​ដោយៈ សុផល / ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​រក្សា​ការ​ព្យាករ​កំណើន សេដ្ឋកិច្ច​របស់ខ្លួន សម្រាប់​ប្រទេស​កម្ពុជា នៅ​កម្រិត ៥,៣% ក្នុង​ឆ្នាំ​២០២២ ប៉ុន្តែ បាន​បន្ទាប​ការ​ព្យាករ​ឆ្នាំ​២០២៣ ពី ៦,៥% មក​នៅត្រឹម ៦,២% ដោយសារ​ការចុះ​ខ្សោយ នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក ។​

​យោងតាម​ការធ្វើ​បច្ចុប្បន្នភាព នៃ​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី ឆ្នាំ​២០២២ (ADO 2022 Update) ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែកញ្ញា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ ទំនិញ​ធ្វើដំណើរ និង​ស្បែកជើង​របស់​កម្ពុជា នៅតែ​រឹងមាំ ជាមួយ​កំណើន ៣៩,៨% ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន បើទោះបី​ជាមាន ការថយចុះ​នៃ​កំណើនសេដ្ឋកិច្ច សហរដ្ឋអាមេរិក និង អឺរ៉ុប ក៏ដោយ​។ វិស័យ​កម្មន្តសាល មិនមែន​កាត់ដេរ បាន​បន្ត​សន្ទុះ​កំណើន​ដ៏​រឹងមាំ​។ វិស័យ​សំណង់ បាន​ងើប​ឡើងវិញ​ជា បណ្តើរៗ ជាមួយ​ការ​នាំចូល​សម្ភារ​សំណង់​កើនឡើង ២២,៨%​។ វិស័យ​ឧស្សាហកម្ម ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង ៩,១% នៅ​ឆ្នាំនេះ មុនពេល​ថយ​មក​ត្រឹម ៨,៦% នៅ​ឆ្នាំ​២០២៣ ដោយសារ​ការចុះ​ខ្សោយ​នៃ​តម្រូវការ​ក្រៅ​ស្រុក​។​

​នាយិកា ADB ប្រចាំ​កម្ពុជា លោកស្រី Jyotsana Varma បាន​មានប្រសាសន៍ថាៈ «​ការកើនឡើង នៃ​ការនាំចេញ​ផលិតផល​កម្មន្តសាលរ​បស់​កម្ពុជា និង​ការ​ងើបឡើង​វិញ បន្តិច​ម្តងៗ ក្នុង​វិស័យ​សំណង់ និង​សេវាកម្ម បាន​ជួយ​ដល់​កំណើនសេដ្ឋកិច្ច នៅ​ឆ្នាំ​២០២២ ទោះបីជា​មានការ​ថយចុះ នៃ​កំណើន​វិស័យ​កសិកម្ម ដែល​បណ្តាលមកពី​ការកើនឡើង នៃ ថ្លៃ​ប្រេងឥន្ធនៈ និង ជី និង ភ្លៀង​ធ្លាក់​ខ្លាំង ក៏ដោយ​។ អន្តរាគមន៍​សេដ្ឋកិច្ចសង្គម​របស់ រាជរដ្ឋាភិបាល ដូចជា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ បាននិងកំពុង​មាន​ប្រសិទ្ធភាព ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ការកើនឡើង​ថ្លៃទំនិញ​លើ ពិភពលោក សម្រាប់​ពលរដ្ឋ​ក្រីក្រ​។​»

​របាយការណ៍​ខាងលើ បាន​ដំឡើង​ការ​ព្យាករ​អតិផរណា ឆ្នាំ​២០២២ របស់​កម្ពុជា ទៅ ៥,០% ពី​ការ​ព្យាករ ៤,៧% ក្នុង​ខែមេសា ដោយសារ​ឥទ្ធិពល​រាលដាល នៃ​ការកើនឡើង​តម្លៃ ប្រេងឥន្ធនៈ ដែល​បណ្តាលមកពី​ការឈ្លានពាន​របស់​រុស្ស៊ី លើ​អ៊ុយ​ក្រែ​ន​។ ការ​ព្យាករ​អតិផរណា សម្រាប់​ឆ្នាំ​២០២៣ ត្រូវបាន​រក្សាទុក នៅ ២,២% ។​

​ហានិភ័យ​សម្រាប់​ទស្សន​វិស័យនេះ រួមមាន កា​រល​ចឡើង​នៃ​មេរោគ​កូ​វីដ ១៩ ប្រភេទ​ថ្មី និង ជំងឺ​អុត​ស្វា កំណើន​ឆាប់រហ័ស​នៃ​កម្ចី មិន​ដំណើរការ កំណើនសេដ្ឋកិច្ច នៃ​ដៃគូ​ពាណិជ្ជកម្ម សំខាន់ៗ មាន​ភាព​កាន់តែ​ទន់ខ្សោយ ការរំខាន​នានា​ដល់​ខ្សែសង្វាក់​ផ្គត់ផ្គង់​ជាស​កល និង ការកើនឡើង​នៃ​ថ្លៃ​ឋា​ម​ពល និង​ទំនិញ​នានា ដែល​អាច​អាក្រក់​ជាង​ការរំពឹងទុក​។​

​ការគាំទ្រ​របស់ ADB ដល់​កម្ពុជា គឺ​ស្របទៅនឹង​អាទិភាព​កំណើន​របស់​រាជរដ្ឋាភិបាល​។ បច្ចុប្បន្ន ADB កំពុង​អនុវត្ត​គម្រោង​វិនិយោគ ដែលមាន​ទឹកប្រាក់ ២,៤៣ ពាន់ លាន​ដុល្លារ នៅ កម្ពុជា​។ នៅ​ឆ្នាំ​២០២១ ADB បាន​សន្យា​ផ្តល់​ប្រាក់កម្ចី និង​ជំនួយ​សម្រាប់​ស្ថាប័នរដ្ឋ ចំនួន ៣២៧,១ លាន​ដុល្លារ ហើយ​បាន​កៀគរ​បន្ថែម ៥ លាន​ដុល្លារ តាមរយៈ​សហ​ហិរញ្ញប្បទាន សម្រាប់​កម្ពុជា​។ ប្រាក់កម្ចី​ត្រៀម​របស់ ADB សម្រាប់​កម្ពុជា ឆ្នាំ ២០២២-២០២៥ រួមមាន ការផ្តល់​កម្ចីសម្បទាន ចំនួន​១,១៧ ពាន់​លាន​ដុល្លារ និង​ជំនួយ​ចំនួន ៤៣,៩ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស និង ការស្តារ​ឡើងវិញ​ពី ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញា​ថា​នឹង​សម្រេច​ឱ្យបាន​នូវ វិបុលភាព បរិ​យា​ប័ន្ន ភាព​ធន់ និង​និរន្តរភាព ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ស្រប​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ដើម្បី​លុបបំបាត់​ភាពក្រីក្រ​ខ្លាំង​។ បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៦ ធនាគារ​នេះ ត្រូវបាន​គ្រប់គ្រង ដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែល​ក្នុងនោះ​មាន ៤៩ ប្រទេស មកពី​តំបន់ ខាងលើនេះ​៕ V / N