​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អតីត​មេបញ្ជាការ​កងទ័ព​អាម៉េរិក​ប្រចាំ​ទ្វីប​អឺរ៉ុប​បាន​ព្រមាន​ថា អាម៉េរិក​នឹង​សងសឹក​ជាមួយនឹង “​ការវាយប្រហារ​ដ៏​បំផ្លិចបំផ្លាញ​” ប្រឆាំង​នឹង​យោធា​រុស្ស៊ី ប្រសិន​បើ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នៅ​អ៊ុ​យក្រែន​។​

​ឧត្តមសេនីយ៍ឯកចូ​ល​និវត្តន៍ លោក បិ​ន ហុដ​ជេស (Ben Hodges) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២១​កញ្ញា​ថា រាល់​ការឆ្លើយតប​ណាមួយ​របស់​អាម៉េរិក “​ប្រហែល​មិនមែន​ជា​អាវុធ​នុយក្លេអ៊ែរ​ទេ​”​ប៉ុន្តែ​​បាន​ព្រមាន​ថា ប្រសិនបើ​លោកពូ​ទីន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុ​យក្រែន នោះ​សហរដ្ឋ​អាម៉េរិក​អាច​ស្វះស្វែង “​បំផ្លាញ​កង​នាវាចរ​សមុទ្រ​ខ្មៅ ឬ​បំផ្លាញ​មូលដ្ឋាន​រុស្ស៊ី​នៅគ្រីមេ​”​។​

​ការអត្ថាធិប្បាយ​របស់​គាត់​បាន​កើត​ឡើង​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​បាន​បង្ក​ការភ្ញាក់ផ្អើល​ជុំវិញ​ពិភពលោក ខណៈ​ដែល​គាត់​បានប្រកាស “​ការ​កេណ្ឌ​ទ័ព​ដោយ​ផ្នែក​” នៃ​កងកម្លាំង​យោធា​បម្រុងរ​បស់​គាត់​ដើម្បី​បន្ត​ការ​លុកលុយ​នៅ​អ៊ុ​យក្រែន​។​

​ហើយ​នៅក្នុង​ការព្រមាន​ដ៏​ញាក់សាច់​មួយ​សំដៅ​ទៅ​កាន់​មេដឹកនាំ​លោក​ខាងលិច​និង​ណា​តូ លោកពូ​ទីន​បាន​ទទូចថា​លោក​នឹង​ប្រើ “​គ្រប់​មធ្យោបាយ​” ចាំបាច់ ដើម្បី​ការពារ​ទឹកដី​ដែល​រឹបអូស​បាន ឬ គ្រោង​នឹង​ដាក់​បញ្ចូលមក​ក្នុង​ទឹកដី​រុស្ស៊ី មុន​ពេល​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​បាន​បន្ថែម​នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ទៅកាន់​ប្រជាជន​រុស្ស៊ី​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា “​ប្រសិនបើ​មាន​ការគំរាមកំហែង​ដល់​បូរណភាព​ទឹកដី​នៃ​ប្រទេស​របស់​យើង​ហើយ​ក្នុង​ការការពា​រប្រ​​ជា​ជន​របស់​យើង យើង​ពិតជា​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​អាវុធ​ដែល​យើង​មាន ហើយ​ខ្ញុំ​មិន​និយាយ​សម្លុត​ទេ​”​។​

​លោក​ឧត្តមសេនីយ៍ហុដ​ជេ​ស ដែល​បាន​បញ្ជាការ​កងទ័ព​អាម៉េរិក​នៅ​អឺរ៉ុប​ចន្លោះ​ឆ្នាំ ២០១៤ និង ២០១៨ បាន​សង្កត់ធ្ងន់ថា “​លទ្ធភាព​”​របស់​លោក​ពូ​ទីន​ដែល​បញ្ជា​ឱ្យមាន​ការវាយប្រហារ​នុយក្លេអ៊ែ​រលើ​​អ៊ុយ​ក្រែន​គឺ “​មិន​ទំនង​កើតឡើង​ទាល់តែសោះ​”​។​

​ប៉ុន្តែ​លោក​បាន​និយាយថា ការប្រើប្រាស់​អាវុធ​យុទ្ធសាស្ដ្រ​ដែល​បំផ្លិចបំផ្លាញ​ទ្រង់ទ្រាយ​ធំ​ណាមួយ​នឹង​ត្រូវ​បាន​ឆ្លើយតប​ជាមួយ​នឹង​ប្រតិកម្ម​រហ័ស និង​ធ្ងន់ធ្ងរ​ពី​ប្រធានាធិបតី ចូ បៃ​ដិន​៕

ឧត្តមសេនីយ៍ឯកចូ​ល​និវត្តន៍ លោក បិ​ន ហុដ​ជេស ព្រមាន​ថា អាម៉េរិក​នឹង​សងសឹក​ជាមួយនឹង “​ការវាយប្រហារ​ដ៏​បំផ្លិចបំផ្លាញ​” ប្រឆាំង​នឹង​យោធា​រុស្ស៊ី ប្រសិន​បើ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នៅ​អ៊ុ​យក្រែន