជម្រើស​អាវុធ​អ្វីខ្លះ​? ហើយ​តើ​ពួក​វា​អាច​ប្រើ​ដោយ​របៀប​ណា​ដើម្បី​វាយ​សត្រូវ​របស់គាត់​? តោះ​នាំគ្នា​ទៅ​មើល​ឃ្លាំង​អាវុធ​របស់​គាត់​ដូចខាងក្រោម ៖

១. ក្បាល​គ្រាប់ ៖ រុស្ស៊ី​អះអាងថា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ៥.៩៧៧ គ្រាប់ ប្រសិនបើ​ជា​ការពិត នោះ​នឹង​ក្លាយ​ជា​ក្បាល​គ្រាប់​ច្រើន​បំផុត​លើ​ពិភពលោក​។
– មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ៖ រុស្ស៊ី​មាន​អាវុធ​បែប​នេះ​ទាំង​រយៈ​ចម្ងាយ​ឆ្ងាយ​និង​មធ្យម ហើយ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែ​របាញ់​ដល់​គ្រប់​ទីកន្លែង​លើ​ពិភពលោក​។​
– កាំជ្រួច​នុយក្លេអ៊ែរ Sarmat ៖ វា​ជា​អាវុធ​នុយក្លេអ៊ែរ​ធំ​បំផុត​និង​ទំនើប​បំផុត​របស់​រុស្ស៊ី រចនា​ឡើង​ដើម្បី​ជំនួស​កាំជ្រួច​នុយក្លេអ៊ែ​រ R-36 សម័យ​សូ​វៀត​។ វា​អាច​បាញ់​បាន​ចម្ងាយ ១៧.៧០២ គីឡូម៉ែត្រ​។
– មី​ស៊ី​ល​ផ្លោង Yars ៖ វា​ជា​មី​ស៊ី​ល​ផ្លោង​ទំនើប​បំផុត​របស់​រុស្ស៊ី និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​៤ និង​បាញ់​បាន​ចម្ងាយ ១២.០៧០ គីឡូម៉ែត្រ​។​

២. មី​ស៊ី​ល​ចម្ងាយ​ខ្លី​និង​មធ្យម ៖ រុស្ស៊ី​មាន​មី​ស៊ី​ល​យុទ្ធសាស្ត្រ​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កម្រិត​ខ្សោយ​បាញ់​នៅ​ជិតៗ​បាន​។ វា​មិន​សម្រាប់​កម្ទេច​ទីក្រុង​ឬ​ប្រទេស​ទាំងមូលៗ​នោះទេ ប៉ុន្តែ​សម្រាប់​កម្ទេច​មូលដ្ឋានទ័ព​ឬ​សម្លាប់​ទាហាន​ក្នុង​ចំនួន​ដ៏​ច្រើន​ដើម្បី​យកឈ្នះ​លើ​សមរភូមិ​។​
– រ៉ុក្កែត​ចល័ត Iskander ៖ វា​ជា​អាវុធ​ធម្មតា​មិន​កាច​សាហាវ​ទេ ហើយ​រុស្ស៊ី​បាន​ប្រើ​វា​រាប់រយ​គ្រឿង​នៅ​អ៊ុយ​ក្រែន​រួចទៅហើយ​។
– មី​ស៊ី​ល​នាំ​ផ្លូវ Kalibr ៖ វា​ជា​មី​ស៊ី​លបាញ់​ចេញពី​នាវា​មុជទឹក ដែល​ធ្លាប់​ប្រើ​លើ​អ៊ុយ​ក្រែន​ផងដែរ​។​
– មី​ស៊ី​ល​លឿន​ជាង​សំឡេង Kinzhal ៖ វា​ជា​មី​ស៊ី​ល​ខុសប្លែក​ពី​មី​ស៊ី​ល​ដទៃ ព្រោះ​ដើម្បី​បាញ់​វា​បាន​គឺ​ត្រូវ​ប្រើ​យន្តហោះ​ចម្បាំង​ដើម្បី​បាញ់​ចេញ​។

