ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ សមាជិក​មូលនិធិ​ស៊ីក្លូ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៣០០ នាក់ ទទួលបាន​ថវិកា និង​សម្ភារៈ ដែលជា​អំណោយ​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុន សែន ប្រធានកិត្តិយស​មូលនិធិ​ត្រីចក្រយាន​កម្ពុជា (​ស៊ីក្លូ​) និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ។​

​ថវិកា​និង​សម្ភារៈ​ទាំងនេះ ត្រូវបាន​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​ត្រីចក្រយាន​កម្ពុជា តំណាង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ ត្រីចក្រយាន​កម្ពុជា ប្រគល់ជូន​សមាជិក​មូ​ល​និ​ធិ​ស៊ីក្លូ នា​ព្រឹក​ថ្ងៃទី​២២ កញ្ញា នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​លោក ម៉េ​ត មាស​ភក្តី បាន​មានប្រសាសន៍​ឱ្យដឹងថាៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តែង​ក្រើនរំលឹក​ឱ្យ​លោក ឃួ​ង ស្រេង យកចិត្តទុកដាក់ និង​មើលថែ ពី​សុខទុក្ខ​បងប្អូន សមាជិក​អ្នកធាក់ស៊ីក្លូ ក្នុង​រាជធានី​ភ្នំពេញ ជាក់ស្តែង នៅពេលនេះ ពួកគាត់​ទាំង ៣០០ នាក់ បានទទួល​ថវិកា និង​សម្ភារៈ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ បន្ថែម​ពីលើ​ការ​ឧបត្ថម​ប្រចាំខែ ជូន​ពួកគាត់ ដែល​អំណោយ​ទាំងនេះ ក្នុង​ម្នាក់ៗ ទទួលបាន ៥ ម៉ឺន​រៀល (​តាម​វី​ង​) មី​២​កេស ទឹកបរិសុទ្ធ ២​កេស និង​ទឹកត្រី ១​យួរ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ចំពោះ​បងប្អូន ជា​សមាជិក​មូលនិធិ​ស៊ីក្លូ ពោលគឺ​ឱ្យតែ​មាន​ពិធីបុណ្យ​ជាតិ​ធំៗ ម្តងៗ សម្តេច​តែង​ផ្តល់ អំណោយ​ជូន​ពួកគាត់​ជានិច្ច​។ ក្រៅពីនេះ បងប្អូន​អ្នកធាក់ស៊ីក្លូ​ទាំង ៣០០ នាក់ ក៏​ទទួលបាន​ប្រាក់ខែ ជា​រៀងរាល់ខែ ចំនួន ២១ ម៉ឺន​រៀល​ផងដែរ ដោយ​ក្នុង​១​ខែ ពួកគាត់​អាច​បើក​បាន ៣ ដង ក្នុង ១​ដង ៧ ម៉ឺន​រៀល ជាមួយនឹង​ផ្តល់​ជូនប​ណ្ណ័ ប​.​ស​.​ស​. ដើម្បី​ឲ្យ​បងប្អូន​ទៅ​ព្យាបាល​ជំងឺ ដោយ​មិន​អស់ប្រាក់ ហើយ​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ សម្តេច​មិន​ត្រឹមតែ​ផ្តល់​វ៉ាក់សាំង ជូន​ពួកគាត់​ទេ នូវ​បានផ្តល់​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែ​ល​ជូន​ពួកគាត់​ថែមទៀត​។​

​គួរបញ្ជាក់​ផងដែរ​ថា មូលនិធិ​នេះ ត្រូវបាន​បង្កើតឡើង តាំងពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៨ គឺមាន​រយៈពេល ៤ ឆ្នាំ ហើយ​ក្រោម​ការផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុនសែន សំដៅ​អភិរក្ស​ស៊ីក្លូ ដែលមាន​ដើមកំណើត តាំងពី​សម័យ អាណានិគមនិយម​បារាំង​៕/V​