៣. នាវាមុជទឹក​បំពាក់​មី​ស៊ី​ល​ផ្លោង ៖ នាវា​របស់​រុស្ស៊ី​មាន​សមត្ថភាព​បាញ់​ទាំង​មី​ស៊ី​ល​ផ្លោង​និង​អាវុធ​នុយក្លេអ៊ែរ​។​
– ដ្រូ​ន​ក្រោម​ទឹក Poseidon ៖ វា​ជា​ប្រភេទ​អាវុធ​ថ្មី ដែល​គេ​ជឿ​ថា​មាន​តែ​រុស្ស៊ី​ទេ​ទើប​មាន​វា​។ វា​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​ច្រមុះ​របស់​វា និង​អាច​សម្ងំ​ក្រោម​ទឹក​បាន​យូរ​ដោយ​គ្មាន​ពេល​កំណត់​។
– នាវា​មុជទឹក Borei-class ៖ វា​អាច​បំពាក់​មី​ស៊ី​ល Bulava បាន ១៦ គ្រាប់ និង ក្បាល​គ្រាប់​នុយក្លេអ៊ែរ​កម្លាំង​១៥​គីឡូត្រោន​ចំនួន ១០ គ្រាប់​។

៤. យន្តហោះ​ទម្លាក់​គ្រាប់បែក ៖ កាលពីមុន​វា​ជា​យន្តហោះ​គ្រោះថ្នាក់​បំផុត ប៉ុន្តែ​ឥឡូវ​វា​លែង​ជា​ការគំរាមកំហែង​ដូច​ជំនាន់​សង្គ្រាមលោក​លើក​ទី​ពីរ​ទៀតហើយ តែ​ទោះ​យ៉ាងណា អាម៉េរិក​និង​រុស្ស៊ី​នៅតែមាន​យន្តហោះ​បែបនេះ​នៅក្នុង​ឃ្លាំង​។

– យន្តហោះ Tu-160 ៖ វា​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធំ​បំផុត​និង​ហោះ​បាន​ឆ្ងាយ​បំផុត​របស់​រុស្ស៊ី អាច​បំពាក់​ទាំង​គ្រាប់​ធម្មតា​និង​គ្រាប់បែក​នុយក្លេអ៊ែរ​។ វា​អាច​បំពាក់​កាំជ្រួច​នុយក្លេអ៊ែរ​នាំ​ផ្លូវ Kh-55 ចំនួន ៦ គ្រាប់ ឬ កាំជ្រួច​នុយក្លេអ៊ែរ Kh-15 ចំនួន ១២ គ្រាប់ ហើយ​អាច​ហោះ​បាន​ចម្ងាយ ១២.២៣១ គីឡូម៉ែត្រ​។​
– យន្តហោះ Tu-95 ៖ វា​ជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធំ​បំផុត​សម័យ​សូ​វៀត ដែល​នៅតែ​បន្ត​ប្រើ​រហូតមក​ទល់​បច្ចុប្បន្ន​។ វា​អាច​ហោះ​បាន​ចម្ងាយ ៨.០៤៦ គីឡូម៉ែត្រ​។

៥. កាំភ្លើង​ធំ ៖ រុស្ស៊ី​មាន​ទាំង​កាំភ្លើង​ធំ​ធម្មតា និង​កាំភ្លើង​ធំ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ខ្នាតតូច ពោលគឺ​ស្រដៀង​កាំភ្លើង​ធំ​បាញ់​នុយក្លេអ៊ែរ Mk-54 SADM និង Davy Crockett របស់​អាម៉េរិក​ដែរ​។
– កាំភ្លើង​ធំ 2S7 Pion ៖ នេះ​ជា​កាំភ្លើង​ធំ​បាញ់​គ្រាប់​ធម្មតា អាច​បាញ់​បាន​ចម្ងាយ ៣៧ គីឡូម៉ែត្រ ហើយ​វា​ក៏​អាច​បាញ់​កូនគ្រាប់​នុយក្លេអ៊ែរ​កម្លាំង​១​គីឡូតោន​ផងដែរ​។ វា​ជា​នុយក្លេអ៊ែរ​ខ្សោយ​ណាស់ អាច​បំផ្លាញ​ត្រឹម​បន្ទាយ​មួយ​តែ​ប៉ុណ្ណោះ​៕